photo_2017-11-07_15-25-01

បេក្ខភាព Miss Global 2017 បង្ហាញ​ពី​គំរូ​យកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​សំរាម

បេក្ខភាព Miss Global 2017 ជំរុញពលរដ្ឋខ្មែរយកចិត្តទុកដាក់ការគ្រប់គ្រងសំរាម ដើម្បីលើកកម្ពស់ការថែរក្សាបរិស្ថាន និងប្រទេសដ៏ស្រស់ស្អាតដូចកម្ពុជា។ បេក្ខជនបវរកញ្ញាពិភពលោកដែលមកពី៦៥ប្រទេស បានធ្វើទស្សនកិច្ចក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងបំណងជំរុញការលើកកម្ពស់បរិស្ថាន។

បេក្ខជនបវរកញ្ញាពិភពលោកឆ្នាំ២០១៧ បានទៅដល់ស្រុកអូររាំងឪ នៅថ្ងៃទី៦ ខែវិឆ្ឆិកា ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សអំពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ ជាទស្សនកិច្ចលើកដំបូងនៅកម្ពុជា របស់បេក្ខជនបវរកញ្ញាពិភពលោកដែលមកពី៦៥ប្រទេស ក្នុងបំណងជំរុញការលើកកម្ពស់បរិស្ថានស្អាត។

នៅក្នុងឱកាសនោះ កញ្ញា យស ប៉ូលីណា បេក្ខភាពបវរកញ្ញាពិភពលោកតំណាងប្រទេសកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដាក់សំរាមនៅក្នុងធុង និងរើសសំរាមដែលមាននៅតាមផ្លូវ និងនៅក្នុងទឹកដាក់ក្នុងធុងសំរាម ដើម្បីឲ្យបរិស្ថាននៅក្នុងប្រទេសកម្ពុជា កាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។ កញ្ញា យស ប៉ូលីណាថ្លែងដូច្នេះថា៖ «បើសិនជាអ្នកទាំងអស់គ្នាដាក់សំរាមក្នុងធុងសំរាម និងរើសសំរាមដែលនៅតាមផ្លូវ ឬនៅក្នុងទឹក យកទៅដាក់ក្នុងធុងសំរាមម្នាក់មួយនោះ នឹងមិនមានសំរាមនៅជិតលំនៅដ្ឋាន និងប្រទេសរបស់យើងទៀតឡើយ»។

ទន្ទឹមនឹងការអំពាវនាវដូច្នេះ លោកងួន ប៊ុណ្ណា អភិបាលស្រុកអូររាំងឪ  បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន បន្តកិច្ចការងារលើកកម្ពស់បរិស្ថានឲ្យកាន់តែល្អប្រសើរថែមទៀត ហើយលោកសង្ឃឹមថា ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសអ្នកស្រុកអូររាំងឪផ្ទាល់ចូលរួមថែរក្សាបរិស្ថាននេះដែរ។

វត្តមានបវរកញ្ញាពិភពលោកនៅកម្ពុជា គឺជាមោទនភាពសម្រាប់កម្ពុជា និងពិសេសខេត្តត្បូងឃ្មុំផ្ទាល់។ នេះជាថ្លែង របស់លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ។ អភិខេត្តរូបនេះ ក៏ជឿជាក់ដែរថា បេក្ខភាពបវរកញ្ញាដែលមកកម្ពុជានៅពេលនេះ នឹងជួយផ្សព្វផ្សាយពីកម្ពុជា ពិសេសការបង្ហាញឲ្យពិភពលោកដឹងពីធម្មជាតិ និងបរិស្ថានដ៏ស្រស់ស្អាតរបស់កម្ពុជា។

សូមបញ្ជាក់ថា កម្ពុជា គឺជាម្ចាស់ផ្ទះរៀបចំកម្មវិធី Miss Global 2017នេះ ដែលមានបេក្ខភាពបវរកញ្ញាចំនួន ៦៥ប្រទេសចូលរួមប្រកួត។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់បរិស្ថាននៅលើពិភពលោក ហើយបវរកញ្ញាដែលទទួលបានជ័យលាភី នឹងមានបេសកកម្មជាច្រើន ក្នុងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹង និងចេះស្រលាញ់បរិស្ថាន ធម្មជាតិ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកានេះ៕

ប្រភព៖ ThmeyThmey

Leave a Reply