បរិស្ថាន​ក្នុង​ផ្សារ​ស្រុក​ស្ទោង តែ​កំពុង​តែ​បង្អួត​សម្រស់​សំរាម…!
Posted On : មករា, 27, 2017 | By Vantha

ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្ទោងខេត្តកំពង់ធំ នាំគ្នានិយាយរិះគន់ថា លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោងអសមត្ថភាពណាស់ គំនរសំរាមនៅក្នុងផ្សារស្រុកស្ទោងរាប់ឆ្នាំមកហើយកំពុងតែធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋ ចំណែកអាជ្ញាធរស្រុកមិនមានចំណាត់ការសោះ ដែលជាហេតុធ្វើឲ្យ ខូចបរិស្ថាន និងសុខភាពមនុស្ស សត្វ។ ជុំវិញបញ្ហា ករណីសំរាមនៅក្នុងផ្សារស្ទោងនេះ ប្រជាពល រដ្ឋដែលប្រកបរបរលក់បន្លែនៅទីនោះបាននាំគ្នាសំណូមពរដល់ អ្នកម៉ៅការភាស៊ីផ្សារ និងអាជ្ញាធរស្រុកស្ទោងជួយមានវិធានការចំពោះសំរាមទាំងអស់នេះផង ពីព្រោះវាកំពុងតែធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសកូនចៅតូចៗរបស់ពួកគាត់ ខណៈដែលជីវភាពក្រីក្រហើយនាំគ្នាមកចងអង្រឹងយោលកូន និងលក់បន្លែរនៅទីនេះ។

លោក នង ស៊ីថា អ្នកម៉ៅការភាស៊ីផ្សារស្រុកស្ទោងប្រាប់ថា លោកក៏មានផលលំបាកជាខ្លាំងចំពោះរឿងសំរាមនេះ ទី១.បងប្អូនអាជីវករមិនចូលរួម កន្លែងធ្វើសម្រាប់ទុកឲ្យពួកគាត់យកសំរាមទៅចោល គាត់មិនទៅចោលទេនាំគ្នាយកមកបោះចោលទីនេះវាជិត មានអ្នកមកពីឆ្ងាយឯណាមកចោល គឺមានតែពួកគាត់នៅក្នុងផ្សារនេះឯង។ ទី២.ផ្លូវចូលផ្សារទទឹង៣ម៉ែត្រ នាំគ្នាឃុបឃិតគ្នាលក់តូបធ្វើឲ្យផ្លូវចូលផ្សារតូចចង្អៀត គ្រាន់តែរ៉ឺម៉កចូលដឹកសំរាមក៏ចូលមិនរួចផង បញ្ហាសំរាមនេះទាល់មានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរឃុំ ស្រុកផងទើបយើងអាចរកដំណោះស្រាយបាន បើទម្លាក់កំហុសលើតែខាងលោកតែមួយក៏មិនត្រូវតែដែរ។

លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ កោះសន្តិភាព ពុំអាចសុំការបំភ្លឺបានទេ ពីព្រោះទូរស័ព្ទដៃរបស់លោកខលមិនចូល។ លោក ឆូយ កុសល អភិបាលរងស្រុកស្ទោង ប្រាប់ថា ចំពោះបញ្ហាសំរាមនៅក្នុងផ្សារស្ទោងនេះ កន្លងមកអាជ្ញាធរបានណែនាំដល់អាជីវករជាច្រើនលើកច្រើនសារមកហើយ តែក្រុមអាជីវករមិនស្តាប់នៅតែនាំគ្នាយកមកបោះចោលនៅទីកន្លែងនេះដដែល។ ចំណែកអាជ្ញាធររកទីតាំងចាក់សំរាមបានហើយនៅខ្វះតែខាងដៃគូប្រមូលយកទៅចោលប៉ុណ្ណោះ ហើយលោកក៏មិនបានប្រាប់ថា ពេលណាទើបរកដៃគូបាននោះដែរ ចម្លើយនេះហាក់ដូចជាឆ្លើយយកតែរួចខ្លួន៕

ប្រភព៖ kohsantepheapdaily.com

សំឡេងទីក្រុង!

សំឡេងទីក្រុង!