ប្រព័ន្ធសម្ពាធទាប នឹងបង្កឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន នៅកម្ពុជាចាប់ពីថ្ងៃ១៩ ដល់២៥ ខែកញ្ញា ឆ្នាំ២០១៦
Posted On : កញ្ញា, 19, 2016 | By សំឡេងទីក្រុង

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

នៅថ្ងៃទី១៩  ខែកញ្ញា ឆ្នាំ២០១៦ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី “ស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជា”។ នៅក្នុងសេចក្ដីជូនដំណឹងនេះ បានបញ្ជាក់ថា ខ្យល់មួសុងនិរតី បានជះឥទ្ធិពលលើឈូងសមុទ្រថៃ និងព្រះរាជាណាចក្រកម្ពុជា។

ប្រព័ន្ធសម្ពាធទាបនេះ កំពុងអូសកាត់លើអាងទន្លេមេគង្គ នឹងធ្វើដំណើររំកិលចុះ ទៅភាគខាងត្បូងលើប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៦។

ស្ថានភាពអាកាសធាតុនេះ នឹងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយបន្តបន្ទាប់គ្នាពីមធ្យមទៅច្រើន នៅទូទាំងប្រទេស រហូតដល់ថ្ងៃទី១៩ ដល់ទី២៥ ខែកញ្ញា ឆ្នាំ២០១៦។

និងនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ឧត្តរមានជ័យ សៀមរាប កំពង់ធំ និងខេត្តបន្ទាយមានជ័យ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី២១ ដល់ទី២៥ ខែកញ្ញា ឆ្នាំ២០១៦។

ចំណែកស្ថានភាពអាកាសធាតុនៅតំបន់ខ្ពង់រាប និងមាត់សមុទ្រមានដូចខាងក្រោម៖

១/ តំបន់វាលទំនាប និងខ្ពង់រាប៖ ភ្លៀងនិងបន្តធា្លក់រាយប៉ាយ ជាមួយនឹងបរិមាណ កើនឡើងពីមធ្យមទៅច្រើន។

២/ តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។

យោងតាមស្ថានភាពអាកាសធាតុដូចបានជម្រាប់ជូនខាងលើ សូមឲ្យក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ នឹងប្រជា ពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមាន ជាយថាហេតុ ជាពិសេសនៅតំបន់សមុទ្រដែលមានសភាពអួអាប់ខ្លាំង នឹងរលកខ្ពស់ៗ៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!