ពលរដ្ឋខណ្ឌជ្រោយចង្វារលើកបដាប្រឆាំងនឹងការសង់ទ្រូងផ្លូវបិទច្រកចូលភូមិ
Posted On : April, 6, 2015 | By សំឡេងទីក្រុង
ដោយ សេក បណ្ឌិត, 2015-04-06, ប្រភព៖ RFA
ពលរដ្ឋប្រមាណ៥០នាក់ មកពីសង្កាត់៣ក្នុងខណ្ឌជ្រោយចង្វារ នាំគ្នាលើកបដាតវ៉ានឹងការសាងសង់ទ្រូងផ្លូវបិទច្រកចូល ទៅកាន់ភូមិឋានរបស់ពួកគាត់ នៅព្រឹកថ្ងៃទី៦ មេសា។
ការទាមទាររបស់ពលរដ្ឋ បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច អន្តរាគមន៍បើកទ្រូងផ្លូវ ត្រង់ចំណុចផ្លូវទំនប់ខ្មែរលើ តាមបណ្ដោយផ្លូវជាតិ៦អា ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប បន្ទាប់ពីពលរដ្ឋត្អូញត្អែរ ពីការលំបាកធ្វើដំណើរចូលភូមិឋាន ដែលតម្រូវឲ្យជិះវាងដីប្រមាណ១គីឡូម៉ែត្រ។
ពលរដ្ឋបានអះអាងថា ពួកគាត់បានដាក់ស្នើទៅអាជ្ញាធរជ្រោយចង្វារហើយ ដោយរង់ចាំដំណោះស្រាយ នៅរសៀលថ្ងៃនេះ។ ពលរដ្ឋបន្តថា ពួកគាត់នឹងតវ៉ាជាថ្មី បើគ្មានដំណោះស្រាយ។
ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋបញ្ជាក់ថា ត្រង់ចំណុចមុខក្រុមហ៊ុនមួយចំនួន ទ្រូងផ្លូវបើកឲ្យចូលធម្មតា ដោយឡែកផ្លូវចូលទៅកាន់ភូមិឋានពលរដ្ឋរហូតដល់៣សង្កាត់ គឺសង្កាត់ព្រែកតាសែក សង្កាត់ព្រែកលៀប និងសង្កាត់ជ្រោយចង្វារ បែរជាបិទផ្លូវទៅវិញ។