ស្ត្រី​ម្នាក់​កំពុង​ដើរ​លើ​ផ្លូវ​ដែក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នា​ពេល​កន្លង​មក។ ការបំបែក​ផ្លូវ​ដែក​ចូល​ទៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ត្រូវ​បាន​រដ្ឋមន្ត្រី​អះអាង​ថា​នឹង​ធ្វើ​ឡើង​ឆាប់ៗ។ ហុង មិនា

ផ្លូវ​រថភ្លើង​កម្ពុជា-​ថៃ រំពឹង​ដំណើរការ​ពាក់​កណ្តាល​ឆ្នាំ​២០១៧

ការដាក់ដំណើរការនៃសេវាផ្លូវរថភ្លើងរវាងកម្ពុជា ថៃ រំពឹងថា នឹងមានចាប់ពីពាក់កណ្តាលឆ្នាំ២០១៧ នេះតទៅ បន្ទាប់ពីនាយករដ្ឋមន្ត្រីប្រទេសទាំងពីរជិះលើរថភ្លើងរួមគ្នានៅព្រំដែនប៉ោយប៉ែត។ប៉ុន្តែការដោះស្រាយបញ្ហាប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើងប្រវែង ១គីឡូម៉ែត្រ នៅក្រុងប៉ោយប៉ែត អាចរារាំងដល់ដំណើរការសេវារថភ្លើងនេះ។

អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក លី បូរិន បានឲ្យដឹងកាលពីម្សិលមិញថា អាជ្ញាធរកំពុងពន្លឿនការដោះស្រាយជាមួយប្រជាពលរដ្ឋប្រមាណ ៥០គ្រួសារ នៅក្រុងប៉ោយប៉ែត ដើម្បីឲ្យដាក់ដំណើរការសេវារថភ្លើងនៅពាក់កណ្តាលឆ្នាំនេះ។

ប៉ុន្តែការដោះស្រាយសំណង ៥០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារផ្លូវរថភ្លើងប្រវែង១គីឡូម៉ែត្រនៅមិនទាន់ចប់នៅឡើយទេ ហើយដំណើរការអាចចំណាយពេលរហូតដល់ ២ខែ។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីចំនួនថវិកាប៉ាន់ប្រមាណត្រូវប្រើសម្រាប់ដោះស្រាយសំណងឡើយ។

តាមការគ្រោងទុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមភាគីថៃ លោក ប្រាយុទ្ធ ចាន់ អូចា គ្រោងនឹងជិះលើរថភ្លើងរួមគ្នា នៅខែកក្កដា ឆ្នាំនេះ ក្នុងអំឡុងពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមគ្នាកម្ពុជា ថៃ នៅពាក់កណ្តាលឆ្នាំនេះ។ នេះបើយោងតាមលោក លី បូរិន។

ទោះបីជាកម្មវិធីនៃការជិះរថភ្លើងរបស់ប្រមុខដឹកនាំប្រទេសទាំងពីរគ្រោងធ្វើឡើងក៏ដោយ លោក បូរិន បញ្ជាក់ថា បញ្ហាដោះស្រាយនៅសេសសល់ អាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការសេវារថភ្លើងគ្រោងនៅពាក់កណ្តាលឆ្នាំនេះ។

លោកថ្លែងថា៖ «ប្រសិនបញ្ហានៅសល់មិនអាចដោះស្រាយចេញទេមុនខែកក្កដាឬខែសីហាទេវានឹងប៉ះពាល់ដល់កម្មវិធីជិះរថភ្លើងរបស់នាយករដ្ឋមន្ត្រីទាំងពីរដែលបានគ្រោងទុក។ខ្ញុំមិនប្រាកដថាសេវារថភ្លើងអាចដំណើរការបានឬយ៉ាងណាទេព្រោះនៅខាងកម្ពុជា នៅមានបញ្ហាដែលត្រូវដោះស្រាយ»។

បើតាមលោក បូរិន ផ្លូវរថភ្លើងពីបាត់ដំបង ទៅប៉ោយប៉ែត ព្រំដែនជាប់ប្រទេសថៃ ត្រូវបានសាងសង់និងស្ដារឡើងរួចរាល់ហើយ នៅសល់តែជាងមួយគីឡូម៉ែត្រនៅចំណុចប៉ះពាល់ប្រជាពលរដ្ឋ ៥០គ្រួសារ ដែលត្រូវសាងសង់បញ្ចប់។ រដ្ឋាភិបាលគ្រោងបន្តស្ដារផ្លូវដែកពីបាត់ដំបង ទៅខេត្តពោធិ៍សាត់ នៅក្នុងឆ្នាំ២០១៧ ដោយយោងទៅលើថវិកាមានកំណត់។

គួររំឭកថា កិច្ចព្រមព្រៀងតភ្ជាប់ផ្លូវដែក រវាងកម្ពុជា និងថៃ ត្រូវបានធ្វើឡើងដោយប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ កាលពីចុងឆ្នាំ២០១៥។ ការតភ្ជាប់នេះ នឹងជួយជំរុញមួយផ្នែក នៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលរដ្ឋាភិបាលទាំងពីរសម្រេចឲ្យកើនដល់ ២០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២០ ពោលគឺកើនបីដងនៃទំហំពាណិជ្ជកម្មក្នុងពេលបច្ចុប្បន្ន។

បើតាមលោករដ្ឋមន្ត្រីក្រសួងសាធារណការ ស៊ុន ចាន់ថុល ទឹកប្រាក់ប្រមាណ ១៧លានដុល្លារ ត្រូវបានគេប៉ាន់ប្រមាណត្រូវប្រើសម្រាប់ការងារស្ដារ និងជួសជុលផ្លូវរថភ្លើងភាគខាងជើងប្រទេសកម្ពុជា ឲ្យចប់ជាស្ថាពរ។

អ្នកវិភាគសេដ្ឋកិច្ចលើកឡើងថា ទំនាក់ទំនងផ្លូវដែករវាងកម្ពុជា និងថៃនឹងចូលរួមចំណែកក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ធ្វើឲ្យថ្លៃដឹកជញ្ជូនទាបជាងមុន និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕

ប្រភព៖ khmertimeskh

Leave a Reply