4-letter

ប្លង់​គោល​អភិវឌ្ឍ​រាជធានី ​ភ្នំពេញ ​អនុម័ត​ក្រោយ​គម្រោង​ធំៗ​អនុវត្ត​រួច​ហើយ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្លង់គោលរាជធានីភ្នំពេញដែលត្រូវបានគេទន្ទឹងរង់ចាំជាយូរមកហើយនោះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តកាលពីចុងឆ្នាំ ២០១៥ កន្លងនេះដោយទទួលបានការស្វាគមន៍ពីអ្នកជំនាញផ្នែកអចលនទ្រព្យបើទោះបីជាវាហាក់ដូចជាយឺតយ៉ាវក៏ដោយ។

ប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញត្រូវបានសាលារាជធានីភ្នំពេញរៀបចំឡើងតាំងពីឆ្នាំ ២០០២ ប៉ុន្តែការអនុម័តត្រូវបានពន្យារពេលរហូតដល់ចុងឆ្នាំ ២០១៥ កន្លងមកនេះ។

ប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ ២០៣៥ ដែលមានកម្រាស់ ៣៥ ទំព័រ និងដែលត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខាអនុម័តយល់ព្រមកាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៥ នោះបានបង្ហាញគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗចាំបាច់ការរៀបចំតំបន់បៃតង និងការថែរក្សាប្រព័ន្ធអេកូឡូស៊ីរបស់ទីក្រុង។

មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងថាឯកសារចំនួន ៣៥ ទំព័រនោះគ្រាន់តែជាខ្លឹមសារសង្ខេបដែលត្រូវបានដកស្រង់ចេញពីឯកសារដើមរាប់ពាន់ទំព័រ និងត្រូវបានលោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បង្ហាញទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញនិយាយថា៖ «ខ្ញុំបកស្រាយជូនមិនអស់ទេ។ សៀវភៅប្លង់គោលមួយមានកម្រាស់ប៉ុន្មានពាន់សន្លឹកឯណោះ។ វាគ្រាន់តែជាសេចក្ដីសង្ខេបដែលលោកអភិបាលរាជធានីធ្វើបទអន្តរាគមន៍ជូនគណៈរដ្ឋមន្ត្រីតែប៉ុណ្ណោះ»។

លោក ឌីម៉ង់ បន្ថែមថា៖ «យើងរីករាយនឹងមានវា។ វាជាឯកសារផែនការក្នុងការរៀបចំទីក្រុងពីព្រោះរាជធានីភ្នំពេញកំពុងតែប្រឈមនឹងកំណើនប្រជាពលរដ្ឋ កំណើនយានយន្ត និងការអភិវឌ្ឍកាន់តែច្រើននាពេលខាងមុខ»។

ទោះជាយ៉ាងណាការអនុម័តលើប្លង់គោលនេះមានភាពយឺតយ៉ាវជាងការវិវត្តដ៏ឆាប់រហ័សនៃនគរូបនីយកម្មរបស់ទីក្រុងមួយនេះខណៈគម្រោងសំណង់ធំៗដែលលើកឡើងក្នុងផែនការមេត្រូវបានផ្លាស់ប្ដូរស្ទើរតែទាំងស្រុងរួចទៅហើយ។

ជាឧទាហរណ៍ទំនប់កប់ស្រូវដែលជាផ្លូវក្រវាត់ក្រុងទប់ទល់នឹងទឹកជំនន់នោះត្រូវបានសាលារាជធានីភ្នំពេញសាងសង់ឡើងរួចរាល់តាំងពីឆ្នាំ ២០០១ ។ កំពង់ផែស្វយ័តភ្នំពេញដែលពីមុនស្ថិតនៅតាមដងទន្លេសាបក្នុងខណ្ឌដូនពេញត្រូវបានផ្លាស់ប្ដូរទៅកាន់ទីតាំងថ្មីស្ថិតក្នុងស្រុកកៀនស្វាយរបស់ខេត្តកណ្ដាលកាលពីដើមឆ្នាំ ២០១៣។

ស្ថានីយរថភ្លើងដែលកាលពីមុនស្ថិតនៅតំបន់បឹងកក់ត្រូវបានផ្លាស់ប្ដូរទៅកាន់ស្ថានីយសំរោងស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យបន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់កាលពីឆ្នាំ ២០១២ ហើយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលទទួលបានអ្នកដំណើរអន្តរជាតិជាង ៣ លាននាក់នៅឆ្នាំ ២០១៥ កន្លងមកនេះត្រូវបានពង្រីក និងកែលម្អបន្ថែមទាំងចម្រូងចម្រាសជាមួយពលរដ្ឋរស់នៅជុំវិញទីនោះនៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។

សហគមន៍ក្រីក្របុរីកីឡាដែលគ្របដណ្ដប់លើដីប្រហែល ៤,៦ ហិចតាត្រូវបានរាជរដ្ឋាភិបាលប្រគល់សិទ្ធិអភិវឌ្ឍន៍ទៅក្រុមហ៊ុនផានអ៊ីមិចរបស់អ្នកស្រី ស៊ុយ សុផាន អ្នកជំនួញកម្ពុជាដ៏មានឥទ្ធិពលម្នាក់កាលពីឆ្នាំ ២០០៣ ជាថ្នូរទៅនឹងការអភិវឌ្ឍលំនៅឋានយ៉ាងចម្រូងចម្រាសសម្រាប់ពលរដ្ឋក្រីក្ររស់នៅទីនោះ។

តំបន់បឹងកក់ដែលជាបឹងធម្មជាតិធំជាងគេនៅកណ្តាលរាជធានីភ្នំពេញមានទំហំដល់ទៅ ១៣៣ ហិចតា និងមានពលរដ្ឋក្រីក្ររស់នៅប្រហែល ៤០០០ គ្រួសារនោះត្រូវបានចាក់ខ្សាច់បំពេញរួចរាល់ហើយបន្ទាប់ពីតំបន់នេះត្រូវបានរាជរដ្ឋាភិបាលប្រគល់ទៅឲ្យក្រុមហ៊ុន Sukaku Inc.របស់លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាចកាលពីដើមឆ្នាំ ២០០៧ សម្រាប់អភិវឌ្ឍលំនៅឋាន និងផ្សារទំនើប។

លោក គឹម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យនៅកម្ពុជាបានឲ្យដឹងថាប្លង់គោលរាជធានីភ្នំពេញត្រូវបានអនុម័តដោយយឺតយ៉ាវបន្តិចទៅហើយប៉ុន្តែលោកទទួលស្គាល់ពីសារៈសំខាន់នៃវត្តមានប្លង់គោលនេះចំពោះវិស័យអចលនទ្រព្យ។

លោក គឹម ហ៊ាង និយាយថា៖ «យើងសង្កេតឃើញជាទូទៅនៅប្រទេសកម្ពុជាយើងច្បាប់តែងតែកើតចេញនៅពេលសកម្មភាពត្រូវបានគេធ្វើរួចទៅហើយ។ សម្រាប់ខ្ញុំមិនមែនជារឿងចម្លែក និងថ្មីនោះឡើយដែលសកម្មភាពមួយចំនួនត្រូវបានអនុវត្តហើយទើបមាននៅក្នុងប្លង់គោលជាក្រោយ»។

លោក គឹម ហ៊ាង បន្ថែមថា៖ «ពីដើមមកយើងរកស៊ីបិទភ្នែកហើយយកដៃរាវអ៊ីចឹងពីព្រោះវិនិយោគិនខ្លះដែលមានលុយមិនដឹងថាតើគាត់អាចវិនិយោគនៅកន្លែងណាមួយដែលអាចផ្ដល់ផលចំណេញនោះឡើយ។ ក្រោយពេលយើងដឹងយើងអាចវិនិយោគចំគោលដៅដែលយើងចង់វិនិយោគ។ និយាយរួមទៅមានប្លង់គោលស្រួលជាងអត់មានប្លង់គោល។ ខ្ញុំគិតថាអ្នកសប្បាយចិត្តជាងគេគឺវិនិយោគិន»។

ឆ្លើយតបនឹងភាពយឺតយ៉ាវនេះលោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា៖ «យើងសុខចិត្តយឺតប្រសើរជាងយើងអត់មានពីព្រោះវាជាឯកសារតម្កល់ការអភិវឌ្ឍរាជធានីភ្នំពេញប្រកបដោយចីរភាព។ វាយឺតយ៉ាវបន្តិចមែនដោយសារស្ថានភាពមិនអំណោយផល។ ដូច្នេះដើម្បីកុំឲ្យខ្វះខាតតទៅទៀតយើងត្រូវតែអនុម័ត»។

ផ្ទុយទៅវិញអង្គការសង្គមស៊ីវិលដែលធ្វើការគាំពារសហគមន៍ក្រីក្រនៅក្នុងរាជធានីភ្នំពេញបានសម្ដែងក្ដីបារម្ភថាប្រជាពលរដ្ឋក្រីក្រក្នុងទីក្រុងនេះអាចកាន់តែរងហានិភ័យបន្ទាប់ពីប្លង់គោលរាជធានីភ្នំពេញត្រូវបានអនុម័ត។

លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋានអង្គការដែលតែងតែជំទាស់ទៅនឹងការបណ្ដេញចេញដោយបង្ខំនោះបាននិយាយថា៖ «យើងមានក្ដីបារម្ភបន្ថែមទៀតក្រោយពេលអនុក្រឹត្យនេះចេញមកពីព្រោះប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្របានរងគ្រោះរួចមកហើយមុនពេលប្លង់គោលនេះត្រូវបានអនុម័ត»។

លោក សៀ ភារម្យ បន្ថែមថា៖ «ប្រសិនបើអាជ្ញាធរគិតរឿងសេដ្ឋកិច្ចខ្លាំងហើយភ្លេចបញ្ហាសិទ្ធិមនុស្សសិទ្ធិលំនៅឋាន និងជីវិតអ្នកក្រីក្រនោះខ្ញុំជឿថាវានឹងអាចធ្វើឲ្យមានហានិភ័យ។ ប្រសិនបើរាជរដ្ឋាភិបាលខិតខំអនុវត្តគោលនយោបាយជាតិស្ដីពីលំនៅឋានឲ្យបានខ្ជាប់ខ្ជួនខ្ញុំជឿថាវាអាចជួយដោះស្រាយសហគមន៍ក្រីក្រ»។

រហូតមកដល់ពេលនេះប្លង់គោលរាជធានីភ្នំពេញពុំទាន់ត្រូវបានសាលារាជធានីភ្នំពេញផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹងនៅឡើយទេខណៈពលរដ្ឋរស់នៅតំបន់ខ្លះបានក្លាយជាជនរងគ្រោះក្នុងផែនការអភិវឌ្ឍន៍មិនច្បាស់លាស់របស់អាជ្ញាធរមូលដ្ឋាន។

កញ្ញា កើត សុខារ៉ានី ពលរដ្ឋរងគ្រោះម្នាក់នៅតំបន់អូរបាក់ទូកបន្ទាប់ពីផ្ទះរបស់គាត់ត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវឈូសកម្ទេចកាលពីថ្ងៃទី ១៨ ខែមករាកន្លងមកនោះបាននិយាយថាអាជ្ញាធរពុំបានបង្ហាញផែនការអភិវឌ្ឍន៍អូរបាក់ទូកនោះឡើយបើទោះបីជាកញ្ញាបានទាមទារមើលជាច្រើនដងក៏ដោយ។

កញ្ញា សុខារ៉ានី និយាយថា៖ «យើងចង់ដឹងឲ្យបានច្បាស់អំពីផែនការអភិវឌ្ឍន៍អូរបាក់ទូកប៉ុន្តែអាជ្ញាធរបានបដិសេធហើយចោទប្រកាន់ថាគ្រួសារខ្ញុំបានសាងសង់ផ្ទះរំលោភលើប្រឡាយនោះ។ មិនត្រឹមតែបដិសេធផ្ដល់ព័ត៌មានជាក់លាក់អំពីផែនការអភិវឌ្ឍន៍អូរបាក់ទូកនោះទេអាជ្ញាធរថែមទាំងមិនស្ដាប់ការពន្យល់របស់យើងថែមទៀតផង»។

យោងតាមការបញ្ជាក់ពីលោក ឡុង ឌីម៉ង់ សហគមន៍ក្រីក្រមានចំនួនប្រមាណ ៣០០ សហគមន៍ហើយចំនួននេះនឹងត្រូវបានកាត់បន្ថយដោយសារសហគមន៍ខ្លះត្រូវបានកែលម្អឲ្យប្រសើរឡើង។

លោក គឹម ហ៊ាង បានចោទជាសំណួរថា៖ «តើយើងត្រូវកាត់ស្បែកជើងតម្រូវជើង ឬយើងត្រូវកាត់ជើងតម្រូវស្បែកជើង។ យើងមិនអាចអូសឫស្សីបញ្ច្រាសចុងទេអ៊ីចឹងយើងត្រូវសម្របសម្រួលតាមហ្នឹង»៕

ប្រភព៖ postkhmer

Leave a Reply