ប្រជាពលរដ្ឋស្នើអភិបាលក្រុងភ្នំពេញ ជួយអន្តរាគមន៍សំណង់កំពុងសាងសង់មួយកន្លែង ធ្វើឲ្យផ្ទះរបស់ពួកគាត់ប្រេះស្រាំជាច្រើនកន្លែង មិនហ៊ានរស់នៅ
Posted On : March, 3, 2015 | By សំឡេងទីក្រុង

ប្រភព៖ http://www.freshnewsasia.com
(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹងទៅកាន់ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ជួយអន្តរាគមន៍​ និងចុះពិនិត្យមើលសំណង់កំពុងសាងសង់មួយកន្លែង ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ដែលបាននឹងកំពុងធ្វើឲ្យផ្ទះប្រជាពលរដ្ឋមួយ ដែលកំពុងរស់នៅជាប់របងគ្នានោះ មានការប្រេះស្រាំជាច្រើនកន្លែង រហូតធ្វើឲ្យមិនហ៊ានរស់នៅទេ ព្រោះខ្លាចមានការបាក់ស្រុតបណ្តាឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងក្រុមគ្រួសារ។

នៅក្នុងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋឈ្មោះ តាំង អាស៊ីឡា ភេទស្រី អាយុ៣១ឆ្នាំ មានទីលំផ្ទះលេខ ២សេ ផ្លូវ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលបានគោរពជូន លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានស្នើសុំឲ្យជួយអន្តរាគមន៍ ជួយទប់ស្កាត់ផ្អាកការសាងសង់សំណង់នៅផ្ទះលេខ ១សេ ផ្លូវលេខ ៥៩៨ សង្កាត់ទួលសង្កែ រាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ឃួន ចាន់ដារ៉ា និង ប្រពន្ធឈ្មោះ មាស សុវណ្ណារី ។

ក្នុងពាក្យបណ្តឹងបានរៀបរាប់ថា ដោយសព្វថ្ងៃម្ចាស់សំណង់ដែលកំពុងសាងសង់នោះ បានវាយកំទេចជញ្ជាំង និងប្លង់សេរបស់ខ្លួន និងបានសាងសង់បន្ថែមមួយល្វែងទៀត សារជាថ្មីឡើងវិញ បណ្តាលឲ្យផ្ទះរបស់ពួកគាត់ ដែលមានជញ្ជាំងជាប់គ្នាមានការប្រេះស្រាំជាច្រើនកន្លែង រហូតធ្វើឲ្យពួកគាត់មិនហ៊ានរស់នៅទេ ព្រោះខ្លាចមានការបាក់ស្រុតដោយប្រការណាមួយ មានគ្រោះថ្នាក់ដល់អាយុជីវិត និងក្រុមគ្រួសារ។

ដូច្នេះមានតែស្នើសុំអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ជួយអន្តរាគមន៍ដោះស្រាយផង។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ភាគីទាំងពីរ ធ្លាប់បានធ្វើកិច្ចសន្យាជាមួយគ្នា ដោយបានឯកភាពគ្នាចំនួន​ ៤ចំណុចផងដែរ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ មុនការសាងសង់ ដើម្បីជៀសវាងបញ្ហាកើតឡើងដោយប្រការណាមួយ ។

សូមមើល​រូបភាពការដ្ឋានសំណង់ដែលកំពុងសាងសង់ និងរូបភាពប្រេះស្រាំនៅតាមជញ្ចាំង រួមទាំងពាក្យបណ្តឹងជួយអន្តរាគមន៍–>

Urban Voice Cambodia

Urban Voice Cambodia