ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ព្រំដែន​ថៃ និង​ឡាវ​គ្រោង​សាងសង់​ក្នុង​ទឹកប្រាក់​៥​ពាន់​លាន​ដុល្លារ​ ​

ក្រុមហ៊ុនមួយគ្រោងចំណាយថវិកាចំនួន៥ពាន់លានដុល្លារអាមេរិកដើម្បីសាងសង់ផ្លូវល្បឿនលឿនជាលើកដំបូងពីក្រុងភ្នំពេញទៅកាន់ព្រំដែនប្រទេសថៃ និងឡាវនាពេលខាងមុខនេះ។

លោកថ្លាំង វុទ្ធី អគ្គនាយកក្រុមហ៊ុន Globalcam បានថ្លែងក្នុងពិធីចុះហត្ថលេខារវាងក្រុមហ៊ុន Globalcam និងក្រុមហ៊ុន Mahdi Holdings Investment នាព្រឹកថ្ងៃទី៣១ កក្កដានេះថា ក្រុមហ៊ុនបានរៀបចំខ្លួនរួចរាល់ហើយក្នុងការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ព្រំដែនឡាវដែលមានប្រវែង៥២២គីឡូម៉ែត្រដោយគ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ៥ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងដំណាក់កាលលើកទី១ ដែលគ្រោងចាប់ផ្តើមនៅដំណាច់ឆ្នាំនេះ។

លោកបានបន្តថា គម្រោងផ្លូវល្បឿនលឿននេះ ក្រុមហ៊ុនបានទទួលសិទ្ធិផ្តាច់មុខពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការវិនិយោគគម្រោងចំនួន៦ ដែលបច្ចុប្បន្ននេះអ្នកជំនាញបានសិក្សាច្បាស់លាស់រួចរាល់ហើយ។

លោកបានបន្តថា“គម្រោងនេះសាងសង់រយៈពេលត្រឹម៥ឆ្នាំទៅតាមផែនការនិងគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាត ហើយគុណភាពផ្លូវល្បឿនលឿននេះមិនចាញ់ផ្លូវល្បឿនលឿននៅក្នុងបណ្តាប្រទេសផ្សេងៗឡើយ”៕

ប្រភព៖ រស្មីកម្ពុជា

Leave a Reply