ប្រព័ន្ធសម្ពាធទាប នឹងបង្កឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន នៅកម្ពុជាចាប់ពីថ្ងៃ១៣ ដល់១៨ ខែកញ្ញា
Posted On : កញ្ញា, 13, 2016 | By សំឡេងទីក្រុង

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង មួយស្ដីពី “ស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជា”។ សេចក្ដីជូនដំណឹងនេះបាន បញ្ជាក់ថា សម្ពាធទាបនេះ នឹងធ្វើដំណើរទៅដល់ឆ្នេរប្រទេសវៀតណាម នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ រួចបន្តដំណើរកាត់តំបន់ខ្ពង់រាប ចន្លោះព្រំប្រទល់កម្ពុជា-ឡាវ។

ស្ថានភាពអាកាសធាតុនេះ នឹងបង្កឲ្យ មានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន នៅទូទាំងប្រទេស រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ពិសេសតំបន់ខ្ពង់រាប នឹងមាន ភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា។ ចំណែកនៅលើផ្ទៃសមុទ្រនិងសភាពអួអាប់ខ្លាំង នឹងមានរលកខ្ពស់ៗ ជាពិសេសចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែកញ្ញា ឆ្នាំ២០១៦។

ឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាបនេះ បានចាប់ផ្ដើមដោយអូសកាត់ពីលើអាងទន្លេមេគង្គ និង សម្ពាធដែលកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ដែលបានធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់(តំបន់ខ្លះលើសពី១០០mm/២៤h)។

យោងតាមស្ថានភាពអាកាសធាតុដូចបានជម្រាប់ជូនខាងលើ សូមឲ្យក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ នឹងប្រជា ពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមាន ជាយថាហេតុ ជាពិសេសនៅតំបន់សមុទ្រដែលមានសភាពអួអាប់ខ្លាំង នឹងរលកខ្ពស់ៗ៕

photo_2016-09-11_18-02-00

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!