ផ្សារ​ទំនើប​លំដាប់​​អន្តរជាតិ​ថ្មី​មួយ​ទៀត​បន្ទាប់​ពី​ AEON​ ​នឹង​មាន​វត្តមាន​នៅ​​កម្ពុជា​​ចុង​ឆ្នាំ​២០១៥​!
Posted On : October, 14, 2014 | By សំឡេងទីក្រុង

​ដោយ​៖ ម៉ៅ ចរិយា​, http://thebnews.com ផ្សាយ ថ្ងៃទី8  ខែ October  ឆ្នាំ2014  ម៉ោង​ 9:14 នា

ផ្សារ​ទំនើប​ Parkson ​ដែល​ជា​ផ្សារ​ទំនើប​លំដាប់​​អន្តរជាតិ​ខ្នាត​ធំ​ទី​ ​២​ ក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​ផ្សារ​ទំនើប AEON Mall នឹង​បើ​ដំណើរការ​នៅ​ចុងឆ្នាំ​២០១៥ ​​ខាង​មុខ​នេះ​ ​ខណៈ​​ផ្សារ​ទំនើប​​មួយ​នេះ​​​​កំពុង​​​សាងសង់​ស្ថិត​​នៅ​តាម​មហា​វិថី​​ សហព័ន្ធរ​ស្ស៊ី​។​​

​ផ្សារ​ទំនើប​ Parkson ​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​​​តាម​ការ​វិនិយោគ​រួម​គ្នា​រវាង​​​ ក្រុមហ៊ុន​ ​​​Hassan (Cambodia) Development Co. Ltd. (HCD)​ និង​ក្រុមហ៊ុន​ CBRE។ ​​ ​​

​​ដោយ​ឡែក​ ​ផ្សារ​ទំនើប​ Parkson​​ នៅ​កម្ពុជា​វិញ​​​ នឹង​មាន​​លក់​ផលិតផល​ជា​ច្រើន​ប្រភេទ​សុទ្ធ​តែ​លំដាប់​​ថ្លៃ​ ​និង​ម៉ាក​ផលិតផល​ពី​ក្រៅ​ស្រុក​ដូច​ជា​ សម្លៀកបំពាក់ ភោជនីយដ្ឋាន រោងភាពយន្ត កន្លែង​ក្មេង​លេង កន្លែង​បោះ​ប៊ូលីង​​ កន្លែង​ហាត់ប្រាណ ខារ៉ាអូខេ ស្ទី​ម សោ​ណា ហាង​លក់​សៀវភៅ ឱសថស្ថាន និង​សេវាកម្ម​ផ្សេងៗ​ជាច្រើន​ទៀត​។ ​ក្រៅ​តែ​​ពី​ទំនិញ​មក​ពី​ក្រៅ​ប្រទេស​ ​​ Parkson ​ក៏​មាន​​​លក់​ទំនិញ​ក្នុង​ស្រុក​ផង​ដែរ។ ​​​

​ផ្សារ​ទំនើប Parkson នេះ អាច​ផ្ទុក​រថយន្ត​ប្រមាណ​១.៥០០​គ្រឿង និង​ម៉ូតូ​បាន​ប្រមាណ​១.៤០០​គ្រឿង​។ ចំណែក​ចំណត​យានយន្ត​វិញ គឺ​ស្ថិតនៅ​ខាងក្រោម​ផ្សារ នៅ​ជុំវិញ​ផ្សារ​និង​គ្រប់​ជាន់​នីមួយៗ​របស់​ផ្សារ​ទំនើប​នេះ​។ ផ្សារ​នេះ​មាន​ទំហំ​សរុប​ ​១៣៥.០០០​ម៉ែត្រការ៉េ ប៉ុន្តែ​ក្រុមហ៊ុន Parson នឹង​ជួល​ឱ្យ​អតិថិជន​ចំនួន​ ​៧០.០០០​ម៉ែត្រការ៉េ​តែប៉ុណ្ណោះ​។​

​នាយិកា​រង​នៃ​ក្រុមហ៊ុន CBRE Cambodia លោកស្រី ធីតា អាន ឲ្យ​TheBNEWS ដឹងថា ៖«អតិថិជន​គោលដៅ​របស់​យើង​ គឺ​សម្រាប់​អ្នកមាន​កម្រិតជីវភាព​មធ្យម និង​អ្នកមាន​ឋានៈ​ខ្ពស់​នៅ​កម្ពុជា​។ ពីមុន​នៅពេលដែល​គាត់​ចង់​ទិញ​ផលិតផល​ដែលមាន​ម៉ាក​ល្បី​គាត់​ទៅ​ចំណាយពេល​ទៅ​ ក្រៅប្រទេស»។​


…ទីផ្សារ​​អចលនទ្រព្យ​នៅ​​​​កម្ពុជា​ កំពុង​តែ​មាន​សន្ទុះខ្លាំង…

​លោកស្រី​បន្តថា​ ចំពោះ​​ការជួល​តូប​វិញ​ ​កំពុងស្ថិត​ក្នុង​ដំណើរការ​នៅឡើយ​​​ពោល​គឺ​អតិថិជន​ចាប់​ផ្ដើម​ជួល​បណ្ដើរ​ៗ​ហើយ​។

​លោក​ Tham Tuck Choy ​នាយក​ប្រតិបត្តិ​ Parkson Cambodia ​បាន​​ថ្លែង​ថា​ ៖ «​យើង​មាន​​​សោមនស្ស​​​​​ចំពោះ​ការ​​ធ្វើ​សហ​ប្រតិបត្តិការ​​​ជា​មួយ​នឹង​ ក្រុមហ៊ុន​ HCD ​និង​ក្រុមហ៊ុន​ CBRE ដើម្បី​​​នាំ​​​​​​ផ្សារ​ទំនើប​​ Parkson ​​មក​រាជធានី​ភ្នំពេញ​ ​ហើយ​យើង​ក៏​​មាន​សោមនស្ស​​​ក្នុង​ការ​នាំ​យក​​​​ផលិតផល​ម៉ាក​ល្បី​ៗ​មក​ កាន់​ប្រទេស​កម្ពុជា​ជា​លើក​​ដំបូង។ ​​ក្នុង​នាម​ជា​ផ្សារ​ទំនើប​ឈាន​មុខ​គេ​នៅ​អាស៊ី​ ​Parkson ​នឹង​​​ធ្វើ​ឱ្យ​អតិថិជន​ពេញ​ចិត្ត​ជា​មួយ​នឹង​ផលិតផល​គុណភាព​ខ្ពស់​​ឥត​ ក្លែង​ក្លាយ​ ​​និង​សេវា​កម្ម​ល្អ​ជូន​​​ដល់​អតិថិជន​ជា​មួយ​នឹង​តម្លៃ​សមរម្យ។ យើង​សង្ឃឹម​ថា​ ​ផ្សារ​ទំនើប​ Parkson ​នឹង​​ក្លាយ​ជា​​​ផ្សារ​ទំនើប​មាន​លក់​ផលិតផល​ម៉ាក​ល្បី​​ឈាន​​មុខ​គេ​នៅ​ កម្ពុជា»។ ​​​​​​​​​

​ក្រៅពី​ផ្សារ​ទំនើប Parkson ​នេះ ក៏​មាន​គម្រោង​​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​​ ​៤ ​កម្ពស់​ ២០​​ជាន់​​មាន​ ៤០០​បន្ទប់​ ​នៅ​ជាប់​គ្នា​នឹង​ផ្សារ​ទំនើប​នេះ​។​ តាម​គម្រោង​សណ្ឋាគារ​នេះ​ នឹង​បើក​សម្ពោធ​នៅ​​ចុង​ឆ្នាំ​២០១៧។

​​​ផ្សារ​ទំនើប​ Parkson ​​គឺ​ជា​ផ្សារ​ទំនើប​ឈាន​មុខ​គេ​មួយ​នៅ​​តំបន់​អាស៊ី​អាគ្នេយ៍​​ បច្ចុប្បន្ន​កំពុង​មាន​​​​វត្តមាន​​នៅ​​ម៉ាឡេស៊ី​ ​ចិន​ វៀតណាម​ ​ឥណ្ឌូណេស៊ី​ ​ស្រីលង្កា​ ​​និង​មីយ៉ាន់ម៉ា។ ​​ចំនួន​ផ្សារ​សរុប​នៅ​ក្នុង​ប្រទេស​​ទាំង​នេះ​ ​​គឺ​មាន​ប្រមាណ​ ១៤១​​​ក្នុង​នោះ​ ម៉ាឡេស៊ី​ មាន​ ៣៩, ចិន​ ​៥៨​​, ​វៀតណាម​ ៩, ​​ឥណ្ឌូណេស៊ី​​មាន​ ១៤​ និង​មីយ៉ាន់ម៉ា​មាន​១​ទីតាំង៕​​​​

Urban Voice Cambodia

Urban Voice Cambodia