ពលរដ្ឋភូមិព្រៃជីសាក់សង្កាត់ចោមចៅទាមទារសំណងប៉ះពាល់ពីការពង្រីកផ្លូវវ៉េងស្រេង
Posted On : មិថុនា, 2, 2015 | By សំឡេងទីក្រុង

ប្រភព៖ RFA, ដោយ សេក បណ្ឌិត, 2015-06-01

អ្នក​ភូមិ​ព្រៃជីសាក់ ជិត ៤០​គ្រួសារ កំពុង​ប្រឈម​នឹង​បញ្ហា​ពីរ គឺ​ផល​ប៉ះពាល់​ពី​ការ​ធ្វើ​ផ្លូវ​ជុំវិញ​អាកាសយានដ្ឋាន​អន្តជាតិ​ភ្នំពេញ និង​ការ​ពង្រីក​ផ្លូវ​ឯកជន​វ៉េងស្រេង ឬ​ផ្លូវ​ចោមចៅ។ គម្រោង​ទាំង​ពីរ​នេះ ប៉ះពាល់​ដល់​លំនៅឋាន​រស់នៅ​របស់​ពួក​គាត់​យ៉ាង​ធ្ងន់ធ្ងរ។

បញ្ហា​នេះ ធ្វើ​ឲ្យ​ពួក​គាត់​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ព្រោះ​មក​ដល់​ពេល​នេះ ក្រៅ​ពី​អាជ្ញាធរ​បង្ខំ​ឲ្យ​រុះរើ​ផ្ទះ គឺ​ពុំ​មាន​ព័ត៌មាន​ស្ដីពី​គោល​នយោបាយ​ផ្តល់​សំណង​ផល​ប៉ះពាល់​នោះ​យ៉ាង​ណា​នៅ​ឡើយ។

អ្នក​ភូមិ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ និង​សាលា​រាជធានី​ភ្នំពេញ ផ្អាក​សកម្មភាព​ឈូស​ឆាយ និង​បង្ខំ​ឲ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ ដើម្បី​ពង្រីក​ផ្លូវ​វ៉េងស្រេង នៅ​ម្តុំ​រង្វង់​មូល​ចោមចៅ ឬ​ជិត​បញ្ជរ​បង់​ប្រាក់​របស់​ក្រុមហ៊ុន​វ៉េងស្រេង​នោះ​បណ្ដោះអាសន្ន។

ការ​ទាមទារ​ឲ្យ​ផ្អាក​នេះ ដោយសារ​ពួក​គាត់​មិន​ទាន់​បាន​ទទួល​ព័ត៌មាន ស្ដីពី​គោល​នយោបាយ​ផ្តល់​សំណង​ខូចខាត​ផ្ទះ ដែល​ផ្ទះ​ខ្លះ​ខូចខាត​ទាំង​ស្រុង ចំណែក​កន្លែង​ខ្លះ​ទៀត​នៅ​សល់​តិចតួច​មិន​អាច​រស់នៅ ឬ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ដូច​សព្វដង​នោះ​ទេ។

អ្នក​ភូមិ​ម្នាក់​ឈ្មោះ ប្រាក់ ចំណាន ក្នុង​វ័យ​ប្រមាណ ៥០​ឆ្នាំ បាន​ថ្លែង​ទាំង​ក្រៀមក្រំ​ដោយសារ​ផ្ទះ​គាត់​ត្រូវ​ចំ​គម្រោង​រុះរើ​មុន​គេ ហើយ​នឹង​ត្រូវ​ខូចខាត​ទាំង​ស្រុង។ ម្យ៉ាង​ទៀត គាត់​តូច​ចិត្ត​ចំពោះ​អាជ្ញាធរ​ធ្វើ​ការ​បំពេញ​ចិត្ត​តែ​ខាង​ក្រុមហ៊ុន ដែល​ធ្វើ​ផ្លូវ​យក​លុយ​ពី​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ។ ចំណែក​ពលរដ្ឋ​ដែល​ប៉ះពាល់ អត់​ផ្ទះ​នៅ អត់​កន្លែង​រក​ស៊ី អាជ្ញាធរ​អត់​បាន​គិតគូរ​ឲ្យ​ទេ៖ «មក​ដល់​គិត​តែ​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ តើ​ឲ្យ​ពួក​ខ្ញុំ​ទៅ​រស់នៅ​ណា? ម្យ៉ាង​រដ្ឋ​ប្រគល់​អាជ្ញាប័ណ្ណ​ទៅ​ឲ្យ​ក្រុមហ៊ុន​ហើយ ហេតុ​អី​ក្រុមហ៊ុន​គិត​តែ​ពី​ផល​ប្រយោជន៍​ខ្លួន​ឯង មិន​ដោះស្រាយ​ផល​ប្រយោជន៍​ឲ្យ​ពលរដ្ឋ​វិញ ហើយ​មក​ចង់​យក​ដី​ពលរដ្ឋ​ស្រស់ៗ​អ៊ីចឹង សុំ​ឲ្យ​រដ្ឋាភិបាល​មក​ដោះស្រាយ​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន កុំ​យក​ទ្រូង​មក​ពាំង​ឲ្យ​ក្រុមហ៊ុន ហើយ​អត់​មើល​ទុក្ខ​លំបាក​ពលរដ្ឋ​ខ្លួន​ឯង​អត់​កើត​ទេ»។

ចំណែក​ស្ត្រី​អ្នក​ភូមិ​ម្នាក់​ទៀត បាន​រត់​ឆ្លេឆ្លា​រក​ធ្វើ​អ្វី​មិន​នឹង​ដៃ នៅ​ពេល​ឃើញ​ក្រុមហ៊ុន​ដាក់​គ្រឿងចក្រ​ចុះ​មក​ម្តងៗ។ លោកស្រី ស៊ុយ សុខលាង មាន​ប្រសាសន៍​ទាំង​ទុក្ខ​ព្រួយ​ថា ចាប់​តាំង​ពី​ធ្វើ​ផ្លូវ​វ៉េងស្រេង​លើក​ដំបូង​មក រូប​គាត់​បាន​រុះ​ផ្ទះ​ថយ​រហូត​ដោយ​គ្មាន​បាន​ទទួល​សំណង​បន្តិច​ណា​នោះ​ទេ តែ​ឥឡូវ​លើក​នេះ​ទៀត គាត់​គ្មាន​ដី​សម្រាប់​ថយ​ទៀត​ទេ៖ «អត់​ទាន់​ដោះស្រាយ​យ៉ាង​ណា​ផង ស្រាប់​តែ​យក​អាត្រាក់​មក​ឈូស​ឆាយ។ អ៊ីចឹង​ខ្ញុំ​អត់​ចេញ​ដាច់​ខាត​តែ​ម្តង ហើយ​ផ្លូវ​នេះ​យក​លុយ​គេ​រាល់​តែ​ថ្ងៃ ដល់​ពេល​មាន​ផល​ប៉ះពាល់​អត់​សង អាង​អី​យក​អាត្រាក់​មក​រក​ឈូស​យក»។

សាលា​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ប្រកាស​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​តាម​បណ្តោយ​ផ្លូវ​ចោមចៅ ឬ​ផ្លូវ​វ៉េងស្រេង ពី​ការ​ពង្រីក​ផ្លូវ​នេះ​ចាប់​ពី​រង្វង់​មូល​ចោមចៅ រហូត​ដល់​សួនច្បារ​ច្រមុះ​ជ្រូក ផ្លូវ​ជើងឯក មាន​ប្រវែង​ជាង ៦​ពាន់​ម៉ែត្រ ដោយ​កំណត់​ទទឹង ២៨​ម៉ែត្រ ធ្វើ​ចិញ្ចើម​ផ្លូវ​សង​ខាង ៣​ម៉ែត្រ និង​ដាក់​លូ​សង​ខាង​ផ្លូវ​ទៀត។

សេចក្តី​ជូន​ដំណឹង​ដដែល សូម​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ផ្ទះ និង​ម្ចាស់​សំណង់​នានា​ដែល​ប៉ះពាល់​នៅ​សង​ខាង​ផ្លូវ រុះរើ​ក្នុង​រយៈពេល ៧​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៥។ ប្រជាពលរដ្ឋ​បាន​ទទួល​សេចក្តី​ជូន​ដំណឹង​នេះ​ភ្លាម ក៏​បាន​ធ្វើ​សំណើ​ត្រឡប់​ទៅ​វិញ​កាល​ពី​ដើម​ខែ​ឧសភា នេះ ដោយ​សុំ​ឲ្យ​ផ្អាក​ការ​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹង​របស់​អាជ្ញាធរ​នេះ​បណ្ដោះអាសន្ន។

តំណាង​ប្រជាពលរដ្ឋ លោក អ៊ិត តេងសាខន បាន​ឲ្យ​ដឹង​ថា ការ​សុំ​ឲ្យ​ផ្អាក​នេះ​ដោយសារ​សេចក្តី​ជូន​ដំណឹង​របស់​អាជ្ញាធរ​ក្រុង និង​ខណ្ឌ បាន​អនុវត្ត​ផ្ទុយ​ពី​ខ្លឹមសារ ឬ​ស្មារតី​នៃ​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤។ កិច្ច​ប្រជុំ​នោះ បាន​សម្រេច​ថា ការ​ពង្រីក​ផ្លូវ​វ៉េងស្រេង អាច​ធ្វើ​ទៅ​បាន​បន្ទាប់​ពី​ការ​វាស់វែង​ធ្វើ​ព្រំ ឬ​ហៅ​ធ្វើ ឌីអឹមអេស (DMS) កំណត់​ផល​ប៉ះពាល់​ពី​ការ​ពង្រីក​ផ្លូវ​ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ផ្លូវ​វ៉េងស្រេង​រួម​គ្នា​ចប់​សព្វគ្រប់ និង​ការ​គិតគូរ​ដោះស្រាយ​ផល​ប៉ះពាល់​ចប់​សព្វគ្រប់​ជូន​ពលរដ្ឋ ជុំវិញ​តំបន់​នោះ​រួច​រាល់​ជា​មុន​សិន៖ «ព្រោះ​ដី​ចូល​ក្នុង​គម្រោង​ព្រលាន គេ​ថត​ធ្វើ ឌីអឹមអេស នោះ​រួច​អស់​ហើយ ដូច្នេះ​ខាង​ព្រលាន​គួរ​តែ​មក​និយាយ​ជាមួយ​ពលរដ្ឋ​ឲ្យ​ច្បាស់ ដើម្បី​ដោះស្រាយ​គ្នា​សិន»។

ក្រុម​អ្នក​ភូមិ​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ សំណើ​របស់​ពួក​គាត់​ទៅ​សាលា​ខណ្ឌ​ពុំ​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ឡើយ ទាក់ទង​នឹង​ការ​អនុវត្ត​ផ្ទុយ​គ្នា​រវាង​ការ​សម្រេច​រវាង​អន្តរ​ក្រសួង និង​អាជ្ញាធរ​ក្រុង និង​ខណ្ឌ​ពោធិ៍សែនជ័យ នោះ​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ ឧសភា ថា កា​រុះរើ​នេះ គឺ​អនុវត្ត​តែ​ទៅ​លើ​សំយាប​ផ្ទះ ឬ​សំណង​ទាំងឡាយ​ណា​មិន​រៀបរយ ដែល​សង់​រំលោភ​លើ​ចិញ្ចើម​ផ្លូវ។ ចំណែក​ការ​ប៉ះពាល់​លើ​លំនៅឋាន​ពលរដ្ឋ​ស្រប​ច្បាប់​នោះ អាជ្ញាធរ​ក្រុង​នឹង​មាន​គោល​នយោបាយ​ដោះស្រាយ​សំណង​ក្នុង​ដំណាក់​ការ​ណា​មួយ​នៅ​ពេល​ខាង​មុខ។ លោក​ពន្យល់​ទៀត​ថា ចំពោះ​គម្រោង​ពង្រីក​ផ្លូវ​វ៉េងស្រេង និង​គម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តជាតិ​ភ្នំពេញ​នោះ គឺ​មិន​ពាក់ព័ន្ធ​គ្នា​នោះ​ទេ៖ «ហើយ​ពាក់ព័ន្ធ​រឿង​រុះ​ផ្ទះ​នោះ គឺ​ផ្សេង យើង​មិន​មែន​រុះ​នោះ ដើម្បី​បើក​ផ្លូវ​ឲ្យ​អ្នក​វិនិយោគ​ធ្វើ​ផ្លូវ​ឯកជន​រក​ស៊ី​នោះ​ទេ គឺ​ដើម្បី​រៀបចំ​ដី​ចំណី​ផ្លូវ​សាធារណៈ ដើម្បី​ប្រយោជន៍​រួម»។

តែ​ទោះ​យ៉ាង​ណា ប្រធាន​អង្គការ​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ មាន​ប្រសាសន៍​ថា ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ជម្លោះ​កើត​ឡើង អាជ្ញាធរ​គួរ​តែ​មាន​កិច្ច​ពិគ្រោះ​យោបល់​មួយ​ជាមួយ​ប្រជាពលរដ្ឋ​ច្បាស់លាស់ ដោយ​មិន​គ្រាន់​តែ​ចេញ​សេចក្តី​ជូន​ដំណឹង ហើយ​ចាប់​ផ្ដើម​អនុវត្ត​ភ្លាមៗ​នោះ​ឡើយ៖ «ព្រោះ​ជា​ធម្មតា​តាម​ច្បាប់​ភូមិបាល ឬ​ច្បាប់​អស្សាមិករណ៍ កាល​ណា​ត្រូវ​ប្រើប្រាស់​ជា​របស់​សាធារណៈ​យ៉ាង​ណា​ក៏ដោយ រដ្ឋ ឬ​ក្រុមហ៊ុន​នោះ​ត្រូវ​តែ​ផ្តល់​សំណង​ដោយ​ពិភាក្សា​គ្នា ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​អនុវត្ត​នោះ​ប្រកប​ដោយ​សុខដុមរមនា​ជាមួយ​គ្នា»។

អ្នក​ភូមិ​មួយ​ចំនួន​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ មាន​ដូចជា ភូមិ​ព្រៃជីសាក់ ភូមិ​ថ្មគោល ភូមិ​គោកចំបក់ ភូមិ​ត្រពាំងល្វា និង​ភូមិ​តាងួន ជាដើម ពួក​គាត់​កំពុង​រង​ទឹក​ភ្នែក​ដោយ​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​នោះ ពុំ​បាន​ផ្តល់​សំណង​សមរម្យ​គ្មាន​ការ​ព្រមព្រៀង​ពី​ម្ចាស់​ដី ឬ​លំនៅឋាន​នៅ​តំបន់​នោះ​ឡើយ។ ពលរដ្ឋ​បាន​ដើរ​ចេញ​តវ៉ា​គ្រប់​ច្រកល្ហក រក​គ្រប់​មធ្យោបាយ​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​ដែល​មិន​មាន​តម្លាភាព និង​គ្មាន​សមធម៌​បែប​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធផល​ណា​មួយ​ច្បាស់លាស់​នៅ​ឡើយ៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!