ផ្លូវ​២៧១​ក្បែរ​វត្ត​សន្សំ​កុសល​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ ដោយសារ​អាជីវករ​នឹង​ម្ចាស់​សិប្បកម្ម​១​ចំនួន​ដាក់​លក់​សម្ភារៈ​លើក​ផ្លូវ
Posted On : April, 2, 2015 | By សំឡេងទីក្រុង

ថ្ងែព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០១៥ , ប្រភព៖ http://www.kampucheathmey.com/

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ពេល​មកដល់​ខាងជើង នឹង​ខាងត្បូង​ច្រកចូល​វត្ត​សន្សំ​កុសល ពួកគាត់​តែងតែ​រអ៊ូរទាំ នឹង​រិះគន់​ទៅលើ​អាជ្ញាធរ ខណ្ឌចំការ​មន ក៏ដូចជា​សមត្ថកិច្ច​ថា មូលហេតុ​អី​បានជា​មិន​អើពើ​ចំពោះ​ការ​កកស្ទះ​ចរាចរណ៍ ជាពិសេស​បណ្តែតបណ្តោយ​ឲ្យ​ក្រុម​អាជីវករ​ដាក់​តាំង​លក់​នូវ​សម្ភារ​យ៉ាង​អនាធិបតេយ្យ ហើយ​អាជ្ញាធរ​មិន​ចុះ​មក​រៀប​សណ្តាប់ធ្នាប់​បែបនេះ។

ជាក់ស្តែង​ត្រង់​ចំណុច​ខាង​លើនេះ​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា រាល់​ថ្ងៃនេះ​គាត់​ពិបាក​ធ្វើដំណើរ​ខ្លាំង​ណាស់ ដោយ​ធ្វើដំណើរ​មកដល់​ខាងត្បូង​ច្រកចូល​វត្ត​សន្សំ​កុសល​នេះ មានការ​ដាក់​លក់​រ៉ឺម៉ក​ដែក នឹង​រទេះដែក ពេញ​ផ្លូវ ហៀរ​ចង់​ពាក់​កណ្តាលផ្លូវ នាំឲ្យ​បង្ក​ការ​កកស្ទះ​ចរាចរណ៍ ហើយ​អ្វីដែល​សំខាន់ ពេល​មាន​ភ្ញៀវ ឈប់​ទិញ សម្ភារ​ម្តងៗ ម្ចាស់​សិប្បកម្ម​តែងតែ​អោយ​ភ្ញៀវ​ចត​យានជំនិះ​លើក​ទ្រូ​វ​ផ្លូវ​ស្ទះ ស្ទើរ​តែ​គ្មាន​ច្រក​បើករថយន្ត នឹង​ម៉ូតូ​ទៅមក​បាន។ ដោយ​ពេលខ្លះ​អ្នកដំណើរ​ស្ទះ​ទៅមុខ​មិន​រួច រហូត​ទាល់តែ​អ្នកទិញ​សម្ភារ តថ្លៃ​ទំនិញ​ត្រូវ​រូ​វ​គ្នា​រួច​លើក​សម្ភារ​ដឹកចេញទៅ ទើប​អ្នកដំណើរ​អាច​បន្ត​ទៅមុខ​បាន​។ ប្រជាពលរដ្ឋ​បន្ត​ថា ចំពោះ​សកម្មភាព​បែបនេះ មិនមែន​មានតែ​មួយថ្ងៃ​នោះទេ គឺ​កើតមាន​ជា​រៀងរាល់ថ្ងៃ​តែម្តង ដោយ​ម្ចាស់​សិប្បកម្ម​ផលិត រទេះ នឹង​រ៉ឺម៉ក ទាំងអស់ នៅតាម​ផ្លូវ​លេខ ២៧១ នោះ​មិន​ខ្វល់​ពី​បញ្ហា​កកស្ទះ​ចរាចរណ៍​ទេ។ ជុំ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​បានដាក់​ការ​សន្និដ្ឋាន​ថា រាល់ថ្ងៃនេះ​អាជ្ញាធរ​សង្កាត់ នឹង​ខណ្ឌចំការមន​មិនដឹងថា ទទួលបាន​ប្រយោជន៍​ច្រើន ប៉ុនណា​ទេពី​ម្ចាស់​សិប្បកម្ម​ទាំងនេះ​បាន​ជាស​ង្ងំ​ស្ងៀមឈឹង មិន​រវីរវល់ នឹង​បញ្ហា​សណ្តាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ​យ៉ាង​ដូច្នេះ​។​

ទោះយ៉ាងណា​ក្តី​បងប្អូន​ប្រជាពលរដ្ឋ​ទទូច​ស្នើរ​ទៅ​អាជ្ញាធរ​ខណ្ឌចំការមន មេត្តា​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​តាម​ដងផ្លូវ​លេខ​២៧១​នេះ​ផង ជាពិសេស​ត្រង់ចំណុច​សិប្បកម្ម​ផលិត រ៉ឺម៉ក នឹង​រទេះ​នេះ​តែម្តង។ ចំពោះ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​លើកឡើង​នេះ​អាជ្ញាធរ​ពុំ​មាន​ការ​បកស្រាយ​នោះទេ ដោយសារ​ទូរស័ព្ទ​លោក ព្រំ សំខាន់ អភិបាលខណ្ឌ​ចំការមន តេ​មិន​ចូល ហើយ​មន្ត្រី​ផ្សេងទៀត​មិន​ហ៊ាន​បកស្រាយ ចំពោះ​សំនួរ​ដែល​សួរ​ទៅ​ពួកគាត់​៕

Urban Voice Cambodia

Urban Voice Cambodia