ប្រជាជន និងអ្នកធ្វើដំណើរតាមផ្លូវស្ទឹងមានជ័យមានការខឹងសម្បារនឹងការធ្វើផ្លូវយឺតយ៉ាវ
Posted On : August, 10, 2015 | By សំឡេងទីក្រុង

ដោយ៖ ងី សុវណ្ណរតនី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥

ភ្នំពេញ៖កំណាត់ផ្លូវលេខ ២១៧ ចាប់ពីគល់ស្ពានស្ទឹងមានជ័យរហូតដល់​សារមន្ទីរ​ប្រល័យពូជសាសន៍​ជើងឯក ដែលមានប្រវែងបណ្តោយ ៧,៥៣០ ម៉ែត្រ និងទទឹង ២២ម៉ែត្រនោះ ត្រូវបានប្រជាជនរស់នៅតាមបណ្តោយផ្លូវ ក៍ដូចជាអ្នកធ្វើដំណើរធ្វើការខឹងសម្បារជាខ្លាំង ចំពោះក្រុមហ៊ុនឯកជនមួយដែលទទួលបន្ទុកធ្វើផ្លូវយឺតជាងគម្រោង។​

ប្រជាពលរដ្ឋបានត្អូញត្អែរ ដោយសារតែផ្លូវធ្វើមិនទាន់ហើយ និងមានសភាពយឺតយ៉ាវ​ ពួកគាត់បានសំដែងនូវការធុញទ្រាន់ចំពោះចរាចរណ៍ដែលមានការកកស្ទះជារៀងរាល់ថ្ងៃ និងបញ្ហាដីហុយត្រលោមប៉ះពាល់ដល់សុខមាលភាពអ្នករស់នៅតាមតំបន់នោះ។

ក្រុមហ៊ុន ណឹម ម៉េង ជាក្រុមហ៊ុនមួយទទួលបន្ទុកធ្វើផ្លូវនេះជាមួយគម្រោងដែលមានការចំណាយរហូតដល់ទៅ ១៦,៨​ លានដុល្លាអាមេរិក ដែលគម្រោងនោះទៀតសោត ត្រូវបានរំពឹងធ្វើរួចរាល់តាំងពី ៣ ទៅ ៤ ខែមុនមកម្លេះ តែផ្ទុយទៅវិញក្រុមហ៊ុននេះមិនបានបញ្ចប់ការដា្ឋនដូចអ្វីដែលបានគ្រោងទុកនោះទេ។ ក្រុមហ៊ុននេះបានសំអាងថាដោយសារខ្លួនបានធ្វើការដោះស្រាយផលប៉ះពាល់ជាមួយប្រជាជនមានភាពយឺតយ៉ាវ ម្លោះហើយក្រុមហ៊ុនក៍សូមពន្យាពេលដែរ។

ទន្ទឹមគ្នានេះដែរ មានមតិមួយចំនួនបានសង្ស័យថា ជាមួយកញ្ចប់ទឹកប្រាក់ដ៍ច្រើនបែបនេះ គួរណាតែការធ្វើផ្លូវប្រព្រឹត្តទៅឆាប់រហ័ស និងស្របតាមកាលកំណត់ មិនគួរណាឲ្យប្រជាជនមានជូបការលំបាកក្នុងការធ្វើចរាចរណ៍បែបនេះទេ ប្រហែលជា មន្ត្រីមន្ទីរសាធារណការរាជធានីភ្នំពេញអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយក៍ថាបាន។

ទោះជាយ៉ាងណាក៍ដោយ អភិបាល​រាជធានី​ភ្នំពេញ ​ លោក ប៉ា សុជាតិ​វង្ស មានប្រសាសន៍ថា ត្រូវ​ជំរុញ​ឲ្យ​ក្រុមហ៊ុន ណឹ​ម ម៉េង ធ្វើ​ផ្លូវ​នោះ​ឲ្យ​បាន​ឆាប់​បំផុត មិនត្រូវ​ប្រើ​លេស​ពន្យារពេល​ទៀត​ទេ​៕

Urban Voice Cambodia

Urban Voice Cambodia