ប្រជាពលរដ្ឋ ត្រូវ​ថែទាំ​ប្រពន្ធលូថ្មីជៀសវាងការចោះលូមេដោយគ្មានការអនុញ្ញាត
Posted On : May, 25, 2015 | By សំឡេងទីក្រុង

ប្រភព: CEN,ដោយ: ​កូ​ឡាប,ថ្ងៃទី 25 ឧសភា 2015

ភ្នំពេញ: អាជ្ញាធរ​ក្រុងភ្នំពេញ បាន​ស្នើសុំ​ប្រជាពលរដ្ឋ ជួយ​ថែរក្សា​ប្រព័ន្ធ​លូ​ថ្មី និង​ផ្លូវ​ថ្មី ដែល​នឹង​បើក​ការដ្ឋាន​ស្ថាបនា នាពេល​ខាងមុខនេះ ជាពិសេស​ប្រជាពលរដ្ឋ ត្រូវតែ​ថែទាំ​បណ្តាញ​លូ ជៀសវាង​ការ​ចោះ​លូ​មេ​ដោយ​គ្មាន​ការអនុញ្ញាត គ្មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ដែលជា​ហេតុ​ធ្វើ​ឲ្យ​លូ​ឆាប់​ខូច និង​កកស្ទះ​។ គម្រោង​នេះ​នឹងធ្វើ​ប្រជាពលរដ្ឋ​ចំនួន ៦ ភូមិ​នឹង​លែង​លិច​ទឹក ដែល​ពោរពេញ ទៅដោយ​ភាព​ស្អុយ​អសោច​។

​ក្នុង​ពិធីបើកការដ្ឋាន​ដាក់​ បណ្តាញ​លូ​ថ្មី ១ ខ្សែ នៅ​ផ្លូ​លេខ​៦៩ BT ប្រវែង ១២០០ ម៉ែត្រ ផ្លូវ​ចូល​វត្ត​ដំបូក​ខ្ពស់ ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៥ នៅ​វត្ត​ដំបូក​ខ្ពស់ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានស្នើ​សុំ​ដល់​ប្រជាពលរដ្ឋ​ធ្វើការ​ថែទាំ​អណ្តូង​លូ​នេះ ឲ្យ​បានល្អ រួមជាមួយ​នឹង​កម្រ​ប​លូ ហើយ​ជាពិសេស​ដាច់ខាត​មិនត្រូវ​ឲ្យ​មាន​សំរាម​ចូល​ទេ​។​

​លោក​ អភិបាលក្រុង បាន​លើកឡើងថា “​អណ្តូង​លូ នៅមុខ​ផ្ទះ​អ្នកណា សុំ​បងប្អូន​នៅផ្ទះ​នោះ មេត្តាជួយ​ថែទាំ​។ ខ្ញុំ​សុំ​តែ​ប៉ុណ្ណឹង​ទេ ពីព្រោះ​ខ្ញុំ​ប្រៀបធៀប​ធ្វើ​លូ​អស់​លុយ​ច្រើនជាង​ផ្លូវ​”​។​

​លោក​ បាន​បន្តថា លូ​ប្រវែង​តែមួយ​គីឡូម៉ែត្រ ស្ទះ​តែ​កន្លែង​ណាមួយ ទឹក​អត់​ហូរ​ស្ទះ​ទាំងអស់ ប៉ុន្តែ​បើ​ផ្លូវ​តែមួយ​គីឡូម៉ែត្រ មាន​គ្រលុក​តែមួយ ជិះ​ផុត​គ្រលុក​នោះ អាច​បើក​បាន​បន្តទៅទៀត​។ វា​ខុសគ្នា​អីចឹង ហើយ​លូ​មើល​អត់​ឃើញ ផ្លូវ​មើលឃើញ​។ លូ​ស្ទះ​មើល​អត់​ឃើញ ដឹង​តែ​ស្ទះ​ទៅ​មិន​រួច អីចឹង​យើង​ត្រូវការ​ពិបាក​ជួសជុល​ថែទាំ​ណាស់​។ អីចឹង​ការថែទាំ ត្រូវតែ​យកចិត្តទុកដាក់ ជួយ​ថែទាំ​អណ្តូង​លូ​នេះ​។​

​ លោក ប៉ា សុជាតិ​វង្ស បានដាក់​បទបញ្ជា​ថា “​ហាម​ដាច់ខាត​ការតភ្ជាប់​លូ ទៅ​លូ​មេ​ដ៏​សំខាន់ តាមតែ​ឯកចិត្ត​។ ចង់​និយាយថា ផ្ទះ​អា​នី​ស​ចោះ​ត​ភ្ជាប់​ទៅ​ចោះ​ខ្លួនឯង ចោះ​ដាក់​ខ្លួនឯង​អីចឹង​មិន​បានទេ ពីព្រោះ​អា​ដាប់​ត​ភ្ជាប់​ដោយ​អត់​បច្ចេកទេស​នេះ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ជាមួយនឹង​គុណភាព​សំណង់ គុណភាព​ការដ្ឋាន​លូ​។ គេ​មាន​របៀប​សម្រាប់​ត​ភ្ជាប់ ចង់​ត​ភ្ជាប់​ត្រូវសុំ​ការអនុញ្ញាត ពី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ មក​រៀបចំ​ជូន និង​បង្កលក្ខណៈ​ក្នុង​រឿងនេះ​”​។​

​លោក​អភិបាល បន្តថា កន្លែង​អណ្តូង​លូ​មួយ ដែលជា​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្វើ ជា​អណ្តូង​លូ​មេនេះ ត្រូវតែ​ភ្ជាប់​ទៅ​បណ្តាញ​បងប្អូន​ប្រជាពលរដ្ឋ​តាមរយៈ​អណ្តូង​លូ​ពីរ​ ទន្ទឹមគ្នា ដោយ​ម្ខាង​បងប្អូន​ប្រជាពលរដ្ឋ​ត​ភ្ជាប់​មក ពីព្រោះ​នៅក្នុង​ភូមិ​បណ្តាញ​លូ​តូចៗ​ដែល​បងប្អូន​ត​ចូលមក ហើយ​ត្រូវធ្វើ​ឲ្យ​បាន​ម៉ត់ចត់ ប៉ុន្តែ​បើ​យើង​មិន​រៀបចំ​ឲ្យ​ត្រូវ​តាម​បច្ចេកទេស​នោះទេ លូ​នេះ​ក៏​អត់​បានយូរ​ប៉ុន្មាន​ទេ ហើយ​កកស្ទះ​នៅ​ហ្នឹង​។​

​លោក​បាន​ បន្តថា បន្ទប់ទឹករ​បស់បង​ប្អូន​គិតតែ​ក្នុង​គ្រួសារ​តែ​ចំនួន ៣ គីឡូក្រាម ហើយ​ត្រូវ​គន់មើលៗ វា​ចេញ​ទៅណា​អាហ្នឹង​។ នៅ​ស្រុក​គេ បង់ថ្លៃ​។ ឥឡូវ​យើង​ប្រើ​ទឹក​បង់ថ្លៃ យើង​ប្រើ​ភ្លើង​បង់ថ្លៃ ប្រើ​លូ​ធ្វើ​មិនដឹង​អត់​បង់ថ្លៃ អានេះ​ថ្ងៃក្រោយ​ចាំ​យើង​គិត ប៉ុន្តែ​នៅ​ចំពោះមុខ​អ្វីដែល​យើង​បាន​ធ្វើជា​ទ្រព្យ​រួម ទ្រព្យ​របស់​សហគមន៍​យើងទាំងអស់គ្នា ដូច្នេះ យើង​ត្រូវខិតខំ​ការពារ បើ​មិនបាន​ជួយ​ជ្រោមជ្រែង តែ​សុំ​ឲ្យ​ការពារ​អណ្តូង​លូ​នេះ​ឲ្យ​បានល្អ មិនត្រូវ​ចោះ​តាមចិត្ត​បានទេ​។​

​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ បាន​លើកឡើងថា ផ្លូវ​នេះ​ត្រូវបាន​លិច​ទឹក​ស្ទើរ​ខួបប្រាំងខួបវស្សា ដោយសារតែ​ប្រព័ន្ធ​លូ​ដែលមាន​ស្រាប់​ជា​ប្រព័ន្ធ​លូ​ចាស់ មិនទាន់​ឆ្លើយតប​ទៅនឹង​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​សមស្រប​នៅឡើយ ដោយ​កន្លែង​ខ្លះ​មាន​លក្ខណៈ​តូច ធំ ខ្ពស់ ទាប មិន​ស្មើ និង​ត្រូវបាន​ខូចខាត​ស្ទើរតែ​ទាំង​ស្រុក និង​មួយផ្នែកធំ​នៃ​ផ្លូវ​នេះ​មិនទាន់មាន​ប្រព័ន្ធ​លូ​នៅឡើយ ទើប​ថ្ងៃនេះ​បានធ្វើ​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ឆ្អឹង​ដែក ១​ខ្សែ​ប្រវែង​១២០០​ម៉ែត្រ និង​ដាក់​ប្រព័ន្ធ​លូ​ទំហំ​មុខកាត់ ១​ម៉ែត្រ មុខកាត់​១,២០​ម៉ែត្រ និង​មុខកាត់ ១,៥០ ម៉ែត្រ សរុប ១២០០​ម៉ែត្រ​ដែល​បម្រើ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ៦ ភូមិ​។

​ សូមបញ្ជាក់ថា គម្រោង​នេះ បាន​ដំណើរការ ដោយសារតែ​ប្រជាពលរដ្ឋ មានការ​លំបាក​ធ្វើដំណើរ ដោយសារតែ​ផ្លូវ​បេតុង​នេះ បាន​បែក​ប្រេះ គ្រលុក ទឹក​លិច ស្អុយ ជាដើម​៕

IMG_5754

IMG_5759

Urban Voice Cambodia

Urban Voice Cambodia