បុរី នៅ​​រាជធានីភ្នំពេញ​កើនឡើងដល់ ​១២៨
Posted On : December, 2, 2014 | By សំឡេងទីក្រុង

ដោយ ភ្នំពេញប៉ុស្ដិ៍ ថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០១៤​

ការ​កើន​ឡើង​នៃ​តម្រូវ​ការ​លំនៅឋាន​ថ្មីៗ ស្រប​ពេល​កម្រិត​ប្រាក់​ចំណូល​នៅ​ក្នុង​គ្រួសារ​នីមួយ​ៗ​កំពុង​កើន​ឡើង​ជា​លំដាប់​នោះ ​បាន​ធ្វើ​ឲ្យ​វិស័យ​សំណង់​នៅ​កម្ពុជា​មាន​ការ​វិវឌ្ឍ​យ៉ាង​ខ្លាំង​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជាក់​ស្តែង​គិត​ត្រឹម​រយៈ​ពេល​ ៩​ខែ​​ឆ្នាំ​ ២០១៤​នេះ​ ​ក្នុង​រាជធានី​ភ្នំពេញ​មាន​បុរីធំៗ​ចំនួន​ ១២៨ ​កន្លែង។

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ដែល​ទើប​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ ប៊ុណ្ណា ​រៀលធី គ្រុប បាន​រក​ឃើញ​ថា ចំនួន​បុរី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​កើន​ពី​ចំនួន​ ៧៧​ កាល​ពី​ចុង​ឆ្នាំ​ ២០១១​ មក​ដល់​ចំនួន​ ១២៨ ​កន្លែង​ គិត​ត្រឹម​ដំណាច់​ត្រីមាស​ទី៣​ នៃ​ឆ្នាំ​២០១៤​នេះ។

បុរី​ដែល​ក្រុម​ហ៊ុន ប៊ុណ្ណា រៀលធី គ្រុប លើក​យក​មក​សិក្សា​នៅ​ពេល​នេះ​មាន​ផ្ទះ​ចាប់​ពី​៥០​ល្វែង​ឡើង​ទៅ។​ ខណ្ឌ​ដែល​មាន​បុរី​ច្រើន​ជាង​គេ​ គឺ​​ខណ្ឌ​សែនសុខ មាន​បុរី​ចំនួន​ ៣២ ខណ្ឌ​មាន​ជ័យ​​ មាន​បុរី​ចំនួន ២៩​ ខណ្ឌ​ឫស្សីកែវ​ មាន​ចំនួន​ ២៣ ខណ្ឌ​ទួលគោក​ មាន​ចំនួន​២ ខណ្ឌ​ចំការមន ​មានបុរី​ចំនួន៥ ​និង​មាន​នៅ​តាម​បណ្តា​ខណ្ឌ​មួយ​ចំនួន​ទៀត។

ពាក្យ​«បុរី» ដែល​រាប់​បញ្ចូល​ក្នុង​ការ​សិក្សា​ខាង​លើ​សំដៅ​ដល់​បណ្តុំ​​ផ្ទះ​ល្វែង​ ឬវីឡា​ដែល​មាន​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដូច​ជា ភ្លើង​បំភ្លឺ​តាម​ផ្លូវ​ ប្រព័ន្ធ​សន្តិសុខ ​និងប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​ទៀត។

ការ​សិក្សា​ខាង​លើ​​បាន​រក​ឃើញ​ថា​ គិត​ជា​មធ្យម​ផ្ទះ​នៅ​តាម​បុរី​ ទាំងបុរី​ដែល​​សាង​សង់​រួច និង​កំពុង​សាង​សង់​ ការ​លក់​ចេញ​មាន​​ប្រហែល​៧៧​ភាគរយ។ អតិថិជន​ដែល​ទិញ​លំនៅឋាន​នៅ​ក្នុង​បុរី​ភាគ​ច្រើន​ជា​ប្រជាជន​រស់​នៅ​ក្នុង​ស្រុក​ ដែល​មាន​ជីវភាព​មធ្យម​ឡើង​ទៅ ខណៈ​បច្ចុប្បន្ន​នេះ​ម្ចាស់​បុរី​ក៏​បាន​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អតិថិ​ជន​ក្នុង​ការ​ទូទាត់​ប្រាក់​តាម​រយៈ​ការ​បង់​ជាដំណាក់​កាល និង​បង់​រំលស់​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​ផង​ដែរ​។

បច្ចុប្បន្ន​សំណង់​លំនៅឋាន​ថ្មី​ ដែល​ស្ថិត​ក្នុង​គម្រោង​បញ្ចប់​ការ​សាង​សង់ និង​កំពុង​សាង​សង់​ ហើយ​កំពុង​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ប្រមាណ​ចន្លោះ​ពី​ ៣៧០០០ ​ទៅ​ ៣៩០០០ ​ខ្នង​។ ចំណែក​តម្លៃ​ផ្ទះ​មាន​ការ​ប្រែប្រួល​អាស្រ័យ​ទៅ​តាម​ទីតាំង​នីមួយៗ​ដូចជា ​ក្នុងខណ្ឌ​សែនសុខ​ ផ្ទះ​ល្វែង​ដែល​មាន​ទំហំ​មធ្យម​ ៤x១៦ ម៉ែត្រ ​មាន​តម្លៃ​ចន្លោះ​ពី​ ៣,៥​-២៣​ ម៉ឺន​ដុល្លារ។ វីឡា​ភ្លោះ​ទំហំ ៦x១៣ ម៉ែត្រ មាន​តម្លៃ​ចាប់​ពី​ ១០-២៧ ​ម៉ឺន​ដុល្លារ​។​ វីឡា​ទោល​ ទំហំ ១២x១៥ ​ម៉ែត្រ មាន​តម្លៃ​ចាប់​ពី​ ១៥-៨២ ​ម៉ឺន​ដុល្លារ​ ដោយ​តម្លៃ​ទាំង​អស់​នេះ​​​បាន​កើន​ពី​ ១០​-២០ ​ភាគរយ​ ​បើ​ប្រៀប​ធៀប​ពី​ដើម​ឆ្នាំ​រហូត​ដល់​ដំណាច់​ត្រីមាស​ទី៣​ ឆ្នាំ​២០១៤ ​នេះ។

លោក ហ៊ិន ​សុជាតិ ប្រធាន​ផ្នែក​ប៊ុណ្ណា អចលន​ទ្រព្យ ​បាន​ថ្លែង​ថា​៖​ «ការ​ផ្គត់​ផ្គង់​បុរី​ទាំង​នោះ​នៅ​តែ​មិន​អាច​ឆ្លើយ​តប​នឹង​តម្រូវការ​នោះ​ទេ ព្រោះ​​​កម្រិត​ជីវភាព​ប្រជាជន​កំពុង​មាន​ភាព​ល្អ​ប្រសើរ។ ​នេះ​មាន​ន័យ​ថា ​ប្រជាជន​ខ្មែរ​នៅ​មាន​តម្រូវ​ការ​លំនៅឋាន​ជា​ច្រើន​ទៀត​ ពិសេស​ផ្ទះ​ដែល​មាន​តម្លៃ​សមរម្យ»។

សកម្ម​ភាព​របស់​ក្រុម​កម្មករ​កំពុង​សាង​សង់​ផ្ទះ​ល្វែង​នៅ​ក្នុង​បុរី​មួយ​ នារាជធានី​ភ្នំពេញ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ។

សកម្ម​ភាព​របស់​ក្រុម​កម្មករ​កំពុង​សាង​សង់​ផ្ទះ​ល្វែង​នៅ​ក្នុង​បុរី​មួយ​ នារាជធានី​ភ្នំពេញ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ។ ផា លីណា

លោក​បាន​បន្ត​ថា​៖​«​បុរី​ដែល​ដើរ​តួនាទី​សំខាន់​ក្នុង​ទីផ្សារកម្ពុជា​នា​ពេល​បច្ចុប្បន្ន​​ មិន​មែន​មាន​តែ​បុរី ប៉េង​ហួត ​បុរី​ពិភពថ្មី​ បុរី​វិមាន​ភ្នំពេញ បុរី​ លឹម​ឈាង​ហាក់​ ​នោះ​ទេ​ ប៉ុន្តែ​ បុរី​តូច​ៗក៏​កំពុង​បង្ហាញ​ពី​សញ្ញា​ទទួល​ជោគ​ជ័យ​ផង​ដែរ»។

លោក​បាន​បន្តថា ​អ្នក​វិនិយោគ​សាង​សង់​បុរី​​សម្រាប់​លក់​ពួក​គាត់​មាន​ឱកាស​រក​ប្រាក់​ចំណេញ​បាន​ច្រើន​ ដោយ​សារ​គាត់​ទិញ​ដីបាន​ក្នុង​តម្លៃ​ធូរ​ថ្លៃ ​ហើយ​ចាប់​ផ្តើម​ធ្វើ​ការ​អភិវឌ្ឍ និង​លក់ក្នុង​តម្លៃ​ខ្ពស់។ ​ជា​មួយ​គ្នា​នេះ​ ការ​អភិវឌ្ឍប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​រាជ​រដ្ឋាភិ​បាល​ដូចជា​ផ្លូវ​ចម្ការដូង​ ផ្លូវវេងស្រេង​ ក៏​បាន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី ​និង​លំនៅឋាន​នៅ​តាម​តំបន់​ទាំង​នោះ​ឡើង​ថ្លៃ​ខ្ពស់ផង​ដែរ​។

លោក​បាន​ប្រាប់​ទៀត​​ថា​ បច្ចុប្បន្ន​ គេ​សង្កេត​ឃើញ​និន្នាការ​របស់​ប្រ​ជាជន​ក្នុង​ការ​រស់​នៅ​តាម​​​​បុរី​កាន់​តែ​កើន​ឡើង​ជា​លំដាប់ ព្រោះបុរី​មានហេដ្ឋារចនា​សម្ព័ន្ធ​បរិស្ថាន​រស់នៅ​ល្អ ​និង​មាន​ប្រព័ន្ធ​សន្តិសុខល្អ​ប្រសើរ។

លោក ចេង ​ខេង ​ប្រធាន​សមាគម​អ្នក​វាយតម្លៃ ​និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា បាន​និយាយ​ថា ​អ្នក​អភិវឌ្ឍន៍​បុរី​ភាគ​ច្រើន​ជា​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ហើយ​អ្នក​ទិញ​លំនៅឋាន​ក្នុង​បុរី​នានា​ក៏​ជា​ប្រជាជនខ្មែរ​ផង​ដែរ ​ព្រោះជន​បរទេ​ស​ទាល់​តែ​មាន​សញ្ជាតិ​ខ្មែរ​ទើប​គាត់​អាច​ទិញ​ផ្ទះ​នៅ​តាម​បុរី​បាន​។

លោក​មាន​ប្រសាសន៍​ថា​៖​«​ដោយ​សារ​​កម្រិត​ជីវភាព​ប្រជាជន​កាន់​តែ​ធូរធារ ​និង​និន្នាការ​ចង់​ផ្លាស់​ប្តូរ​បរិយាកាស​រស់​នៅ​ថ្មី​របស់​ប្រជាជន​ ​ខ្ញុំ​គិត​ថា​ សម្រាប់​រយៈពេល​ ៥​ ឆ្នាំ​ខាង​មុខ​ទៀត​ការ​ផ្គត់ផ្គង់​លំនៅឋាន​នៅ​តាម​បុរីនានា​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ»។

អ្នក​នាង ឆាយ ​ស៊ីណា ​ប្រធាន​ផ្នែក​លក់​ និង​ទីផ្សារ​នៃក្រុមហ៊ុន​អភិវឌ្ឍន៍​បុរី​វិមាន​ភ្នំពេញ​ បាន​ប្រាប់​ថា គម្រោង​របស់​បុរី​វិមាន​ភ្នំពេញ​សុទ្ធ​តែ​មាន​ការ​សិក្សា​ច្បាស់​លាស់ ហើយ​ការ​សាង​សង់​​តែង​តែ​ធ្វើ​ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន​ ដោយ​មិន​មែន​រង់​ចាំ​អតិថិជន​មក​ទិញ​ទើប​​ក្រុម​ហ៊ុន​ចាប់​ផ្តើម​សាង​សង់​នោះ​ទេ។ ក្រុមហ៊ុន​ អភិវឌ្ឍន៍លំនៅ​ឋាន​វិមាន​ភ្នំពេញ មាន​គោលការណ៍​បែប​នេះ​ទើប​ធ្វើ​ឲ្យ​ការ​លក់​តែង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន​។

អ្នកនាង​បាន​អះអាង​ថា​៖​«​មិន​ថា​តែ​បុរីវិមាន​ភ្នំពេញ​ទេ បុរី​ផ្សេងៗ​ទៀត​មុន​ពួក​គេ​ចាប់​ផ្តើម​គម្រោង​ថ្មីៗ​ពួក​គេ​សុទ្ធ​តែ​វិភាគ​ពី​តម្រូវការ​ទីផ្សារ​ច្បាស់​លាស់​ទើប​ពួក​គេ​សាង​សង់»។

អ្នក​នាង​បន្ត​ថា​៖​​ «​តម្រូវការ​លំនៅឋាន​បច្ចុប្បន្ន​ មាន​កំណើន​ខ្លាំង ​ព្រោះ​អ្នក​ទិញ​លំនៅឋាន​ បច្ចុប្បន្ន​ មាន​គ្រប់​វ័យ​ ពិសេស​ប្រជាជន​វ័យ​ក្មេង​ដែល​ទើប​រៀបការ​រួច​មាន​ប្រមាណ​ពី​ ៥០ ​ទៅ ​៦០ ​ភាគរយ​»៕

Urban Voice Cambodia

Urban Voice Cambodia