ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​ដង្ហោយ​រក​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ​ បញ្ហា​អត់​ទឹក​ប្រើប្រាស់​
Posted On : March, 17, 2015 | By សំឡេងទីក្រុង

ដោយ: កម្ពុជាថ្មី​, ថ្ងៃ អង្គារ ទី17 មីនា ឆ្នាំ2015

ភ្នំពេញ ៖ ក្រុមហ៊ុន​ទឹកស្អាត ព្រៃគុហ៍​ខន​ស្ត្រាក់សិន ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​ផ្សា​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ មិនមាន​ទឹក​ឲ្យ​ប្រជាពលរដ្ឋ​រាប់ពាន​គ្រូ​សារ​ប្រើប្រាស់ ក្នុងភូមិ​ចំនួន​៤​របស់​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ តែ​ដល់​ខែ​មក​កត់​ភ្នែក​គីឡូ​គិតលុយ​បើទោះ​ជា​មិនបាន​ប្រើប្រាស​ក៍ដោយ​។

ប្រជាពលរដ្ឋ​រាប់ពាន​គ្រួសារ ក្នុងភូមិ​ចំនួន​៤​របស់​សង្កាត់​សំរោង​ដែល​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​នេះ​បាន​លើកឡើងថា ជា​រៀងរាល់ឆ្នាំ​ឲ្យតែ​ដល់​រដូវប្រាំង​ម្តងៗ​ពួកគាត់​តែងតែ​ខ្វះ​ទឹក​ប្រើប្រាស់ ជានិច្ច​បើទោះជា​ពួកគាត់​បាន​ត​ភ្ជាប់​ប្រព័ន្ធ​ បណ្តាញ​ទឹកស្អាត​រួចរាល់​ហើយ​ក៏ដោយ​។

ប្រជាពលរដ្ឋ​ទាំងនេះ​បាន​បន្តថា លុះត្រា​ណា​តែ​ប្រជាពលរដ្ឋ​ ដែលមាន​ទីលំនៅ នៅ​ជិត​អាង​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​ទឹកស្អាត ព្រៃគុហ៍ ខន​ស្ត្រា​ក់សិននោះ​ ទើប​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​។ បើ​នៅ​ឆ្ងាយ​វិញ អ្នក ​ដែលមាន​ទុយោ​ទាប​ជាងគេ​អាច​បើក​ចោល​១​យប់​ទល់​ភ្លឺ​បាន​កន្លះ​ពាង​តែ​ប៉ុណ្ណោះ តែបើ​មាន​ទុយោ​ជាប់​តាមផ្លូវ​ថ្នល់​នោះ​ គឺ​ទឹក​អត់​ចេញ​តែម្តង ហេតុនេះ​ធ្វើ​ឲ្យ​ពួកគាត់​ទៅ​ទិញ​ទឹក​គេ​មកប្រើប្រាស់​ជាប្រចាំ​។ តែ​ដល់​ខែ​គេ​ឃើញ​បុគ្គលិក​ក្រុមហ៊ុន​ទឹកស្អាត ព្រៃគុហ៍ ខន​ស្ត្រា​ក់សិន​នោះមក​កត់​ភ្នែក​គីឡូ​គិតលុយ ជាប្រចាំ​បើទោះជា​មិនបាន​ប្រើប្រាស់​ក៏​ដោយ​។ ប្រជាពលរដ្ឋ​នៅ​សង្កាត់​សំរោង​នេះ​លើកឡើង​ទៀតថា តាំងពី​ក្រុមហ៊ុន​ទឹកស្អាត ព្រៃគុហ៍ ខន​ស្ត្រា​ក់សិន​នេះ​បង្កើត​មក គឺ​ពិបាក​នូវ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​នេះ​រហូត​តែម្តង​។ ហើយ​កន្លងមក​ប្រជាពលរដ្ឋ​នាំគ្នា​ធ្វើសំណើ​ទៅតាម​រយៈ​លោក​ចៅសង្កាត់​សំរោង​ក្នុង​វេទិកាសាធារណៈ​ជា ញឹកញាប់​សុំ​ឲ្យ​ក្រុមហ៊ុន​ទឹក​ស្អាត​មួយ​នេះ ចុះមក​ពិនិត្យ​និង​បញ្ចេញ​ទឹក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​គ្រប់គ្រាន់​ផង ប៉ុន្ដែ​ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ហាក់ដូចជា​គ្មាន​ដំណោះស្រាយ បន្ដិច​សោះឡើយ​ព្រោះ​ទឹក​អត់​មានប្រើ​ប្រាស់​ដដែល​។

ប្រជាពលរដ្ឋ​ទាំងនេះ​បញ្ជាក់ថា ការសន្យា​ពី​អាជ្ញាធរ​ថា​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​គឺ​ដូរ​អស់​អភិបាលខណ្ឌ​ពីរ​នាក់​ហើយ ក៏​នៅ​មិនមាន​ដំណោះស្រាយ​ដែរ ហាក់​ខ្លាច​អំណាច​ក្រុមហ៊ុន​ទឹកស្អាត ព្រៃគុហ៍ ខន​ស្ត្រាក់សិន​នេះ​ណាស់​។ ប្រជាពលរដ្ឋ​ទាំងនេះ​បញ្ជាក់ទៀតថា ចាំមើល​អភិបាលខណ្ឌ​ព្រែក​ព្នៅ​ដែល​ឡើង​ថ្មី​នេះ អាច​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​អំពី​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​នេះ​បាន​ឫ​យ៉ាងណា​? ឫក៏ដូច​មុន​ទៀត​ដែរ​?​។ ទាក់ទង​និង​បញ្ហា​នេះ កម្ពុជា​ថ្មី​បាន​ព្យាយាម​សុំ​ការបំភ្លឺ​តាម​ទូរ​ស័ព្ទ​ពី​ប្រធាន​ក្រុមហ៊ុន​ទឹកស្អាត ព្រៃគុហ៍ ខន​ស្ត្រា​ក់សិន​នេះដែរ តែ​មិនអាច​ទាក់ទង​បានឡើយ​បាន​ត្រឹម​ជួប ផ្នែក​បេឡា​ម្នាក់​ឈ្មោះ​គីម ស៊ុយ ដោយ​ឆ្លើយថា​មិនដឹង​អ្វី​ទាំងអស់ ទឹក​មាន​ឫ​មិន​មាននៅ​ថ្ងៃ​ណា​នោះ​គឺ​មិនដឹង​ឡើយ​។​

ចំណែក​លោក ទូច សា​លិ​ន អភិបាលរងខណ្ឌ​ព្រែក​ព្នៅ ទទួលបន្ទុក​ប្រធាន​គណៈកម្មការ​ទឹក​ស្អាត​ក្នុង​ខណ្ឌ​នេះ​បាន​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​ឲ្យ​ដឹងថា លោក​សុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ​ទាំង​៤​ភូមិ ក្នុង​សង្កាត់​សំរោង​ដែល​អត់​ទឹក​ប្រើប្រាស់ មូលហេតុ​មកពី​ក្រុមហ៊ុន​ទឹកស្អាត ព្រៃគុហ៍ ខន​ស្ត្រាក់សិន​មួយ​នេះ ជីក​ថ្នល់​បេតុង​ត​ទុយោកាត់ បណ្តាល​ឲ្យ​ខួច​ថ្នល់​ជា​អន្លើ​ទើប​ខាង​អាជ្ញាធរ​ខណ្ឌ​ចុះ​ផ្អាក​ក្រុមហ៊ុន​នេះ​មួយរយៈសិន ដើម្បី​ឲ្យ​ក្រុមហ៊ុន​នេះ​មក​ធ្វើ​កិច្ច​សន្យាថា បើ​ថ្នល់​កន្លែង​ជីក​នេះ​ខូច ក្រុមហ៊ុន​ទឹកស្អាត ព្រៃគុហ៍ ខន​ស្ត្រាក់សិន​នេះ​ជា​អ្នក​សង​ការខូចខាត​ទាំងអស់​។

លោក​បន្តថា លោក​ដឹង​ថាប​ច្ច​ប្បន្ន​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ប្រើប្រាស់ អ្នក​ខ្លះទៅ​ដងទឹក​ស្រៈ​ក្នុង​វត្ត អ្នកខ្លះ​ទិញ​ទឹក​គេ​ដឹក​លក់​តាម​ឡាន​។ តែ​បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ធ្វើ​កិច្ចសន្យា​ហើយ លោក​នឹង​ចុះ​ពន្លឿន​កា​រត​បណ្តាញ​ទឹកស្អាត​ក្នុង​សង្កាត់​សំរោង​នេះ ដើម្បី​ឲ្យ​មានទឹក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់​ឡើងវិញ ហើយ​មិនយូរ​ទេ​១​ថ្ងៃ​ឫ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​៕

Urban Voice Cambodia

Urban Voice Cambodia