ផ្លូវ​ចោម​ចៅ​​ស្ថាបនា​បាន​៨២%​ហើយ នឹង​សម្រុក​​ឲ្យ​រួចរាល់​ក្នុង​ខែកក្កដា ​២០១៥​នេះ
Posted On : មេសា, 28, 2015 | By សំឡេងទីក្រុង

បញ្ចូល​អត្ថ​បទ ៖ ផ្កាយព្រឹក ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០១៥ ប្រភព៖ កោះសន្តិភាព

រាជធានី ​ភ្នំពេញ ៖ ​ផ្លូវ​ចោម​ចៅ ឬ​ផ្លូវ​វេ​ងស្រេង​ដែល​សាលា​រាជធានី​ភ្នំពេញ​បើក​ការដ្ឋាន​ស្ថាបនា​កាលពី​ ថ្ងៃ​ទី​២១​ វិច្ឆិកា ​២០១៣​នោះ ពេល​នេះ​ស្ថាបនា​បាន​៨២%ហើយ ៗ​ក្រុមហ៊ុន​បាននិង​កំពុង​សំរុក​ឲ្យ​រួចរាល់​នៅ​ក្នុងខែ​ក​ក្ត​ដា ២០១៥ ​ឆាប់​ៗ​ខាង​មុខ​នេះ ។

លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូនរាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា «​ផ្លូវ​ចោម​ចៅ ឬ​ផ្លូវ​វេ​ង​ស្រេង​នេះ​ត្រូវ​សាលា​រាជធានី​ភ្នំពេញ​ប្រគល់​សិទ្ធិ​ឲ្យ​ ក្រុមហ៊ុន​ភ្នំពេញ​ថូ​ល​វេ ធ្វើការ​ជួសជុល និង​ពង្រីក​ជា​ផ្លូវ​បេតុងប្រភេទ​BOT​ មានកំ​រាស់​២០​សង្ទីម៉ែត្រ ទទឹង​៣០​ម៉ែត្រ មាន​សួន​កណ្តាល​២,៥០​ម៉ែត្រ ចិ​ញ្ចើម​ថ្នល់​សងខាង​៦​ម៉ែត្រ មាន​បណ្តោយ​៦.៥០០​ម៉ែត្រ ចាប់ពី​ស្ថានីយ​ប្រេង​សូ​គី​ម៉ិច រហូត​ដល់​រង្វង់​មូល​ចោម​ចៅ ។

ការ​ស្ថាបនា​រហូត​មក​ដល់​ពេល​នេះ ចាក់​បេតុង​បាន​៨២%,​ ដាក់​ប្រ​ព័ន្ធលូ​បាន​ប្រមាណ​៩០% ជា​រួម​ផ្លូវ​នេះ​អាច​នឹង​ស្ថាបនា​រួច​នៅ​ពាក់កណ្តាល​ខែមិថុនា ឬ​យ៉ាង​យូ​រនៅ​ដើមខែ​កក្កដា ​២០១៥ ខាង​មុខ​នេះ ​​។ នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​រសៀល​ថ្ងៃ​ទី​២៧ មេ​សា ២០១៥ លោកប៉ា សុ​ជាតិ​វង្ស  អភិបាល​រាជធានី​ភ្នំពេញបាន​ជំរុញ​ឲ្យ​មន្ទីរ​សាធារណការ​,​ អាជ្ញាធរ​ខណ្ឌមានជ័យ និងអាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ត្រូវ​ចុះ​ធ្វើ​ការងារ​ជា​ប្រចាំ​ជាមួយ​ ក្រុមហ៊ុន​ម៉ៅ​ការ​ស្ថាបនា​ផ្លូវចោម​ចៅ​ដើម្បី​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ ដែល​នៅ​សេសសល់​ពាក់​ព័ន្ធនឹង​ការ​ស្ថាបនា​ផ្លូវ ដូច​ជា​ការ​កាត់​សំ​យាប​,​ ដង​បង្គោល​ភ្លើង​ដែល​ក្រុមហ៊ុន​បាន​ស្នើ​ឡើង និង​ជំរុញ​ការ​ស្ថាបនា​ឲ្យ​បាន​ឆាប់រហ័ស​កុំ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​តទៅ​ ទៀត​។

​គួរ​រំលឹក​ថា ផ្លូវ​ចោម​ចៅ ​ឬ​វេ​ងស្រេង​នេះ​ឆ្លងកាត់​ខណ្ឌ​២ ​គឺ​ខណ្ឌមានជ័យ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ជា​ផ្លូវ​វិនិយោគ B.O.T (​បង់ប្រាក់​)​ ជា​ប្រភេទ​ផ្លូវ​បេតុង​ឆ្អឹង​ដែក មាន​ប្រវែង​៦.៥០០​ម៉ែត្រ​,​ ទទឹង​២២​ម៉ែត្រ មានសួន​ចែក​ទ្រូងផ្លូវ ​ទទឹង​២​ម៉ែត្រ​ ក​ន្លះ​,​ ចិញ្ចើម​ផ្លូវ​៣​ម៉ែត្រ​សងខាង ប្រើប្រាស់​ពេលវេលា​ស្ថាបនា​១៤ខែ ដែល​ត្រូវ​ចំណាយ​ថវិកា​ចំនួន​១០​លាន​៥៧​ម៉ឺន​៦​ពាន់​ដុល្លា​រអា​មេ​រិ​ក ក្រោម​ការ​វិនិយោគរបស់​ក្រុមហ៊ុន​ភ្នំពេញ​ថូ​ល​វេ ។

ទោះជា​យ៉ាងណា​ការ ​ស្ថាបនា​ផ្លូវ​នេះ​តែង​ទទួល​រង​ការ​រិះគន់​ពី​ ប្រជាពលរដ្ឋពី​ភាពយឺត​យ៉ាវ​ខុស​កិច្ចសន្យា បង្ក​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ដូច​ជា ហុយ​,​ ជង្ហុក​, ​ស្ទះ​ចរាចរ និង​បង្ក​គ្រោះថ្នាក់​ចរាចរ​ជា​ញឹកញាប់​ផង​ដែរ ៕​

6724b641-2430-4ff7-bd92-f1cee51abda1 9911800e-c9a1-460c-87f3-2eadd63e585a c1648a2f-cfd9-40de-a5e4-67aeacf136eb

សំឡេងទីក្រុង!

សំឡេងទីក្រុង!