បុគ្គលិក​មណ្ឌល​សុខភាព​ខណ្ឌ​៧​មករា នៅ​តែ​មិន​ស្ងប់​ចិត្ត
Posted On : កុម្ភៈ, 17, 2015 | By សំឡេងទីក្រុង

ដោយ ឆាយ ច័ន្ទនីដា, ថ្ងៃទី ១៧​ កុម្ភៈ ២០១៥, ប្រភព Phnom Penh Post

ភ្នំពេញៈ បុគ្គលិក​ប្រមាណ​ជាង ១០០ នាក់​នៃ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ និង​មណ្ឌល​សុខភាព ខណ្ឌ​៧​មករា ដែល​មាន​ទីតាំង​នៅ​កណ្តាល​រាជធានី ជួប​ប្រជុំ​គ្នា​ជា​លើក​ដំបូង​ជាមួយ​ប្រធាន​មន្ទីរ ទាក់ទិន​នឹង​ការ​បារម្ភ​របស់​ពួកគេ​លើ​ការ​ដោះដូរ​អគារ​ឲ្យ​ឯកជន ដោយសារ​ការ​បិទ​ប្រកាស​ថ្មីៗ​នេះ​ថា អគារ​ផ្នែក​ខាង​មុខ​នៃ​មន្ទីរពេទ្យ​បាន​បាត់​ប្លង់​កម្មសិទ្ធិ​ទៅ​ហើយ។

កិច្ច​ប្រជុំ​កាលពី​ម្សិល​មិញ កើត​ឡើង ក្រោយ​ការ​ប្តឹង​តវ៉ា ទៅ​រដ្ឋសភា កាលពី​ថ្ងៃ ទី៦ ខែ​កុម្ភៈ របស់​បុគ្គលិក​ពេទ្យ​ដែល​អះអាង​ថា មាន​សរុប​ប្រមាណ ៣០០ នាក់​បាន​ដាក់​បណ្តឹង​ទៅ​គណៈ​កម្មការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ (គណៈកម្មការ ទី១០) ស្នើ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត ទាក់​ទិន​នឹង​ការ​ប្រកាស​របស់​មន្ទីរ​រៀបចំ​ដែនដី​រាជធានី ចុះ​ថ្ងៃ ៨ មករា ថា ប្លង់​មន្ទីរពេទ្យ​បាន​បាត់។

បុគ្គលិក​ពេទ្យ​បាន​បារម្ភ​ពី​ភាព​មិន​ប្រក្រតី​នៃ​បញ្ហា​អគារ​មន្ទីរពេទ្យ​រដ្ឋ​ដែល​កន្លង​មក ពួកគេ​ត្រូវ​បាន​មន្ទីរ​សុខាភិបាល តម្រូវ​ឲ្យ​រើ​ទៅ​ធ្វើការ​នៅ​អគារ​មួយ​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​អគារ​មន្ទីរពេទ្យ​ក្រុង ដែល​ស្ថិត​លើ​ផ្លូវ​ឆេកូ​ស្លូវ៉ាគី ឬ​ផ្លូវ​លេខ ១៦៩ សង្កាត់​វាលវង់។ ពួកគេ​ធ្លាប់​បាន​តវ៉ា​កាល​ពី ខែ​វិច្ឆិកា ទាក់ទង​នឹង​ការ​ផ្លាស់​ប្តូរ​អគារ​ធ្វើ​ការ​របស់​គេ​ផង​ដែរ។

លោក​វេជ្ជបណ្ឌិត អ៊ួង មេសា ជា​អ្នក​តវ៉ា​ម្នាក់ មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​ជាមួយ​លោក សុខ សុគន្ធ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​មិន​បាន​ធ្វើ​ឲ្យ​បុគ្គលិក​ស្ងប់​ចិត្ត​ទេ ហើយ​ការ​បក​ស្រាយ​ពី​ប្លង់​កម្មសិទ្ធិ ឬ​ការ​ធានា​ថា មន្ទីរពេទ្យ​នឹង​មិន​អាច​មាន​ការ​ដោះដូរ នោះ​មិន​មាន​ភាព​ច្បាស់​លាស់​នោះ​ឡើយ។

លោក​ថ្លែង​ថា៖ «ប្រធាន​មន្ទីរ​បកស្រាយ​អត់​ចំ។ យើង​ចង់​ឲ្យ​មាន​ប្លង់​រួម​សម្រាប់​អគារ​ទាំង​មុខ​និង​អគារ​ក្រោយ។ តែ​គាត់​មិន​បញ្ជាក់​ជាមួយ​យើង​បាន»។

ប៉ុន្តែ​លោក​ថា កិច្ច​ប្រជុំ​នេះ ដែល​លោក​ប្រធាន​មន្ទីរ​ថា ជា​ការ​ណែនាំ​បុគ្គលិក​មន្ទីរពេទ្យ ឲ្យ​ខិតខំ​ធ្វើ​តែ​ការងារ និង​អនុវត្ត​តាម​លក្ខនិ្តកៈ​មន្ត្រី​រាជការ​នោះ គឺជា «ការ​គំរាម​កំហែង​បុគ្គលិក​មិន​ឲ្យ​តវ៉ា​ដែល​យើង​មិន​អាច​ទទួល​យក​បាន​ឡើយ។ យើង​បារម្ភ​ខ្លាច​មាន​ការ​ដោះ​ដូរ​អគារ​មន្ទីរពេទ្យ»។

លោក សុខ សុគន្ធ ប្រធាន​មន្ទីរ​សុខាភិបាល​មាន​ប្រសាសន៍​ប្រាប់​អ្នក​ព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​ថា លោក​មក​ប្រជុំ​ជាមួយ​បុគ្គលិក​មន្ទីរពេទ្យ​គឺ​ដើម្បី​ណែនាំ​នូវ​ក្រម​សីលធម៌​របស់​គ្រូពេទ្យ និង​ឲ្យ​គោរព​នូវ​លក្ខន្តិកៈ​មន្ត្រី​រាជការ​តែ​ប៉ុណ្ណោះ ឯ​រឿង​ធ្វើ​ប្លង់​មន្ទីរពេទ្យ​ជា​ករណី​របស់​ក្រសួង​សុខាភិបាល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ឆ្លើយ​សំណួរ​ទាក់ទង​នឹង​ការ​ដោះ​ដូរ​ផ្ទេរ​ឲ្យ​ឯកជន​ឬ​យ៉ាង​ណា? លោក​ថា ៖ «រាល់​នីតិវិធី​នៃ​ការ​ដោះដូរ គឺ​នីតិវិធី​ក្រៅ​ពី​នេះ គឺជា​នីតិវិធី​របស់​ក្រសួង​សេដ្ឋកិច្ច។ យើង​មិន​អាច​ថា ខ្ញុំ​ឬ​មន្ត្រី​សុខាភិបាល​ណា​មួយ​ធ្វើ​រួច​ទេ។ ភារកិច្ច​របស់​យើង គឺ​ព្យាបាល​ជំងឺ​ប្រជា​ពលរដ្ឋ អនុវត្ត​ទៅ​តាម​ក្រម​សីលធម៌ អនុវត្ត​ទៅ​តាម​លក្ខន្តិកៈ​របស់​មន្ត្រី​រាជការ​គឺ​គ្រប់​គ្រាន់​ហើយ»។

លោក​បាន​សុំ​កុំ​ឲ្យ​បុគ្គលិក​ណា​ម្នាក់​ធ្វើ​ការ​ញុះញង់​មន្ត្រី​រាជការ ហើយ​កេង​ចំណេញ​ផល​ប្រយោជន៍​ដើម្បី​នយោបាយ​របស់​ខ្លួន​ពី​មន្ត្រី​ទាំង​នេះ។

គណៈកម្មការ ទី១០ នៃ​រដ្ឋសភា ក៏​បាន​សរសេរ​ផ្ញើ​លិខិត​មួយ​ទៅ​កាន់​ក្រសួង​សុខាភិបាល តាម​រយៈ​ប្រធាន​រដ្ឋសភា​ដើម្បី​ឲ្យ​លោក ម៉ម ប៊ុនហេង ជា​រដ្ឋ​មន្ត្រី​បក​ស្រាយ​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​បិទ​ផ្សាយ​នូវ​ព័ត៌មាន​នៃ​ការ​បាត់​ប្លង់​កម្មសិទ្ធិ​ខុស​ប្រក្រតី​នៃ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ និង​មណ្ឌល​សុខភាព ខណ្ឌ​៧​មករា ដែល​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់ ផ្នែក​ខាង​មុខ​នៃ​អគារ​ជាប់​ផ្លូវ ១៦៩ សង្កាត់​វាលវង់ ត្រូវ​បាន​ថ្នាក់​លើ​ដោះដូរ​លក់។

លោក ហូរ វ៉ាន់ ថា៖ «ខ្ញុំ​បាន​សរសេរ​ទៅ​រដ្ឋ​មន្ត្រី​សុខាភិបាល​កាលពី​ថ្ងៃ ទី១៣ កុម្ភៈ ដើម្បី​ឲ្យ​ឆ្លើយតប​មក​គណៈកម្មការ​ជា​ប្រញាប់»។ លោក​ថា ក្នុង​ករណី​ក្រសួង​មិនទាន់​ឆ្លើយ​តប​ទេ លោក​នឹង​កោះ​ហៅ​ឲ្យ​មក​ធ្វើការ​បំភ្លឺ​នៅ​មុខ​គណៈកម្មការ​របស់​លោក ទាក់ទង​នឹង​ការ​ដោះដូរ​អគារ​មន្ទីរពេទ្យ​រដ្ឋ​នានា៕

 

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!