ប៉ូលិស​ដោះ​លែង​អ្នក​ចុះ​វាស់​ដី​ទំនាស់​ក្លែង​ជា​មន្ត្រី​សុរិយោដី
Posted On : January, 20, 2015 | By សំឡេងទីក្រុង

ភ្នំពេញៈ មន្ត្រី​ការិយា​ល័យ​រៀប​ចំ​ដែន​ដី​នគរូបនីយកម្ម សំណង់​និង​ភូមិ​បាល​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា ថា ជន​សង្ស័យ​មួយ​ក្រុម​ដែល​ក្លែង​បន្លំ​ជា​មន្ដ្រី​សុរិយោ​ដី​ក្រុង ចុះ​មក​វាស់​វែង​ដី​បឹង​កំពុង​មាន​ទំនាស់ នៅ​ចំណុច​ភូមិ​បាយ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែល​នៅ​ក្នុង​ដៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ឡើយ ត្រូវ​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ឃាត់​ខ្លួន​នោះ ឥឡូវ​ត្រូវ​បាន​ដោះ​លែង​ជាមួយ​វត្ថុ​តាង​វិញ​ហើយ។

លោក ប៉ោយ ប៉ូលី អនុ​ប្រធាន​ការិយា​ល័យ​រៀប​ចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិ​បាល​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ២០១៥ នគរបាល​ខណ្ឌ​សែន​សុខ​ដឹក​នាំ​ដោយ​លោក​អធិការ ម៉ក់ ហុង បាន​ចុះ​ទៅ​ឃាត់​ខ្លួន​ជន​សង្ស័យ ២​នាក់ ដែល​ក្លែង​ជា​មន្ដ្រី​សុរិយោ​ដី​ក្រុង ហើយ​ចុះ​វាស់​វែង​ដី​បឹង​កំពុង​មាន​ទំនាស់​នៅ​ភូមិ​បាយ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ។ ជន​សង្ស័យ​ទាំង​ ២ ​នាក់​មាន ឈ្មោះ ឆេង គ្រុយ អាយុ៥៨ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ A03 ភូមិ​ទួល​សង្កែ​ សង្កាត់-ខណ្ឌ ឫស្សីកែវ​និង​ឈ្មោះ ឆៃ ជាធី។

លោក​បន្ត​ឲ្យ​ដឹង​ថា ក្រោយ​ឃាត់​ខ្លួន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​បាន​ដក​ហូត រួម​មាន​តួអូប័រ​ចំនួន ៣​គ្រឿង រថយន្ដ​តូយូតា​ធុនដ្រា ពណ៌​ប្រផេះ ពាក់​ស្លាក លេខ ន.ប ២-១៩៦២ មួយ​គ្រឿង និង​បាន​បញ្ជូន​ខ្លួន ពួកគេ​ទៅ​សាក​សួរ​នៅ​ឯ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ។ ប៉ុន្តែ បន្ទាប់​ពី​ការ​សាក​សួរ​រួច​នោះ​កាល​ពី​ព្រលប់​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៥ សមត្ថកិច្ច​នគរបាល​ខណ្ឌ​ក៏​បាន​សម្រេច​ដោះ​លែង​ជន​សង្ស័យ​ទាំង ២ នាក់​និង​វត្ថុ​តាង​ទាំង​នោះ​វិញ។

លោក​បញ្ជាក់​ថា បុរស​ជាប់​សង្ស័យ​ទាំង​២​នាក់ ដែល​ចុះ​មក​វាស់​វែង​ដី​បឹង​កំពុង​មាន
ទំនាស់​នោះ មិន​មែន​ជា​មន្ដ្រី​ការិយា​ល័យ​លោក​នោះ​ទេ។ នៅ​ថ្ងៃ​នោះ ទាំង​ប្រធាន​និង​រូប​លោក​ផ្ទាល់​ជាប់​ចូល​រួម​សិក្ខា​សាលា​នៅ​ក្រសួង​រៀប​ចំ​ដែន​ដី​នគរូបនីយកម្ម និង​សំណង់។

លោក លី សាវេត អភិបាល​ខណ្ឌ​សែន​សុខ​បា​នឲ្យ​ដឹង​ថា ការ​ចុះ​វាស់​វែង​នោះ​ជា​អំពើ​ខុស​ច្បាប់ ខណៈ​ដី​និង​បឹង​ខាង​លើ​កំពុង​មាន​ទំនាស់​នៅ​តុលាការ ដូច្នេះ​លោក​ក៏​បាន​ឲ្យ​មន្ដ្រី ២​នាក់​ចុះ​មក​ពិនិត្យ ប៉ុន្ដែ​ពួកគេ​បាន​គេច​ខ្លួន​ពី​កន្លែង​វាស់​វែង។

ទាក់​ទិន​នឹង​ករណី​ដោះ​លែង​ជន​សង្ស័យ​ជាមួយ​នឹង​វត្ថុ​តាង​ខាង​លើ​នេះ លោក​អធិការ ម៉ក់ ហុង បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា៖ «ការ​ដោះ​លែង​នោះ ដោយសារ​សំអាង​លើ​ជន​សង្ស័យ គ្មាន​បទ​ល្មើស​ជាប់​ខ្លួន»។

ទាក់​ទង​នឹង​ករណី​នេះ មន្ត្រី​សាលា​ខណ្ឌ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា ឥឡូវ​នេះ ទោះ​បី​ជា​សមត្ថកិច្ច​មូល​ដ្ឋាន​ដោះ​លែង​ជន​សង្ស័យ​ទាំង​២ នាក់​នោះ​ក៏​ដោយ តែ​ភាគី​ជម្លោះ​បាន​ប្ដឹង​រឿង​នេះ​ទៅ​នាយក​ដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ​ក្រសួង មហាផ្ទៃ​ដើម្បី​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​រឿង​នេះ​ឡើង​វិញ ពីព្រោះ​រថយន្ដ​ម៉ាក​ធុនដ្រា នោះ​គឺ​មាន​ស្លាក​លេខ​នគរបាល (ន.ប) ក្លែង​ក្លាយ​ទៀត​ផង។

ជន​សង្ស័យ​ទាំង ២​នាក់​មិន​អាច​ទាក់​ទង ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ឡើយ កាល​ពី​ម្សិល​មិញ។

គួររំឭក​ថា ដើម​ចម​នៃ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ក្លែង​បន្លំ​ជា​មន្ដ្រី​សុរិយោ​ដី​និង​បក្ខ​ពួក​ដែល​ចុះ​មក​វាស់​ដីបឹង​មាន​ទំនាស់​នេះ គឺ​ដោយសារ​ដី​បឹង​នេះ​ត្រូវ​អ្នកស្រី ឃួន ម៉ាលីន អាយុ​៥៦​ឆ្នាំ ប្ដឹង​ចោទ​ឈ្មោះ ហ៊ុន ប៊ុន​ធឿន ហៅ លាង ពីបទ «ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់​កាប់​អចលន​វត្ថុ​ដោយ​សុចរិត​និង​ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា» ករណី​នេះ​តំណាង​អយ្យការ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​រួច​ហើយ កាល​ពី​ចុង​ឆ្នាំ​ ២០១៤ និង​ចេញ​ដីកា​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​សួរ​បន្ដ​នីតិ​វិធី​ហើយ​ដែរ ប៉ុន្ដែ​រឿង​ក្ដី​នេះ​ចៅក្រម​នៅ​មិន​បាន​ដំណើរ​ការ​បន្ត​នៅ​ឡើយ បែរ​ជា​លេច​ជន​ក្លែង​ជា​មន្ដ្រី​សុរិយោ​ដី​ចុះ​មក​វាស់​ដី​នេះ​ទៅ​វិញ​ទើប​សមត្ថកិច្ច​ឃាត់​ខ្លួន​ពួក​គេ​សាក​សួរ៕

Urban Voice Cambodia

Urban Voice Cambodia