ផ្លូវ​ឯកទិស​សុធារស​ប្តូរ​ទិស​ចូល​ពី​ស្តុប​ចំការមន មក​កែង​ទូត​រុស្ស៊ី​វិញ
Posted On : March, 9, 2015 | By សំឡេងទីក្រុង

ដោយ សែន ដាវីត, ថ្ងៃទី ០៩ ខែ​ មិនា  ឆ្នាំ២០១៥, Phnom Penh Post

ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​កាលពី​ម្សិល​មិញ បាន​ជូន​ដំណឹង​ជាថ្មី​ថា កំណាត់​ផ្លូវ​សុធារស​ចាប់ពី​ស្ថានទូត​រុស្ស៊ី ទៅ​ស្តុប​ចំការមន ត្រូវ​ផ្លាស់ប្តូរ​ជា​ផ្លូវ​ឯកទិស ចូល​ពី​ស្តុប​ចំការមន​មក​វិញ ហើយ​អាជ្ញាធរ​នឹង​ធ្វើ​ការ​ពង្រីក​ចិញ្ចើម​ផ្លូវ​ប្រវែង ៤ ម៉ែត្រ ដើម្បី​សម្រួល​ចរាចរណ៍​ដែល​កំពុង​កកស្ទះ​យ៉ាង​ខ្លាំង ដោយ​សារ​អ្នក​ដំណើរ​ធ្វើ​ដំណើរ​មក​ផ្សារ​អ៊ីអន។

តាម​ការ​ជូន​ដំណឹង​របស់​សាលា​រាជធានី​ទៅ​ប្រជា​ពលរដ្ឋ ពិសេស​អ្នក​មាន​លំនៅឋាន​ធ្វើ​អាជីវកម្ម​តាម​វិថី​សម្តេច​សុធារស​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ពង្រីក​ចិញ្ចើម​ផ្លូវ​ដល់ ៤ ម៉ែត្រ នៅ​តាម​បណ្តោយ​ផ្លូវ​ប្រវែង ៩៨៥ ម៉ែត្រ ព្រម​ទាំង​ដាក់​លូ​ថ្មី ១,៥០ ម៉ែត្រ ចាប់ពី​ស្តុប​ចំការមន រហូត​ដល់​ផ្លូវ​កែង​ខាង​ជើង​របង​ស្ថានទូត​រុស្ស៊ី។

សាលា​រាជធានី នឹងធ្វើ​ការ សាក​ល្បង​ដាក់​ឲ្យ​ចរាចរ ជា​ផ្លូវ​ឯកទិស​ជា​បណ្តោះ​អាសន្ន ក្នុង​រយៈ​ពេល ៣​ខែ លើ​កំណាត់​ផ្លូវ​មួយ​ចំនួន ដូចជា​កំណាត់​ផ្លូវ​សម្តេច​សុធារស ត្រូវ​ធ្វើ​ដំណើរ​ឯកទិស​ចាប់ពី​ស្តុប​ចំការមន​ទៅ​ផ្លូវ​កែង​ខាង​ជើង​របង​ស្ថានទូត​រុស្ស៊ី គឺ​ផ្លាស់​ប្តូរ​ផ្ទុយ​ពី​ការ​ជូន​ដំណឹង​លើក​មុន ដែល​ហាម​ជិះ ពី​ស្តុប​ចំការមន​ចូល​មក​ផ្លូវ​សុធារស។ កំណាត់​ផ្លូវ​ប្រប​មាត់​ទន្លេ ត្រូវ​ធ្វើ​ដំណើរ​ឯកទិស ពី​គល់​ស្ពាន​ខាង​លិច ស្ពាន​តន្ត្រី​នៃ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ទៅ​ដល់​របង​ស្ពាន​ខាង​លិច​ស្ពាន​ឥន្ឋនូ។ កំណាត់​ផ្លូវ​លេខ ៧៨ ត្រូវ​ធ្វើ​ដំណើរ​ឯកទិស ចាប់ពី​ខាង​ត្បូង​ជាប់​របង​ស្ថានទូត​អូស្ត្រាលី ទៅ​គល់​ស្ពាន​ខាង​លិច​ស្ពាន​តន្ត្រី។

អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​នេះ លោក គឹម វ៉ាន់ អាយុ ៣៨​ឆ្នាំ និយាយ​ថា ការ​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ផ្លាស់ប្តូរ​ទិសដៅ​យ៉ាង​លឿន​បែប​នេះ ធ្វើ​ឲ្យ​អ្នក​ដំណើរ​វិលមុខ​វង្វេង​អស់​ហើយ។

គាត់​បន្ត​ថា៖ «ម្តង​ហាម​ជិះ​ពី​ស្តុប​ចូល​ផ្លូវ​សុធារស ឥឡូវ​មួយ​ភ្លែត​ដូរ​ថា ឲ្យ​ជិះ​ចូល​មក​តាម​ហ្នឹង​វិញ វិល​មុខ​ណាស់ ខ្លាច​តែ​ប៉ូលិស​ផាក​ទេ​ខ្ញុំ»៕

Urban Voice Cambodia

Urban Voice Cambodia