ពលរដ្ឋចំនួន ៨ សហគមន៍ ក្នុងសង្កាត់ស្ទឹងមាន​ ជ័យ រួមគ្នាកាយ និងយកសំរាមចេញ ពីក្នុងប្រឡាយ ស្ទឹងមានជ័យ
Posted On : September, 8, 2014 | By សំឡេងទីក្រុង

ដោយ ដើមអំពិល ថ្ងៃទី ៨ កញ្ញា ឆ្នាំ ២០១៤

ភ្នំពេញ : ក្នុងការចូលរួម ប្រឡងប្រណាំងទីក្រុងស្អាត ពិសេសដើម្បីដណ្តើមបានផ្ការំដួល ៣ទង ជូនរាជ ធានីភ្នំពេញ ប្រជាពលរដ្ឋចំនួន ៨សហគមន៍ ប្រមាណជាង៥០០គ្រួសារ បានស្ម័គ្រចិត្ត ចូលរួមជាមួយ អាជ្ញាធរខណ្ឌ សង្កាត់ស្ទឹងមានជ័យ ធ្វើពលកម្មរួមគ្នាកាយ និងយកសំរាមចេញពីក្នុង ប្រឡាយស្ទឹងមាន ជ័យ ស្ថិតនៅក្នុងសហគមន៍របស់ខ្លួន នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤នេះ  ស្របពេលដែលប្រឡាយ ស្ទើរតែបាត់ទ្រង់ទ្រាយប្រឡាយទៅហើយ ដោយសារគំនរសំរាម នៅកកពាសពេញប្រឡាយទាំងមូល ។

លោកសេង សាញ់ចៅសង្កាត់ស្ទឹងមានជ័យបានឲ្យដឹងថា ប្រឡាយស្ទឹងមានជ័យបានតភ្ជាប់ ពីប្រឡាយ ដើមស្លែង ដែលមានប្រវែងប្រមាណ ១៤៩២ម៉ែត្រ ចាប់ពីចំណុចភូមិទ្រា៣ រហូតដល់ចំណុច ប្រឡាយ ស្ទឹងមានជ័យ ក្រោមស្ពានអាកាសស្ទឹងមានជ័យ ។ ប្រឡាយនេះ មានព្រំប្រទល់ជាប់គ្នា រវាងខណ្ឌចំនួន ៣ គឺខណ្ឌមានជ័យ ខណ្ឌសែនសុខ  និងខណ្ឌទួលគោក ។ ប្រឡាយស្ទឹងមានជ័យ ជាប្រឡាយសំខាន់ មួយក្នុងការរំដោះទឹកភ្លៀងក្នុង មូលដ្ឋានសង្កាត់ស្ទឹងមានជ័យ និងសង្កាត់មួយចំនួនទៀត ក្នុងខណ្ឌសែន សុខ និងខណ្ឌទួលគោក ជាពិសេសទៅទៀត គឺ រំដោះទឹកពីតំបន់ពោធិចិនតុងផងដែរ ។ សព្វថ្ងៃ ប្រឡាយមានស្មៅដុះស៊ុបទ្រុប និងសំរាមយ៉ាងច្រើន ហើយនឹងមានលំនៅដ្ឋាន ប្រជាពលរដ្ឋរាប់រយ គ្រួសារ បានរស់ប្របមាត់ប្រឡាយ និងនៅលើប្រឡាយនេះ ដែលជាហេតុនាំឲ្យស្ទះចរន្តទឹកហូរ ។

ក្នុងឱកាសអញ្ជើញចូលរួម ធ្វើពលកម្មជាមួយប្រជាពលរដ្ឋទាំង ៨ សហគមន៍ អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី បានកោតសរសើរដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍ទាំង៨ ដែលមានគំនិតដ៏ប្រពៃ ក្នុងការសំអាតបរិស្ថាននេះ ។

លោកអភិបាលខណ្ឌបានបន្តទៀតថា ពលកម្មនេះ មានប្រយោជន៍សំខាន់ ២ យ៉ាង គឺទី១ ដើម្បីបើកមុខ ទឹកឲ្យហូរកាត់បន្ថយការកកស្ទះ និងការលិចលង់នៅរដូវវស្សា និងទី២ ជាការដាស់តឿនប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើមាត់ប្រឡាយ ចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ កុំចោលសំរាមទៅក្នុងប្រឡាយ ដូចសព្វថ្ងៃនេះទៀត ។

លោក ពេជ្រ កែវមុនី ក៏បានបញ្ជាក់ផងដែរថា ការធ្វើពលកម្មសំអាតប្រឡាយនេះ ក៏ដើម្បីចូលរួមប្រឡង ប្រណាំងទីក្រុងស្អាត ក្នុងពេលដែលខណ្ឌមានជ័យ ក៏ជាបេក្ខភាពនៅក្នុងការប្រឡងប្រណាំងនេះដែរ ។

លោក ពេជ្រ កែវមុនី បានលើកឡើងទៀតថា សកម្មភាពនេះ គឺដើម្បីចូលរួមចំណែកលើកកម្ពស់សោ ភ័ណភាពរាជធានីភ្នំពេញផង និងដោយហេតុថា ខណ្ឌមានជ័យបានដាក់បេក្ខភាព ប្រឡងប្រណាំងទី ក្រុងស្អាតផងដែរ ។

លោក ឡុង ង៉ែត នាយករដ្ឋបាល សាលាខណ្ឌមានជ័យ បានឲ្យដឹងផងដែរថា នាឱកាសចុះកាយសំរាម ចេញពីប្រឡាយស្ទឹងមានជ័យនេះដែរ លោក ពេជ្រ កែវមុនី ក៏បានជួយឧបត្ថម្ភជាថវិកា ចំនួន ៤លាន រៀល ទុកសម្រាប់សហគមន៍នីមួយៗ យកទៅប្រើប្រាស់ក្នុងការបំពេញការងារក្នុងសហគមន៍ផងដែរ ៕

Urban Voice Cambodia

Urban Voice Cambodia