បទ​យកការណ៍​៖ សហគម​ន៍​មួយ​ដែល​ក្រុមហ៊ុន​បណ្តេញចេញពី​ ភ្នំពេញ ​ចាប់ផ្តើម​ចាកចេញ​ពី​ទីតាំង​ថ្មី​​
Posted On : មិថុនា, 25, 2015 | By សំឡេងទីក្រុង

ប្រភព៖ VOD, ដោយ៖​ ញឹម សុខន​ | ថ្ងៃព្រហស្បតិ៍ ទី25 មិថុនា 2015, 07:53 AM​

​ជិត​១​ឆ្នាំ​ហើយ ខ្ញុំ​ចាំ​មើល​គាត់​ដោះស្រាយ​របៀប​ម៉េច ។ ខ្ញុំ​អត់​ទៅ​សួរ​ទេ នៅ​ស្ងៀម​យូរ​ទៅ​បាត់​ឈឹង បាត់​ឈឹង​ចឹង​ទៅ ។ ឡើង​ទៅ​តវ៉ា​ទៅ​អី ដល់​ទៅ​តវ៉ា​ជាប់គុក វា​ធ្វើ​អី​មិន​ចេញ​រាល់ថ្ងៃ​ហ្នឹង​» ។​

​នេះ​ជា​ការអះអាង​ពី​ការមិនទទួលបាន​ព័ត៌មាន របស់​អតីត​សហគមន៍​បុរី​កីឡា ដែល​ពេល​នេះ ពួកគេ​កំពុង​តាំង​លំនៅ​ថ្មី ចម្ងាយ​ជិត​៦០​គីឡូម៉ែត្រ​ពី​ទីតាំង​ចាស់ ក្រោយពី​មាន​ព្រឹត្តិការណ៍​បណ្តេញ​ចេញ​ទាំង​បង្ខំ​ពី​សំណាក់​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច កាលពី​ជិត​៤​ឆ្នាំមុន ។​

​ព្រឹត្តិការណ៍​បណ្តេញ​នោះ​បាន​កើតឡើង​នៅ​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១២ ដោយ​កម្លាំង​សមត្ថកិច្ច ប្រដាប់ ដោយ​អាវុធ​ជាច្រើន​រយ​នាក់​រួម​ជាមួយ​គ្រឿងចក្រ បាន​ឈូស​កម្ទេច​ផ្ទះ និង​បាញ់​គ្រាប់​បែកផ្សែង បំបែក​ប្រជា​សហគមន៍​ដែល​មិន​ព្រម​ចាកចេញ ។

​ភ្លាមៗ​នោះ ពលរដ្ឋ​យ៉ាងតិច​១៤០​គ្រួសារ ក្នុងចំណោម​ពលរដ្ឋ​៣៨៤​គ្រួសារ​ផ្សេង​ទៀត ត្រូវបាន​ក្រុមហ៊ុន បណ្តេញ​ឲ្យទៅ​រស់នៅ​តំបន់​ភូមិបាត ស្ថិតក្នុង​ភូមិ​ស្រះ​ពោធិ៍ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្ត​កណ្តាល ។ ពលរដ្ឋ​ទាំង​នោះ​លើកឡើងថា «​ខ្ញុំ​អត់​មានបាន​ជញ្ជូន​អី​ទាំងអស់ អត់​មាន​បាន​អី​ទាំងអស់ ចោល​ទាំងអស់ ចុះ​បើ​ចូល​អត់​បាន​ផង បើ​អ្នក​ឆ្គោក​អាអ៊ី​ច​សុទ្ធតែ​កាំភ្លើង​ហ្នឹង យើង​ចូល​ម៉េច​កើត​» ។​

​អ្នកភូមិ​អះអាងថា ពួកគេ​មិន​បានដឹង ពី​គម្រោង​អភិវឌ្ឍន៍ ឬ​ពី​របៀប​រស់នៅ សម្រាប់​ការ​មក​តាំង​ទីលំនៅ​ថ្មី​នៅ​តំបន់​ភ្នំ​បាត​នេះ​ទេ ។​

​ក្រុម​អ្នក​ភូមិ​អះអាង​ទៀតថា ការ​មិន​ទទួលបាន​ព័ត៌មាន​ទាំងអស់នោះ ធ្វើឲ្យ​ពួកគាត់​ប្រឈម​នឹង​ជីវភាព រស់នៅ​ប្រចាំថ្ងៃ​យ៉ាងខ្លាំង ដោយ​មិន​បាន​ត្រៀម​ទុក​មុន​ពី​មុខរបរ​សម្រាប់​នៅ​ទីតាំង​ថ្មី​នោះ ។ ពួក​គេ​អះអាង​ថា «​ខ្ញុំ​មក​នៅ​កន្លែង​នេះ អត់​បាន​ដឹង​ទេ មក​ភ្លាម​ដូច​វូម​វះ ដូច​ថា​មក​ថ្មី​មិនដឹង​កន្លែង​ណា​ទឹក កន្លែង​ណា​ស្នាក់​នៅ​ឲ្យ​ស្រួល​ព្រោះ​ផ្ទះ​ក៏​គ្មាន​ស្អី​ក៍​គ្មាន​ដែរ គេ​បើក​សរសរ​ឲ្យ​៤​ដើម ហើយ​ស័ង្កសី​យក​មក​សង់​ខ្លួនឯង​» ។​

​ស្ត្រី​ដែល​បាន​បណ្តេញ​ចេញ​ម្នាក់ទៀត​អាយុ​៧៥​ឆ្នាំ​គឺ អ្នកស្រី នុត ជួន និយាយ​ទាំង​សំឡេង​ក្តុកក្តួល​ថា ការ​បំលាស់​ទី មក​តាំង​ទីលំនៅ​ថ្មី​ជិត​៤​ឆ្នាំ​មកនេះ មិន​ត្រឹមតែ​អត់​មុខរបរ​រកស៊ី​ទេ សូម្បី​តែ​ឯកសារ​ពាក់ព័ន្ធ​សម្រាប់​សម្គាល់​ជា​ពលរដ្ឋ​ស្របច្បាប់​ក៏​អាជ្ញាធរ​មិន​ទាន់​ធ្វើ​ឲ្យ​ដែរ ។​

​អ្នកស្រី នុត ជួន ឲ្យដឹងទៀតថា ដី​តូច​មួយ​ដែល​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ប្រគល់ឲ្យ ក្រោយ​បណ្តេញចេញ​នោះ មកដល់ពេលនេះ អាជ្ញាធរ​មិន​ទាន់​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ស្របច្បាប់​ឲ្យកាន់កា​ប់​នៅឡើយ​ទេ ។ គាត់​បន្ត​ថា កត្តា​នោះ​ជា​ហេតុ​ធ្វើឲ្យ​ជីវិត​រស់​នៅ​ទីតាំង​ថ្មី​នេះ​គ្មាន​ភាព​កក់ក្តៅ ។ អ្នកស្រី​បន្ត​ថា  «​ខ្ញុំ​ចាស់​ហើយ ខ្ញុំ​ទៅរ​កអី​បាន ធ្វើ​ក​១​ក​២​ក៏​មិន​ទាន់​បាន អត្តសញ្ញាណប័ណ្ណ​ក៏​មិនទាន់មាន ខ្ញុំ​ទា​ល់ហើយ ខ្ញុំ​អត់​មែន​ក្រ​ទេ ខ្ញុំ​ទាល់​ហ្ម​ង​! ឈឺ​សព្វថ្ងៃ​ដេក​អូរ​ទឹកភ្នែក​ណា​ក្មួយ មិនដឹង​ងាប់​ថ្ងៃ​ណា​ទេ​» ។​

​តំណាង​អ្នក​ភូមិ​ដែល​ត្រូវ​បាន​បណ្ដេញចេញ​ទាំងនោះ គឺ​អ្នកស្រី ខៀវ ឡៃ ឲ្យដឹង​ដែរថា អ្នកភូមិ​ជាង​១០០​គ្រួសារ ដែល​ក្រុមហ៊ុន​បាន​បណ្តេញ​ឲ្យមក​នៅ​ភ្នំ​បាត​នេះ​ទទួលបាន​ដី​សម្រាប់​សង់​លំនៅដ្ឋាន ក្នុង​មួយ​គ្រួសារ ទំហំ​៥​គុណ​នឹង​១២​ម៉ែត្រ ចំណែកឯ​ដី​សម្រាប់​បង្កបង្កើន​ផល​វិញ ក្រុមហ៊ុន​មិន​បាន​ប្រាប់ថា ពួកគេ​ត្រូវ​ទទួលបាន ឬ​អត់​ទេ ដោយ​ស្ត្រី​រូប​នោះ​អះអាងថា ពួកគាត់​បាន​ដាក់​លិខិត​សុំ​ការឆ្លើយតប​ច្រើន​ដង​រួច​ហើយ ។

​អ្នកស្រី ខៀវ ឡៃ បន្តថា «​យើង​ចង់បាន​ដូច​ថា​ជា​ដី កន្លែង​ណា​ដែល​ពួក​យើង​អាច​ធ្វើស្រែ​ចម្ការ​បាន ចិញ្ចឹម​ជ្រូក ចិញ្ចឹម​គោ​មាន់​ទា ឬ​ដាំ​ដំណាំ​អី​បាន​អញ្ចឹង​ណា គាត់​អត់​មាន​ឆ្លើយ​ទាំងអស់ គេ​ឲ្យ​យើង​មក​សិនៗ​រហូត​អត់​បាន​អី​ទាំងអស់​» ។​

​បុរស​វ័យ​ចំណាស់​ម្នាក់​ទៀត គឺ​លោក វិច គឹម​អៀង និយាយ​បែប​អស់​សង្ឃឹម​ថា ការតម្រូវ​ឲ្យ​ពួកគាត់ ចាកចេញ​ទាំង​បង្ខំ មក​រស់នៅ​តំបន់​ដាច់ស្រយាល ហើយ​គ្មាន​ការយកចិត្ត​ទុក្ខ​ដាក់​ពី​អាជ្ញាធរ​បែប​នេះ លោក​ថា ពួកគាត់​ហាក់ដូច​មនុស្ស​មួយក្រុម​ត្រូវបាន​គេបោះបង់​ចោល ។

​លោក​ថា «​តាម​ខ្ញុំ​មើល មក​នៅ​កន្លែង​នេះ​ដូចជា​គេ​និយាយថា យកមក​ចាក់ចោល​វា​មែន ព្រោះ​ទី​១​វា​គ្មាន​មុខរបរ ទី​២​ទឹក​ក៏​មិនទាន់​ដូចជា​អនាម័យ​ដែរ ហើយ​ភ្លើង​លុះត្រាតែ​មាន​លុយ បាន​អាច​ប្រើ​បាន រួច​បើ​យើង​រកតែ​អង្ករ​ហូប​មិន​បាន​ផង ។ បើ​តាម​ខ្ញុំ​មើល​អ្នក​ដែល​គេ​ឲ្យមក​នៅ​កន្លែង​នេះ​ដូច​សម្រាក​ចាំ​ថ្ងៃ​ស្លាប់​ហ្នឹង ដូច​គ្មាន​អី​សង្ឃឹម​អាច​រស់​បាន​» ។​

អណ្ដូង​ទឹក​ដែល​សប្បុរស​ជន​ជីក​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​ភូមិបាត (រូប​ភាព​៖ ញឹម សុខន​)

​បុរស​អាយុ​៧០​ឆ្នាំ​រូប​នោះ និយាយទៀតថា ស្ថិតក្នុង​ភាព​ប្រឈម​នឹង​ការពិបាក​រស់​បែបនេះ អ្នកភូមិ​ជិត​២០​គ្រួសារ​ហើយ បានសម្រេច​លក់​ដី​នៅ​តំបន់​នោះ​វិញ ដើម្បី​ធ្វើ​ចំណាកស្រុក ព្រោះតែ​កត្តា​ជីវភាព ។​

​ស្ត្រី​មាន​កូនតូចៗ​ក្នុងបន្ទុក​៤​នាក់ ដែល​កំពុង​អំពាវនាវ​លក់​ដី​លំនៅដ្ឋាន អះអាងថា ការសម្រេច​ដើរចេញ​ពី​ទីតាំង​នេះ ដោយសា​តែ​មិន​អាច​ទ្រាំទ្រ​នឹង​ស្ថានភាព​ក្រីក្រ អត់​មុខរបរ ពិសេស​គ្មាន​លទ្ធភាព​រក​ប្រាក់​សង​បំណុល​អ្នក​ដទៃ​ដែល​ចេះតែ​កើន​ឡើង ពី​មួយ​ខែ​ទៅ​មួយ​ខែ ។

​អ្នកស្រី​បន្ត​ថា «​អត់​មាន​ចំណូល​អី​ផង​លោកពូ ព្រឹក​មិញ​ប្តី​ខ្ញុំ​រក​ក្តាម​បាន យក​មក​ដូរ​អង្ករ​គេ បាន​អង្ករ​១០​កំប៉ុង​» ។​

​បុរស​ម្នាក់​ទៀត ដែល​កំពុង​អំពាវនាវ​លក់​ផ្ទះ​ដែរនោះ គឺ​លោក ជា នី បានឲ្យ​ដឹង​ដែរថា ការចាកចេញ​ពី​ភ្នំ​បាត​នេះ គ្រួសារ​លោក​មិន​ទាន់​កំណត់​ថា​ទៅ​រស់នៅ​ទីណា​ពិតប្រាកដ​ទេ ។ ប៉ុន្តែ​លោក​ថា ការចាកចេញ​នេះ គ្រាន់តែ​គេចចេញ​ទៅ​រក​មុខរប​រ​បណ្តោះអាសន្ន​ណាមួយ ដើម្បី​រស់​ប៉ុណ្ណោះ ។

​លោក​ថា «​ខ្ញុំ​ទៅ​នៅ​ឯនេះ ទៅ​នៅ​ចាំ​ដី​ចាំ​អី​ឲ្យគេ វា​ពិបាក​ពេក ចាំ​ដី​ចាំ​អី​ឲ្យគេ អញ្ចឹង​ទៅ គេ​ឲ្យ​មួយខែ​១៥០​ដុល្លារ អញ្ចឹង​ទៅ យើង​អាច​សន្សំ ទៅ​ថ្ងៃក្រោយ​ទៅ​អាច​ទិញ​ដី​អី​អញ្ចឹង​ទៅ​» ។​

VOD មិន​អាច​រក​ការបំភ្លឺ​ពី​ប្រធាន​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច លោកស្រី ស៊ុយ សុផាន បានទេ ខណៈ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ អះអាងថា មិន​បាន​ដឹង​ករណី​នេះ ។​

​ប៉ុន្តែ​បើ​តាម​ពាក្យបណ្តឹង​របស់​អ្នកភូមិ​បុរី​កីឡា​ប្តឹង​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​ឆ្នាំ ២០១២ ក្រោយ​ព្រឹត្តិការណ៍​បណ្តេញចេញ ឲ្យដឹងថា កាលពី​ឆ្នាំ​២០០៨​ទីស្តីការគណៈរដ្ឋមន្ត្រី​បានចេញ ស​ជណ ផ្ញើជូន​ទៅ​អភិបាល​រាជធានី​ភ្នំពេញ ដោយ​បង្គាប់​ឲ្យ​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច ជូន​សហគមន៍​ក្រីក្រ​បុរី​កីឡា នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា មាន​ពលរដ្ឋ​រស់នៅ​១៧៧៦​គ្រួសារ ដោយ​កាត់​ដី​ទំហំ ៤,៦០​ហិកតា ឲ្យ​សហគមន៍​សម្រាប់​អភិវឌ្ឍន៍​លំនៅដ្ឋាន ។​

​ពាក្យបណ្តឹង​របស់​អ្នកភូមិ​ឲ្យដឹង​ទៀតថា លុះដល់​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០០៤ ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ដែល​មាន​លោកស្រី ស៊ុយ សុផាន ជា​តំណាង​ក្រុមហ៊ុន​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​សហគមន៍​ថា​នឹង​សង់​អាគារ​ចំនួន​១០ មាន​កម្ពស់​៦​ជាន់ សម្រាប់​ពលរដ្ឋ​បុរី​កីឡា​១៧៧៦​គ្រួសារ ។​ ​ពាក្យបណ្តឹង​បញ្ជាក់ថា ដល់​ឆ្នាំ​២០១០​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច សង់អា​គារ​បាន​ចំនួន​៨ បញ្ឈប់​ការសាងសង់​ជា​ឯកតោភាគី ។​

​ពាក្យបណ្តឹង​បញ្ជាក់ថា ការសង់​អាគារ​បាន​៨​នេះ អ្នកភូមិ​១៣៩២​គ្រួសារ ប៉ុណ្ណោះ បាន​ចូល​រស់នៅ​ជា​កម្មសិទ្ធិ ។ ចំណែក​អាគារ​២​ទៀត សម្រាប់​អ្នក​ភូមិ​៣៨៤​គ្រួសារ ក្រុមហ៊ុន​មិន​បាន​ដោះស្រាយ ក្រោយ​មក​ក្រុមហ៊ុន​បាន​ប្រើប្រាស់​កម្លាំង​ប្រដាប់អាវុធ ដែល​មាន​ខែល ដំបង កាំភ្លើង និង​គ្រឿងចក្រ ឈូសឆាយ​កម្ទេច​ផ្ទះ​អ្នកភូមិ បង្ខំ​ឲ្យ​ពលរដ្ឋ​ចាកចេញ​។​

​ពាក្យបណ្តឹង របស់​អ្នក​បុរី​កីឡា ពេលនោះ​បាន​ទារ​សំណង​ជា​ជំងឺ​ចិត្ត​ពី​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ចំនួន ៣៩៦ ០០០ ០០០​រៀល (៣៩៦​លាន​រៀល​) ។​

​បើ​តាម​ពលរដ្ឋ​អះអាងថា ការបណ្តេញ​ចេញ​ពេល​នោះ ពួកគេ​ជិត​១០០​គ្រួសារ​ត្រូវ​ក្រុមហ៊ុន​បណ្តេញ​ឲ្យទៅ​រស់នៅ​ទួលសំបូរ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ១៤០​គ្រួសារ បញ្ជូន​ទៅ​ភ្នំ​បាត និង​ជាង​១០០​គ្រួសារ​ផ្សេង​ទៀត បន្ត​តវ៉ា​រហូត​បច្ចុប្បន្ននេះ ដើម្បី​ទារ​សំណង​សមរម្យ ។​

​យ៉ាងនេះក្តី អ្នកភូមិ​ដែល​ត្រូវ​បាន​បណ្តេញចេញ ឲ្យទៅ​រស់នៅ​ភ្នំ​បាត​នោះ ទទូច​ឲ្យ​រាជរដ្ឋាភិបាល​ចុះ​ពិនិត្យ​ពី​សុខទុក្ខ​របស់​ពួកគេ ដែល​កំពុង​រងគ្រោះ​ដោយ​ការបណ្តេញ​ពួកគេ​ចេញ​នេះ ។

​ពួក​គេ​លើកឡើងថា «​អញ្ចឹង​សូមឲ្យ​រដ្ឋាភិបាល​ហ្នឹង​ចុះ​មក​មើល​ប្រជាពលរដ្ឋ​នៅ​ភ្នំ​បាត​ផង ដែល​បណ្តេញ​គាត់​ហើយ យក​គាត់​មក​ចាក់ចោល មិន​មក​មើល​មក​អើពើ​នឹង​ចាត់ទុក​ថា​គាត់​ជា​សត្វ​ឬអី បើ​ចាត់ទុកថា ជា​ពលរដ្ឋ​របស់​ខ្លួនគួ​តែ​ចុះ​មើល​និង​ដោះស្រាយ​» ៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!