1486305973

ផ្លូវ​រថភ្លើង​ចូល​ព្រលាននិង​តំបន់​សេដ្ឋកិច្ច​ពិសេស​គ្រោង​សាងសង់

រដ្ឋាភិបាលបានកំណត់កាលបរិច្ឆេទ លើគម្រោងសាងសង់ផ្លូវភ្លើង តភ្ជាប់ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) នៅខែមីនា ឆ្នាំ២០១៨។ គម្រោងនេះជាផ្នែកមួយនៃការសម្រួលការធ្វើដំណើររបស់អ្នកដំណើរ ការដឹកទំនិញ និងកម្មករ។

ការបង្ហាញពីកាលបរិច្ឆេទ នៃការចាប់ផ្តើមសាងសង់ផ្លូវរថភ្លើងទាំងពីរខ្សែនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយមន្ត្រីស្ថានទូតបារាំង ប្រចាំនៅកម្ពុជា ក្រុមហ៊ុន Royal Railway លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអ៊ែរផត (Cambodia Airports) និងតំបន់សេដ្ឋកិច្ចពិសេស កាលពីថ្ងៃព្រហស្បតិ៍។

រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល នៅក្នុងកិច្ចប្រជុំ បានស្នើឲ្យអាកាសយានដ្ឋានកម្ពុជា និងក្រុមហ៊ុន Royal Railway បំពេញការងារយ៉ាងជិតស្និទ្ធ ជាមួយគ្នា ដើម្បីអនុវត្តគម្រោងតភ្ជាប់ផ្លូវដែកចូលអាកាសយានដ្ឋានភ្នំពេញ។

គួររំព្ញកថា កាលពីខែធ្នូ ក្រសួងសាធារណការ បានប្រកាសសាងសង់ផ្លូវដែកប្រវែង ១គីឡូម៉ែត្រតភ្ជាប់ចូលអាកាសយានដ្ឋានភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលតចេញពីផ្លូវដែកដែលមានស្រាប់ រត់ស្របទៅខេត្តព្រះសីហនុ។ ការអភិវឌ្ឍផ្លូវរថភ្លើងទាំងពីរទីតាំងនេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកដំណើរ ចេញពីការកកស្ទះចរាចរណ៍ ការដឹកទំនិញចេញចូលអាកាសយានដ្ឋាន និងតំបន់សេដ្ឋកិច្ចពិសេស រវាងកំពង់ផែព្រះសីហនុ និងការដឹកកម្មករក្នុងតំបន់សេដ្ឋកិច្ចពិសេស។

មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការ លោក វ៉ា ស៊ឹមសុរិយា បានឲ្យដឹងកាលពីម្សិលមិញថា ការពិភាក្សាគ្នានេះពិភាក្សាទៅលើផែនការសាងសង់ ការតភ្ជាប់ និងទីតាំងនៃគម្រោង ជាមួយភាគីពាក់ព័ន្ធ។

លោក ស៊ឹមសុរិយា មានប្រសាសន៍ថា៖ «យើងបើកពិភាក្សាជាមួយពួកគាត់សិន ដើម្បីសិក្សាទៅលើទីតាំង កន្លែងណា សមស្របទៅក្នុងការសាងសង់ផ្លូវរថភ្លើងនេះ ប៉ុន្តែក្រសួងមិនទាន់អាចបញ្ជាក់បានពីទំហំទឹកប្រាក់ដែលត្រូវប្រើប្រាស់លើគម្រោងនាពេលនៅឡើយទេ ព្រោះត្រូវសិក្សាជាមុនសិន»។

បើតាមមន្ត្រីនាំពាក្យ ចំណាយសាងសង់ផ្លូវតភ្ជាប់ចូលអាកាសយានដ្ឋាន និងតំបន់សេដ្ឋកិច្ចពិសេស អាចនឹងត្រូវប្រើថវិការបស់រដ្ឋ ព្រោះផ្លូវដែកនេះតភ្ជាប់ពីផ្លូវដែករបស់រដ្ឋ ដែលមានស្រាប់។

ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន Cambodia Airports លោក ខែក នរិនដា ធ្លាប់បានលើកឡើងថា គម្រោងកសាងផ្លូវរថភ្លើងនេះស្ថិតនៅក្នុងដំណាក់កាលបឋម ហើយក្រុមហ៊ុន ផ្ដោតជាអាទិភាពទៅលើ ការដឹកជញ្ជូនចេញចូលអាកាសយានដ្ឋានជាចម្បង។

លោក នរិនដា ថ្លែងថា៖ «ការដឹកជញ្ជូនចម្រុះ និងការចេញចូលបានលឿន និងរលូនរវាងអាកាសយានដ្ឋាន និងទីក្រុង គឺជាអាទិភាពសំខាន់មួយ។ នោះគឺជាមូលហេតុដែលយើងកំពុងផ្លាស់ប្ដូរយោបល់ និងធាតុចូលជាមួយអ្នកផ្តួចផ្តើមគម្រោងនេះ។

ទាក់ទងនឹងគម្រោងតភ្ជាប់ផ្លូវរថភ្លើងនេះ លោករដ្ឋមន្ត្រីហៅថា ការតភ្ជាប់ចូលអាកាសយានដ្ឋានជាការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមរថភ្លើង ឲ្យដូចទៅនឹងប្រទេសមួយចំនួនក្នុងតំបន់ ដូចជាប្រទេសម៉ាឡេស៊ី ថៃ និងទីក្រុងហុងកុង ដែលប្រទេសទាំងនោះសុទ្ធតែមានរួចហើយ៕

ប្រភព៖ khmertimeskh

Leave a Reply