ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌទួលគោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បង្ការ​គ្រោះ​អគ្គីភ័យ ​និង​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​​
Posted On : មិនា, 19, 2015 | By សំឡេងទីក្រុង

ថ្ងៃ ព្រហស្បតិ៍ ទី19 មីនា ឆ្នាំ2015, ប្រភព៖ kampucheathmey

ភ្នំពេញ​ ៖ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌទួលគោក លោក ម៉ែន សិរី បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​បង្ការ​គ្រោះ​អគ្គីភ័យ​ និង​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ធ្វើ​យ៉ាង​ណា​ឲ្យ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​។ ​ការ​ស្នើ​សុំ​បែបនេះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៩ ​ខែមីនា ឆ្នាំ២០១៥ ក្នុង​ខណៈ​ពេល​ដែល​នាំ​យក​អំណោយ​មនុស្សធម៌​ជា​ស្បៀងអាហារ សម្ភារៈ​ប្រើប្រាស់ និង​ថវិកា​មួយចំនួន របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​មក​ផ្តល់​ជូន​ដល់​ចាស់ជរា​គ្មាន​ទីពឹង និង​ទីទ័លក្រ​ចំនួន​៣០​គ្រួសារ រស់​នៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២​ខណ្ឌទួលគោក​។​

លោក​ ម៉ែន សេរី ​បាន​មានប្រសាសន៍​ថា រដូវ​នេះ​ជា​រដូវប្រាំង​ដូច្នេះ​គ្រោះ​ហានិភ័យ​ដោយ​សារ​អគ្គីភ័យ​ពិតជា​ផុយ​ស្រួយ​នឹង​កើតឡើង​ណាស់ ដូច្នេះ​ទេ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច ដោយ​ធ្វើ​យ៉ាង​ណា​បង្ការ​គ្រោះ​អគ្គីភ័យ​នេះ​ឲ្យ​បាន​។ ​គ្រោះ​អគ្គីភ័យ​វា​ធ្វើឲ្យ​យើង​បាត់បង់​ផ្ទះសំបែង​ទ្រព្យសម្បត្តិ ហើយ​ពេលខ្លះ​ត្រូវ​បាត់បង់​អាយុជីវិត​ថែមទៀត​។ ​ក្រៅពី​ការ​ស្នើ​សុំ​ខាងលើ ​ហើយ​លោក​ ប៉ែន សេរី ក៏បាន​ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជួយ​សហការ ​និង​រាយ​ការណ៍​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផង​ដែរ ដើម្បី​បង្ក​ និង​ទប់ស្កាត់​បង​ល្មើស​ផ្សេងៗ​នៅក្នុង​មូលដ្ឋាន បើ​គ្មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទេ ការអនុវត្ត​គោលនយោបាយ​ភូមិ/​សង្កាត់​មាន​សុវត្ថិភាព​ពិតជា​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ​។​

ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​អំណោយ​ខាង​លើ​នេះ លោក​ក៏បាន​លើកឡើង​ពី​ទឹកចិត្ត​ដ៏​សប្បុរស​ថ្លៃថ្លា របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​ជា​និច្ចកាល​សម្ដេច តែងតែមាន​ទឹកចិត្ត​នឹក​រលឹក និង​គិតគូរ​ជានិច្ច​ចំពោះ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទូទាំង​ប្រទេស បើ​ទោះ​បី​ជា​សម្ដេច​ប្រធាន មិនបាន​អញ្ជើញ​ចុះ​មក​ជួប​ដោយ​ផ្ទាល់ ក៏​សម្ដេច​តែងតែ​ណែនាំ​ឲ្យ​គ្រប់​សាខា អនុ​សាខា អាជ្ញាធរ​ដែនដី​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ម៉ត់ចត់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន ដែល​ជួបប្រទះ​ការ​លំបាក និង​បាន​បញ្ជាក់​ច្បាស់​ថា មិន​ត្រូវ​ទុក​ឲ្យ​ប្រជាពល​រដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​អត់បាយ ហើយ​យើង​មិន​បានដឹង​នោះ​ទេ​។​

អំណោយ​ដែល​ត្រូវ​ផ្តល់​ជូន​ចាស់ជរា​គ្មាន​ទីពឹង និង​ទីទ័ល​ក្រទាំង​៣០​គ្រួសារ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​២៥​គីឡូក្រាម,​មី​១​កេស ,​ត្រីខ​១០​កំប៉ុង ,​មុង​១ ,​ភួយ​១ ,​ក្រ​ម៉ា​១ ,​សារុង​១ និង​ថវិកា​១​ម៉ឺន​រៀល​៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!