ពលរដ្ឋសហគមន៍ដង្ហែញត្តិទៅស្ថានទូតអាមេរិក រដ្ឋសភា និងព្រះបរមរាជ្យវាំង ដើម្បីរកដំណោះស្រាយបញ្ហាដីធ្លី និងទាមទារការដោះលែងសកម្មជនទាំង ១៩នាក់
Posted On : February, 6, 2015 | By សំឡេងទីក្រុង

ដោយ សំឡេងទីក្រុងកម្ពុជា ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៥

ប្រជាពលរដ្ឋ ​មក​ពី​សហគមន៍ចំនួន៥ ក្នុងរាជធានីភ្នំពេញ និងសហគមន៍មកពីស្រុកជាំក្សាន្តខេត្តព្រះវិហារ ប្រមាណ៨០នាក់ បានមក​ជួបជុំគ្នា​នៅ​មុខ​ស្ថានទូតអាមេរិក នាព្រឹកម៉ោង៨ ថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៥ ដើម្បីរៀបចំក្បួនដង្ហែយកញ្ញត្តិដាក់ជូនរដ្ឋសភា និងព្រះបរមរាជ្យវាំង ក្នុងគោលបំណង​អោយ ស្ថាប័ន ទាំង២នេះជួយជំរុញ ពន្លឿនក្នុងការដោះស្រាយសំណងលើបញ្ហាទំនាស់ដីធ្លី ព្រមទាំងទាមទារ រកភាពយុត្តិធម៌ ការដោះលែងសកម្មជនដីធ្លី និងសកម្មជន នយោបាយទាំង១៩នាក់ ដែលជាប់ក្នុង ពន្ធធនាគារ ផងដែរ ។

ប្រជាពលរដ្ឋមកពីសហគមន៍ទាំង៥ ក្នុងរាជធានីភ្នំពេញ និងមកពីខេត្តព្រះវិហារ រួមមាន សហគមន៍បឹងកក់ សមាគមន៌ស្ត្រីបឹងកក់ សហគមន៍បណ្តាញអតីតស្ត្រីបឹងកក់ សហគមន៍បូរីកីឡា (៣ មករា) សហគមន៍ SOS ព្រលានយន្តហោះ និងសហគមន៍មកពីស្រុកជាំក្សាន្តខេត្តព្រះវិហារ បានដើរក្បួនដង្ហែ ចេញ ពី ស្ថានទូតអាមេរិក ឆ្ពោះ ទៅកាន់រដ្ឋសភានាព្រឹកនេះ​​ ប៉ុន្តែ ត្រូវកងកម្លាំង​សមត្ថកិច្ច​ប្រដាប់​ដោយ​ខែល ​និងដំបងឆក់​ ក្នុងនោះមានប៉ូលិសប្រមាណ ២០នាក់ និងសន្តិសុខ ប្រមាណ ៣០នាក់ រារាំងមិនអនុញាតិ ឃាត់ឃាំងយ៉ាងតឹងរឹងមិនអោយដង្ហែក្បួនទៅទៀត ស្ថិតត្រង់ចំនុចផ្លូវស្ថានទូតអាមេរិក បត់ខាងស្តាំដៃ ទៅកាន់ទីលាន រូបសំណាកលោកយាយពេញ ។

អ្នកស្រី យ៉ោម បុប្ផា ប្រជាពលរដ្ឋរងគ្រោះដីធ្លី បានប្រាប់ថា “ យើងខ្ញុំទាំងអស់មកជួបជុំគ្នា ដង្ហែញត្តិ ដាក់រដ្ឋសភា និងព្រះមហាក្សត្រនេះ ដើម្បីអោយស្ថានប័នទាំង២នេះ​ ជួយដោះស្រាយ បញ្ហាដីធ្លី របស់យើងខ្ញុំ និងពិសេសទាមទារការអន្តរាគមន៍ពីស្ថាប័នទាំងពីក្នុងការទាមទាររកយុត្តិធម៌ និងដោះលែង សកម្មជនទាំង១៩នាក់ ដែលកំពុងជាប់ក្នុងពន្ធធនាគារដោយគ្មានកំហុស និងភាព អយុត្តិធម៌បំផុត ប៉ុន្តែត្រូវអាជ្ញាធរ ឃាត់រារាំងមិនអោយធ្វើដំណើរ ដោយថ្មើរ ជើងអស់រយៈពេលប្រមាណ ១៥នាទី យើងខ្ញុំគិតថាក្បួនមិនអាចបន្តដំណើរទៅមុខទៀតបាន ព្រោះក្បួនដង្ហែ ដោយថ្មើរ ជើងត្រូវ បានកងកម្លាំង មិនអនុញាតិ ដូច្នេះយើងខ្ញុំក៏ហៅម៉ូតូកង់បី និងបន្តក្បួនដង្ហែដោយម៉ូតូកង់បីដោយប៉ូលិស​ និងក្រុមសន្តិសុខ មិនមានការរារាំងរហូតដល់មុខរដ្ឋសភា” ។

តំណាងរដ្ឋសភាទាំងបួនបានចេញមកទទួលយកញត្តិពីតំណាងសហគមន៍ទាំង៦ បន្ទាប់ ពីបញ្ចប់ ការប្រជុំសភានៅម៉ោង១១ និង២០នាទី រួមមាន៖ លោក ហ៊ូ វ៉ាន់ ប្រធានគណះកម្មការទី១០, លោក អ៊ុំ សំអាន សមាជិកគណះកម្មការទី៦, អ្នកស្រី ឡោក ខេង សមាជិកគណះកម្មការទី១ និង លោក គង់ សភា សមាជិកគណះកម្មការទី១នៃរដ្ឋសភា ។

លោក ហ៊ូ វ៉ាន់ បានប្រាប់ថា “ យើងខ្ញុំដែលជាប្រធាន និងជាសមាជិកគណះកម្មការទី១០ទាំង៤រូប នឹងជំរុញ និងពន្លឿនការដោះស្រាយបញ្ហាដីធ្លីទាំងអស់នេះ ពិសេសក្នុង​ចំណោម​ពលរដ្ឋ​មកពីសហគមន៍បូរីកីឡា និងសហគមន៍បឹងកក់អោយអាជ្ញាធរ​ដាក់​បញ្ចូល​ពលរដ្ឋ​ភូមិ១ ក្រុម​៨ ចូល​ក្នុង​ដី ១២.៤៤​ហិកតា ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បានសន្យា ដោយប្រកាស​ថា ប្រគល់អោយ​ប្រជាពលរដ្ឋ និង​សុំ​អោយ​បោះ​ព្រំប្រទល់​ដី​នោះ​សម្រាប់​ពលរដ្ឋ​ជា​ កម្មសិទ្ធិជាកញ្ចប់ៗមុនសិន ដោយខ្ញុំបានជួប និងពិភាក្សាជាមួយអ្នកស្រី ស៊ុយ ស៊ីផាន និង លោក ប៉ា សុជិតវង្សអំពីបញ្ហា​ដីធ្លីនេះ ហើយអ្នកទាំងពីរថា នឹងដោះស្រាយ ជូន ប្រសិនបើ ប្រជាពលរដ្ឋមានឯកសារគ្រប់គ្រាន់ត្រឹមត្រូវតាមលក្ខ័ណ្ឌ…បន្ទាប់មកយើងនឹងបន្តធ្វើការ ដោះស្រាយ ជូនបងប្អូនរងគ្រោះដីធ្លីពីសហគមន៍ផ្សេងៗទៀត ដែលបានដាក់ញត្តិ មករដ្ឋសភា ដូចបាន រៀបរាប់ខាងលើ” ។

Urban Voice Cambodia

Urban Voice Cambodia