បើ​​គ្មាន​​សំណង​​សមរម្យ​​អ្នក​​នៅ​​ប៊ូ​ឌិញ​​ប្តេជ្ញា​​ថា ​នឹង​​មិន​​ចុះ​​ចេញ ​ទោះ​ជា​​អា​គារ​​ប្រេះ​​ក៏​ដោយ​​
Posted On : February, 2, 2015 | By សំឡេងទីក្រុង

ដោយ វាយោ, ថ្ងៃទី ៣ កុម្ភៈ ២០១៥

បន្ទាប់ពី​មាន​ការ​ផ្អើលឆោរឡោ​ពី​សំណាក់​ប្រជាពលរដ្ឋ នៅ​ប្លុក​អាគារ​ប៊ូ​ឌិញ​ក្នុងករណីប្រេះ​អាគារ កាលពី​យប់​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ​ជូន​ព័ត៌មាន​ថា បង្ក​ឡើង​ពី​ក្រុមហ៊ុន​មួយ បើក​ការដ្ឋាន​បុកគ្រឹះ នៅ​ខាងកើត​ក្រសួង​អធិការកិច្ច និង​ទំនាក់ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា​។​

ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើ​នេះ​ផង​ដែរ​ត្រូវ​បាន​លោក​ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ប្រាប់​វិទ្យុ​វាយោ​ថា ភ្លាមៗ​បន្ទាប់ពី​មាន​បញ្ហា​ប្រេះ​អាគារ​នេះ ត្រូវបាន​អាជ្ញាធរ​ខណ្ឌ ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​បាន​ផ្អាក​ការ​បុកគ្រឹះ​ជា​បណ្ដោះអាសន្ន​សិន​។ ហើយ​សាលា​រាជធានី​ក៏​មិនទាន់​ចាត់​វិធានការ​ណាមួយ​ចំពោះ​បញ្ហា​នេះ​ទេ ដោយ​លោក​កំពុង​រងចាំ​លទ្ធផល​ពី​អ្នកបច្ចេកទេស​ធ្វើការ​ពិនិត្យ​ឲ្យបាន​រួចរាល់​៖

https://urbanvoicecambodia.net/content/uploads/2015/02/YOLive.mp3

ដោយឡែក​ចំពោះ​ប្រជាពលរដ្ឋ​ម្នាក់​ដែល រស់​នៅក្នុង​អាគារ​ប៊ូ​ឌិញ បានឲ្យដឹងថា ថ្វី​ត្បិត​ថា មាន​បញ្ហា​នេះ​ក៏ដោយ ក៏​លោកស្រី​នៅតែ​មិន​ព្រម​ចាកចេញ​ពី​ទីនោះ​ឡើយ លុះត្រាតែ​មាន​សំណង​សមរម្យ​ពី​រដ្ឋាភិបាល​។ លោកស្រី​ក៏​បាន​បញ្ជាក់ទៀតថា ត្បិត​ថា​អាគារ​ប៊ូ​ឌិញ​ចាស់​ក៏ពិតមែន ក៏​ប៉ុន្តែ​នៅ​រឹងមាំ​ល្អ​ណាស់​។

គួរ​រម្លឹក​ផងដែរ​ថា អាគារ​ប៊ូ​ឌិញ​ត្រូវបាន​សាងសង់​ឡើង​តាំងពី​សម័យ​អាណានិគម​បារាំង​មក​ម្លេះ ហើយ​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ សាលា​រាជធានី​ភ្នំពេញ​បាន​បង្គាប់​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​អាគារ​ប៊ូ​ឌិញ  ឈប់​ជួសជុល ឬ​សង់​សំណង​បន្ថែម​លើ​អគារ​ដែល​មាន​ស្រាប់ បើ​គ្មាន​ការអនុញ្ញាត​ពី​មន្ត្រី ។ ជាមួយគ្នា​នេះ​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​អោយ​ប្រជាពលរដ្ឋ​ចាក​ចេញ​ផងដែរ ព្រោះ​អាគារ​មាន​ភាព​ទ្រុឌទ្រោម ដើម្បី​ជៀសវាង​គ្រោះថ្នាក់ តែ​ពលរដ្ឋ​នៅ​ទីនោះ​បាន​បដិសេធ និង​ទាមទារ​សំណង​៕

Urban Voice Cambodia

Urban Voice Cambodia