ផ្សារ​រាត្រី​ធ្វើ​ពី​កុងតឺន័រ​មួយ​នឹង​បើក​នៅ​ភ្នំពេញ​នា​ពេល​ឆាប់​ៗ​នេះ
Posted On : December, 20, 2016 | By Sarim Tith

បប្រភព៖ កោះសន្តិភាព

ផ្សាររាត្រីធ្វើពីកុងតឺន័រមួយដែលវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក នឹងបើកដំណើរការនៅពេលឆាប់ៗខាងមុខនេះ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ។

លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Skyland បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៥ ធ្នូ កន្លងមកថា ផ្សាររាត្រីនេះ លោកបានយកទូកុងតឺន័រមកវះដើម្បីធ្វើជាស្តង់លក់ទំនិញ ដែលជួលក្នុងតម្លៃចន្លោះពី៣០០ទៅ៣៥០ដុល្លារអាមេរិកក្នុង១ខែ ។ កុងតឺន័រមួយអាចវះធ្វើជាស្តង់បាន២ទៅ៤ អាស្រ័យលើប្រវែងកុងតឺន័រនីមួយៗ ហើយមូលហេតុដែលលោកយកកុងតឺន័រមកធ្វើស្តង់នេះ គឺធ្វើឲ្យប្លែកនិងទាក់ទាញអតិថិជន ។

លោកបន្តថា ផ្សារនេះស្ថិតនៅលើទំហំដីប្រមាណ១ហិកតា នឹងបើកដំណើរការនៅដើមឆ្នាំ២០១៧ខាងមុខ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ ។

ទោះជាយ៉ាងណា លោកឧកញ៉ាមិនបានបញ្ជាក់ឲ្យដឹងពីទុនវិនិយោគលើផ្សារដែលមានលក្ខណៈប្លែកពីគេនៅឡើយទេ ។ ផ្សារនេះមានទីតាំងនៅចន្លោះអគារប៊ូឌីញស ពោលគឺស្ថិតនៅទល់មុខអគាររដ្ឋសភាជាតិ និងស្ថិតនៅក្រោយភោជនីយដ្ឋាន Jet Plus ។

លោក ញ៉ែម ចិត្រា ជំនួយការលោកឧកញ៉ាស្រី ចាន់ថន បានមានប្រសាសន៍ថា រហូតមកទល់ពេលនេះ ការនាំយកកុងតឺន័រមកដាក់នៅទីតាំងផ្សារសម្រេចបានពាក់កណ្តាលហើយ និងរំពឹងនឹងបញ្ចប់នៅពេលឆាប់ៗនេះ ហើយការបើកឲ្យអាជីវករចូលជួលស្តង់ នឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០១៧ខាងមុខ ។ ផ្សាររាត្រីកុងតឺន័រនេះនឹងលក់ទំនិញចម្រុះ ពិសេស ទំនិញមកពីប្រទេសថៃ និងមានលក់ម្ហូបអាហារ កន្លែងកាត់សក់ បារតូចៗ និងទំនិញទាក់ទាញមួយចំនួនទៀតដើម្បីធ្វើឲ្យផ្សារនេះមានលក្ខណៈរស់រវើកស្រដៀងគ្នានឹងផ្សាររាត្រីនៅប្រទេសថៃ ។

លោកបន្តថា ៖ « ខ្ញុំជឿជាក់ថា ផ្សារនេះនឹងទទួលបានជោគជ័យ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត ព្រោះគោលដៅរបស់យើងចង់រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស » ។

លោក ធួន ស៊ីណាន ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានថ្លែងថា នៅរាជធានីភ្នំពេញមិនសូវមានកន្លែងកម្សាន្តនាពេលរាត្រីនៅឡើយទេ ដែលទាមទារឲ្យមានការវិនិយោគបន្ថែមពីវិស័យឯកជន ព្រោះនៅពេលគ្មានការវិនិយោគពីវិស័យឯកជនច្រើនលើសេវាកម្មនានាក្នុងពេលរាត្រី នឹងធ្វើឲ្យភ្ញៀវទេសចរចំណាយប្រាក់ច្រើន និងស្នាក់នៅយូរនៅកម្ពុជា។

លោកបន្តថា ៖ « កម្ពុជាមិនទាន់ទាក់ទាញភ្ញៀវពីប្រទេសឥណ្ឌា និងពីប៉ែកអារ៉ាប់ច្រើនទេ ដោយសារយើងខ្វះនូវសេវាកម្មកម្សាន្តសប្បាយទាំងអស់នេះ ខុសពីប្រទេសថៃដែលមានភ្ញៀវទេសចរឥណ្ឌា និងអារ៉ាប់រាប់លាននាក់ទៅកម្សាន្ត ដោយសារគេមានកន្លែងកម្សាន្តសប្បាយ ហាងលក់ទំនិញសម្បូរបែបទាំងពេលថ្ងៃ និងពេលរាត្រី » ៕

Urban Voice Cambodia

Urban Voice Cambodia