បណ្តាញ​ដឹក​ជញ្ជូន​កម្ពុជា ​ចាំ​បាច់​ត្រូវ​មាន​ការ​កែ​លម្អ
Posted On : មិនា, 3, 2017 | By Vantha

រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវអភិវឌ្ឍជាបន្ទាន់នូវគោលនយោបាយដឹកជញ្ជូនជាតិ ដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូនដ៏ពិបាក និងធ្វើវិសោធនកម្មគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់ខ្លួនដើម្បីជំរុញកំណើនសហគ្រាសធុនតូច និងមធ្យម (SME)។ នេះបើយោងតាមអ្នកជំនាញក្នុងកិច្ចពិភាក្សាជាក្រុមក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចកាលពីម្សិលមិញ។

ថ្លែងនៅក្នុងសន្និសីទចក្ខុវិស័យឆ្នាំ២០១៧ កាលពីថ្ងៃម្សិលមិញ ជាព្រឹត្តិការណ៍គាំទ្រដោយធនាគារ ANZ Royal និងវិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា (CDRI) សេដ្ឋវិទូ និងសមាជិកមកពីវិស័យឯកជន បានយល់ស្របថា ប្រទេសកម្ពុជា កំពុងមានការអភិវឌ្ឍយឺតនៅក្នុងការចាប់យកចង្វាក់ផ្គត់ផ្គង់ពិភពលោក ហើយមានការងារដែលត្រូវធ្វើច្រើនទៀត។

លោក Khoon Goh ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន ANZ Group បានឲ្យដឹងថា៖ «ប្រទេសកម្ពុជាមិនចាំបាច់ត្រូវតែមានដំណើរការផលិតទាំងមូលនោះទេ ប៉ុន្តែត្រូវជ្រើសរើសផ្នែកមួយនៃចង្វាក់តម្លៃ ដែលប្រទេសនេះចង់បានក្នុងការកំណត់ទិសដៅ»។

លោកបន្ថែមថា ខណៈកម្ពុជាកំពុងផ្លាស់ប្តូរទៅរកផលិតកម្មមធ្យម និងបច្ចេកវិទ្យាខ្ពស់យឺតៗ ប្រទេសនេះនៅតែកំពុងពឹងលើការនាំចូលជាច្រើនហួស ដែលចាំបាច់ត្រូវធ្វើការនាំចេញដើម្បីធៀបនឹងប្រទេសជិតខាង។

លោកបន្តថា៖ «កម្ពុជាអាចបោះជំហាន និងអាចយកគំរូតាមប្រទេសថៃ និងវៀតណាម ក្នុងការផ្លាស់ចេញពីប្រតិបត្តិការដំឡើងធម្មតា»។

ក្នុងសេចក្តីប្រកាសខ្លីមួយដោយ CDRI បានជំរុញថា រដ្ឋាភិបាលកម្ពុជាគួរតែផ្លាស់ប្តូរយ៉ាងរហ័សក្នុងការបង្កើតកម្លាំងការងារដឹកជញ្ជូន និងភ័ស្ដុភារជាតិដើម្បីកែលម្អប្រតិបត្តិការដឹកជញ្ជូនរបស់ប្រទេសនេះ។

លោក Ruth Banomyong សាស្ដ្រាចារ្យនៅសាលាពាណិជ្ជកម្មធម្មសាស្ដ្រនៅក្នុងប្រទេសថៃ និងជាអ្នកប្រឹក្សាយោបល់ដែលបានជួលដោយធនាគារពិភពលោក ដើម្បីជួយប្រទេសកម្ពុជា អភិវឌ្ឍក្រុមប្រឹក្សាដឹកជញ្ជូនជាតិរបស់ខ្លួន បានឲ្យដឹងថា គំនិតផ្ដួចផ្ដើមណាមួយ នឹងត្រូវតែចាប់ផ្ដើមតាមរយៈការដោះស្រាយការិយាធិបតេយ្យចំណាយប្រាក់ច្រើននៅក្នុងកម្រិតមូលដ្ឋាន។

លោកថ្លែងថា៖ «តាមទស្សនៈរបស់ខ្ញុំ បញ្ហាពិតប្រាកដគឺស្ថាប័ន។ អ្វីដែលខ្ញុំចង់និយាយគឺថា បើគ្មានការគ្រប់គ្រង និងបទប្បញ្ញតិ្តច្បាស់លាស់ដែលត្រូវអនុវត្តយ៉ាងតឹងរ៉ឹង ការអភិវឌ្ឍដ៏មានសក្ដានុពលណាមួយក្នុងចង្វាក់ផ្គត់ផ្គង់ ឬដឹកជញ្ជូន នឹងបន្តប្រតិបត្តិការនៅក្នុងបរិយាកាសខ្វះតម្លាភាព»។

លោកបន្តថា បើគ្មានតម្លាភាព វានឹងមិនអាចទៅរួចទេ ក្នុងការយល់ដឹងឲ្យបានពេញលេញពីអត្ថប្រយោជន៍នៃចង្វាក់តម្លៃ និងកន្លែងដែលត្រូវទាញយកប្រាក់ចំណេញ។

លោកបញ្ជាក់ថា កម្ពុជាត្រូវតែមានឆន្ទៈក្នុងការទទួលយកហានិភ័យស្ថាប័នក្នុងការលុបបំបាត់អំពើពុករលួយរបស់មន្ដ្រីតាមព្រំដែន និងមន្ដ្រីគយ។

លោកបញ្ជាក់ថា៖ «កម្ពុជាចាំបាច់ត្រូវផ្លាស់ប្តូររបៀប ដែលខ្លួនគិតអំពីការដឹកជញ្ជូន។

វាចាំបាច់ត្រូវបញ្ឈប់ការទូទាត់ក្រៅផ្លូវការនៅតាមព្រំដែន»។

លោកបន្ថែមថា៖«ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងកាត់ព្រំដែនគឺជាអនាគត ប៉ុន្តែសម្រាប់អនាគតនេះ ដើម្បីចាប់ផ្ដើម អ្នកចាំបាច់ត្រូវកំណត់អន្តរកម្មរូបវន្តពិតប្រាកដ ដែលនាំឲ្យតម្លៃកើនឡើង»។ លោកបន្តថា៖ «វាមិនគ្រាន់តែការជួញដូរឆ្លងកាត់ព្រំដែនដែលគ្មានក្រដាសស្នាមនោះទេ ប៉ុន្តែថែមទាំងការជួញដូរដែលប្រើមនុស្សតិចផងដែរ»។

លោក ស៊ា រិទ្ធី ប្រធានក្រុមហ៊ុន WorldBridge Land និងជាក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅជាយទីក្រុងភ្នំពេញ បានបង្ហាញគំនិតថា រដ្ឋាភិបាលគួរតែកែតម្រូវគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់ខ្លួនឲ្យក្លាយជាការដាក់បញ្ចូលកាន់តែច្រើនសម្រាប់ការអភិវឌ្ឍ SME។

លោកបន្តថា៖ «រដ្ឋាភិបាលមិនមានគោលនយោបាយ SME ដ៏រឹងមាំនោះទេក្នុងការទទួលបានក្រុមហ៊ុនតូចៗនៅក្នុងចង្វាក់តម្លៃ»។

លោកបន្ថែមថា៖«សម្រាប់ការអភិវឌ្ឍរយៈពេលវែង តែងតែត្រូវបានផ្ដោតលើការវិនិយោគធំៗ និងការទទួលបានដើមទុនច្រើន»។

លោកបញ្ជាក់ថា នេះវាបានបង្កើតនូវការផ្ដាច់ទំនាក់ទំនងរវាងអត្ថប្រយោជន៍ក្រុមហ៊ុន និងក្រុមហ៊ុនដែលជាអាជីវកម្មមធ្យមក្នុងស្រុក។

លោកថ្លែងថា៖ «SME គឺជាកតា្តជំរុញរបស់សេដ្ឋកិច្ច ហើយប្រទេសកម្ពុជាចាំបាច់ត្រូវអនុវត្តតាមផែនការរបស់វៀតណាមសម្រាប់ការអភិវឌ្ឍដែលរួមមានចង្វាក់ផ្គត់ផ្គង់បែបវិមជ្ឈការ»។

លោកបានបន្តថា៖ «ប្រសិនបើមានការលើកទឹកចិត្តក្នុងការអភិវឌ្ឍតំបន់ SME ឲ្យដំណើរការដូចជាកំពង់ចាម សម្រាប់ម្រេច ឬរតនគិរីសម្រាប់កៅស៊ូ ដែលនឹងត្រូវតែស្ថិតលើផ្ទៃដីពីរបីហិកតា យើងអាចបង្កើតតម្លៃតាមរយៈការផលិតផលិតផល នៅក្នុងប្រភពនេះ ជាជាងការចំណាយតម្លៃដឹកជញ្ជូនខ្ពស់»។

លោកបានសួរថា៖ «សំណួរគឺថាតើកម្ពុជានឹងឆ្ពោះទៅមុខ ឬក៏គ្រាន់តែក្រុមហ៊ុនទេ?»៕

ប្រភព៖ ភ្នំពេញ ប់ុស្តិ៏

សំឡេងទីក្រុង!

សំឡេងទីក្រុង!