ពលរដ្ឋ​ខណ្ឌដង្កោកំពុង​រស់នៅក្រោមតង់ ​ព្រួយបារម្ភពី​សុវត្ថិភាពបន្ទាប់ពីអាជ្ញាធរ​ចុះរុះរើផ្ទះពួកគេ​​
Posted On : January, 21, 2015 | By សំឡេងទីក្រុង

ដោយ៖​ ណាត សុភាព​ | ថ្ងៃពុធ ទី21 មករា 2015, VOD

ប្រជាពលរដ្ឋរស់នៅខណ្ឌដង្កោ​​១៩គ្រួសារ​កំពុងរស់ក្រោមតង់​ នៅថ្ងៃពុធនេះបង្ហាញការ​ព្រួយបារម្ភពី​សុវត្ថិភាព បន្ទាប់ពី​អាជ្ញា​ធរ​​ខណ្ឌ​បាន​ចុះ​រុះ​រើ​ផ្ទះ​របស់ពួក​គេ​កាលពីដើមខែមក​រា ឆ្នាំ​២០១៥ ។

កាលពីថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ២០១៥ អភិបាលរង​ខណ្ឌ​ដង្កោ លោក ​ប្រាជ្ញ សីហា បាន​ដឹកនាំ​កម្លាំងចម្រុះ​ប្រមាណជាង១០០នាក់ ប្រដាប់​ដោយ​អាវុធ ដំបង និង​គ្រឿងចក្រកម្ទេច​​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅតំបន់​នោះ​ ព្រមទំាង​​បំផ្លាញ​សម្ភារប្រើប្រាស់ ដោយ​មិន​បាន​ជូនដំណឹង​ជាមុន និង​មិន​បាន​បង្ហាញ​ពី​លិខិត​រុះរើ ដោយ​ចោទ​ពួក​គាត់​ថាសង់សំណង់អាណាធិបតេយ្យ​នៅ​លើ​ដីរបស់​រដ្ឋ ។

តំណាង​ប្រជាពលរដ្ឋលោក ​តឺ សាមាស រស់​នៅភូមិខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្លែង​ក្នុង​សន្និសីទកាសែត​នៅ​ក្បែរតង់តំបន់​រុះរើផ្ទះ​ នាព្រឹកថ្ងៃពុធទី២១ ខែមករានេះថា ពួកគេ​ព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង​ ដោយ​សារ​អាជ្ញាធរ​បាន​ដាក់​កម្លាំង​សមត្ថកិច្ចប្រមាណ​២ទៅ៤នាក់ ឈរយាមនៅក្បែរផ្លូវ​​ចេញចូល​នៅតំបន់នោះ​​ជារៀង​រាល់​ថ្ងៃ«ព្រួយ​បារម្ភ​ខ្លាំងណាស់​បង ក្មេងៗ មនុស្ស​ចាស់​ព្រួយបារម្ភពួក​គាត់​ខ្លាំង​ជាទី​បំផុត​ ដូច​ថា​រស់​នៅ​ក្រោម​ដើម​ឈើ​អ៊ីចឹង​វា​មិន​ស្រួ​លទេ​បង ហើយ​ក្មេងៗ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់មាន​ជំងឺ ទី២ ការងារ​ពួក​ខ្ញុំ​រក​ស៊ី​ក្នុង​ការ​ភ័យ​ខ្លាច​ដែល​មាន​កម្លាំង(សមត្ថកិច្ច)​នៅ​យាម​ ចេញ​អត់​បាន ចេញ​បាន​ឆ្លាស​គ្នា​បាន​ ហើយ​គេ​នៅ​យាម​រៀង​រាល់​ថ្ងៃ​ ។ មាន​ការភ័យ​ខ្លាច​ដោយមាន​គេ​គំរាម​បើ​ហ៊ាន​តែ​ចេញ គេ​ព័ទ្ធ​របង​លួស ហើយ​នឹង​មាន​ការធ្វើ​បាប​ពួក​ខ្ញុំជាបន្ត​បន្ទាប់​» ។

ថ្លែង​ទំាង​ទឹក​ភ្នែកហូរកាត់​លើថ្ពាល់ទំាង​គូ ​​អ្នក​ស្រី ទិល សារ៉ន ស្នើទៅ​រដ្ឋាភិបាល​និង​អង្គការជាតិ និង​អន្តរជាតិ​ជួយ​សាងសង់ផ្ទះឲ្យ​ពួកគេ​រស់នៅ​កន្លែង​ដើម​វិញ ខណៈពួកគេ​កំពុង​រស់នៅក្រោមតង់ និង​ជួប​បញ្ហា​ប្រឈម​ជា​ «សូម​ឲ្យ​សម្តេច​ ហ៊ុន​ សែន លោក​មើល​មក​ពួក​ខ្ញុំ​ផង ឲ្យ​ឃើញ​ផងទិដ្ឋភាព​ខ្មែរ​របៀបណា បើ​នៅ​តែ​បំពាន​របៀបនេះ ខ្មែរ​ស្លាប់​អស់​ហើយ សូម​ឲ្យ​អង្គ​ការ​សហប្រជាជាតិ អង្គការ​ក្រៅ​ប្រទេស​ក្នុង​ប្រទេស ទូទាំង​ប្រទេស​ជួយ​ខ្ញុំ​ផង​» ។

មន្ត្រីផ្នែកច្បាប់​របស់​​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅឋាន​ លោក ណន អូនី យល់​ថា ការ​ដាក់កម្លំាង​ចុះ​រុះរើផ្ទះរបស់ប្រជាពលរដ្ឋ​ដោយ​មិនបានជូនដំណឹង​ គឺជា​ការរំលោភលើច្បាប់​រដ្ឋធម្មនុញ្ញ។ លោក​ថា រដ្ឋត្រូវទទួល​ខុស​ត្រូវ​សង់ផ្ទះឲ្យពួកគេ​វិញ ជៀសវាងមានបញ្ហាប្រឈមផ្សេងៗទៀត ។ លោក​បញ្ជាក់​ថា «គាត់​បាត់​បង់​នូវ​លំនៅ​ដ្ឋាន​របស់​គាត់​ហើយ អ៊ីចឹង​ត្រូវ​តែអនុញ្ញាត​ឲ្យ​គាត់​ធ្វើ​ការ​សាងសង់​ផ្ទះ​របស់​គាត់​វិញ ហើយ​នៅ​ពេល​ដែល​គាត់ខ្វះ​ខាត​សម្ភារសាងសង់​ រដ្ឋ​ខ្លួន​ឯង​ដែល​ជា​អ្នក​បំផ្លិច​បំផ្លាញ​ ត្រូវ​តែ​ជួ​យ​ផ្តល់​នូវ​សម្ភារ​សាងសង់​ផ្សេងៗ​ និង​គ្រឿង​ប្រើ​ប្រាស់​ផ្សេង​ៗ​ជូន​ប្រជាពលរដ្ឋ ក្រោយ​មក​រដ្ឋ​ខ្លួន​ឯង​នឹង​ពិនិត្យ​មើល​បញ្ហា​ដី​ធ្លី​ហ្នឹង​ឡើងវិញ​ ថា​តើ​គួរ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ពិត​ប្រាកដ​ ដើម្បី​ចៀសវាង​ការ​បណ្តេញ​ចេញ​ពេល​អនាគត​ឬ​អត់​» ។

អ្នក​នាំពាក្យ​សាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យ​ដឹង​ថាមូល​ហេតុ​ដែល​អាជ្ញាធរ​ឈូសឆាយលំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋទំាង​នោះ​ ដោយសារ​ពួកគេ​រស់​នៅលើ​ដីរដ្ឋ ដូចនេះ​ស្ថាប័នរដ្ឋមិន​ទទួល​ខុស​ត្រូវ​សងសំណងដល់ពួកគេនោះ​​ទេ ។ លោក​ថា «អាជ្ញាធរ​ខណ្ឌ​បាន​ចុះ​ទៅ​អនុវត្ត​នេះ គឺ​អនុវត្តនូវ​អ្វី​ដែល​ជា​សេចក្តី​ជូន​ដំណឹង​របស់​ខណ្ឌ មាន​ការ​ឯកភាព​ពី​សាលា​រាជធានីភ្នំពេញ​​ហើយ​ដើម្បី​ឲ្យ​គាត់​ធ្វើ​ការ​រុះ​រើ​ចេញ ដោយ​សារ​គាត់​ជា​សំណង់មិន​រៀប​រយ​ ហើយ​ដែល​រស់​នៅ​លើ​ដី​សាធារណៈរបស់​រដ្ឋ​វា​ជា​អាង​ស្តុប​ទឹក» ។

ប្រជាពលរដ្ឋ​អះអាងថា នៅ​ឆ្នាំ​២០១២ មាន​ឧត្តមសេនីយ៍ទោពា​ក់​ផ្កាយ​ពីរ​ម្នាក់នៅ​ក្រសួង​មហាផ្ទៃ ឈ្មោះ ម៉ៅ សុផាត ធ្លាប់​បាន​អះអាង​ថាដី​នេះ​ជា​កម្មសិទ្ធិ​របស់​គាត់​ ។ លុះដល់ថ្ងៃ​ទី​៥ ខែមករា ម្សិលមិញ អាជ្ញាធរ​ខណ្ឌ​ដង្កោ​បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ទៅ​រុះរើ​ផ្ទះ​ពួក​គាត់​តែ​ម្ដង​ ។

ពលរដ្ឋនៅភូមិខ្វា ខណ្ឌដង្កោ ចំនួន​១៩គ្រួសារ​ឲ្យ​ដឹង​ថា ពួកគេរស់នៅតំបន់​នោះ​ចាប់ពីឆ្នាំ១៩៨៥ លើផ្ទៃដី៩៣១៤ម៉ែត្រការ៉េ  ព្រមទំាង​មានសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ ដែលទទួលស្គាល់ពីអាជ្ញាធរ​មូលដ្ឋាន​ទៀត​ផង ។ តែនៅដើមខែមករា ឆ្នាំ២០១៥នេះ អាជ្ញាធរ​បែរជា​ចោទថា ពួកគេសង់សំណង់​អាណាធិបតេយ្យនៅលើដីរដ្ឋទៅវិញ ៕

Urban Voice Cambodia

Urban Voice Cambodia