ផ្លូវ​ក្រវាត់​ក្រុង​ខ្សែ​ទី៣ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ
Posted On : មករា, 14, 2019 | By សំឡេងទីក្រុង

ផ្លូវ​ក្រវាត់​ក្រុង​ខ្សែ​ទី៣ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល មាន​ប្រវែង​សរុប ៥២,៩៨​គីឡូម៉ែត្រ (ផ្លូវមេ​ប្រវែង ៤៧,៦​គីឡូម៉ែត្រ ក្រាល​បេតុង​ស៊ីម៉ងត៍​សរសៃ​ដែក និង​ផ្លូវខ្នែង​តភ្ជាប់​ប្រវែង ៥,៣​គីឡូម៉ែត្រ​ក្រាល​បេតុង​កៅស៊ូ)។ ក្នុងនោះ​ឆ្លងកាត់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ ប្រវែង ១៥,៤២​គីឡូម៉ែត្រ និង​ឆ្លងកាត់​ភូមិសាស្រ្ត​ខេត្តកណ្តាល​ប្រវែង​៣៧,៥៥​គីឡូម៉ែត្រ។

គម្រោង​សាងសង់​ផ្លូវ​នេះ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ២៧៣​លាន​ដុល្លារ​អាមេរិក ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់ ការ​បោស​សម្អាត​មីន និង​យុទ្ធភ័ណ្ឌ​មិនទាន់​ផ្ទុះ។ ការ​សាងសង់​នេះ ត្រូវ​បាន​អនុវត្ត​ដោយ​ក្រុមហ៊ុន​សំណង់ Shanghai Construction Group Co., Ltd និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុនGuangzhou Wanan Construction Supervision Co., Ltd និង​ចំណាយ​រយៈពេល​សាងសង់​ចំនួន ៤២​ខែ ចាប់ពី​ខែ​ធ្នូ ឆ្នាំ​២០១៨ និង​បញ្ចប់​នៅខែធ្នូ ឆ្នាំ២០២១។

ផ្លូវ​ក្រវាត់​ក្រុង​ខ្សែទី៣នេះ តភ្ជាប់​ចាប់ពី​ផ្លូវជាតិ​លេខ៦ កាត់តាម​មហាវិថី​ឈ្នះឈ្នះ និង​ស្ពាន​ព្រែកព្នៅ។ ផ្លូវនេះ​ឆ្លងកាត់​ពី​ផ្លូវជាតិ​លេខ៤ ដែលមាន​ចំណុច​ចាប់ផ្តើម​ពី​គីឡូម៉ែត្រ ១៤+១០៥ មក​ផ្លូវជាតិ​លេខ៣ ផ្លូវ​ជាតិលេខ២ និង​ផ្លូវជាតិ​លេខ២១ ឆ្លងកាត់​ទន្លេ​បាសាក់ ព្រមទាំង​កោះ​អន្លង់ចិន ដោយ​មាន​ស្ពាន​ចំនួន២ និង​តភ្ជាប់​ទៅនឹង​ផ្លូវជាតិលេខ១ ដែលមាន​ចំណុច​ចុងបញ្ចប់​នៅ​គីឡូម៉ែត្រ ២៤ + ៨៤០។ ផ្លូវ​នេះ នឹង​ក្លាយជា​ផ្លូវក្រវាត់ក្រុង​ដ៏ធំ និង​ទំនើប​មួយ បម្រើ​ដល់ការ​ដឹកជញ្ជូន​រវាង​រាជធានី​ភ្នំពេញ ពិសេស​តភ្ជាប់​ទៅ​ចំណតផែ​កុងតេន័រថ្មី របស់​កំពងផែ​ស្វយ័តភ្នំពេញ​ នៅស្រុក​កៀនស្វាយ។

ផ្លូវ​ក្រវាត់​នេះ​ មាន​ទំហំ​ទទឹង​ផ្លូវ​រហូត​ដល់ទៅ ២៧ម៉ែត្រ​សម្រាប់​ទីប្រជុំជន (ប្រវែង ២,៨គីឡូម៉ែត្រ) និង​សម្រាប់​ក្រៅទី​ប្រជុំជន​វិញ​មាន​ទំហំ​ទទឹង​ផ្លូវ ២៥​ម៉ែត្រ (ប្រវែង ៤៤,៨គីឡូម៉ែត្រ) ដោយមាន​ដាក់​អំពូល​បំភ្លឺ​ផ្លូវ​សម្រាប់​កំណាត់ផ្លូវ​ក្នុង​ក្រុង និង​ដើមឈើ​លម្អ​សម្រាប់​កំណាត់ផ្លូវ​ក្រៅក្រុង។

សម្រាប់​ទី​ប្រជុំជន៖ ផ្លូវនេះ​មាន៤គន្លង​សម្រាប់​រថយន្ត​ធ្វើ​ចរាចរណ៍ (២ទៅ២មក) ដោយ​គន្លង​នីមួយៗ​មាន​ទទឹង ៣,៥ម៉ែត្រ និង​២គន្លង​សម្រាប់​ម៉ូតូ (១ទៅ​១មក) ដោយ​គន្លង​នីមួយៗ​មាន​ទទឹង ២,២៥​ម៉ែត្រ ព្រមទាំង​ខឿន​ និង​សួន​ពុះ​ចែកទ្រូងផ្លូវ មាន​ទំហំ​ទទឹង ៣,៥ម៉ែត្រ និង​ផ្លូវ​ថ្មើរជើង​សងខាង ២,២៥​ម៉ែត្រ។

សម្រាប់​ក្រៅទី​ប្រជុំជន៖ ផ្លូវនេះ​មាន ៤គន្លង​សម្រាប់​រថយន្ត​ធ្វើ​ចរាចរណ៍ (២ទៅ២មក) ដោយ​គន្លង​នីមួយៗ​មាន​ទទឹង ៣,៥ម៉ែត្រ និង​២គន្លង​សម្រាប់​ម៉ូតូ (១ទៅ​១មក) ដោយ​គន្លង​នីមួយៗ​មាន​ទទឹង ២,២៥​ម៉ែត្រ ព្រមទាំង​ខឿន​ និង​សួន​ពុះ​ចែកទ្រូងផ្លូវ មាន​ទំហំ​ទទឹង ៣,៥ម៉ែត្រ និង​ចិញ្ចើម​ផ្លូវ​សងខាង ១,៥​ម៉ែត្រ។

ស្ពាន​នៃ​គម្រោង​ផ្លូវ​ក្រវាត់​ក្រុងទី៣​នេះ មាន​ចំនួន២​ ដែល​ឆ្លងកាត់​ទន្លេបាសាក់ គឺ​មួយ​ត​ភ្ជាប់​ពី​ឃុំ​សិត្បូ​ត៍ ទៅកាន់​កោះអន្លង់ចិន​ដែលមាន​ប្រវែង៣៦៦​ម៉ែត្រ និង​មួយទៀត​ត​ភ្ជាប់​ពី​កោះ​អន្លង់ចិន ទៅកាន់​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ​មាន​ប្រវែង៦៣០​ម៉ែត្រ។ គម្រោង​នៃ​ផ្លូវ​នេះ ក៏មាន​ការសាងសង់​​ស្ពាន​អាកាស​ចំនួន៤​ផងដែរ ឆ្លងកាត់​ផ្លូវជាតិលេខ៤, លេខ៣, លេខ២ និង​លេខ២១ ​ប្រវែង​សរុប ១ពាន់​ម៉ែត្រ៕

ប្រភព៖ ខ្លីខ្លី

 

អត្ថបទ៖ សំភី

សំឡេងទីក្រុង!

សំឡេងទីក្រុង!