បញ្ហាកកស្ទះនិងការមិនគោរពច្បាប់ចរាចរណ៍
Posted On : January, 13, 2015 | By សំឡេងទីក្រុង
www.postkhmer.com, Mon, 12 January 2015
បញ្ហាការកកស្ទះចរាចរណ៍ជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែល កើតឡើងជារាងរាល់ថ្ងៃ។ បញ្ហាស្ទះចរាចរណ៍វាជាបញ្ហាដែលធ្វើឲ្យអ្នកបញ្ជាយានយន្ដគ្រប់ ប្រភេទតែងតែមានអារម្មណ៍មិនល្អពេលជួបបញ្ហានេះកើតឡើងម្ដងៗ។
យើងសង្កេតឃើញថា បញ្ហានេះកើតឡើងក្នុងទីក្រុងភ្នំពេញជាពិសេសពេលព្រឹកនិងល្ងាច ព្រោះថា ពេលនោះជាពេលដែលសិស្ស និស្សិត គ្រូបង្រៀនមន្រ្តីរាជការ បុគ្គលិកការងារពេលចាកចេញទៅធ្វើការនិងត្រឡប់មកផ្ទះវិញ។ តើបញ្ហាដែលបណ្ដាលឲ្យមានការកកស្ទះនេះមកពីមូលហេតុអី្វ?
យើងមិនបាច់ទៅមើលឯណាឆ្ងាយនោះទេគ្រាន់តែយើងក្រឡេកមើលនៅតាម ដងផ្លូវក៏យើងឃើញមានហាងបាយគុយទាវកាហ្វេផ្សារទំនើបៗមួយចំនួន មិនមានកន្លែងចតសម្រាប់ឲ្យអតិថិជនរបស់គេចតបានត្រឹមត្រូវនោះទេ។ កន្លែងខ្លះយើងសង្កេតឃើញថា គេយកផ្លូវសាធារណៈសម្រាប់ធ្វើអាជីវកម្មទៀតផង។ ពេលខ្លះយើងឃើញថា គេចតរថយន្តពីពីរទៅបីជួរក៏មាន។ ក្នុងនោះយើងសង្កេតឃើញមានរថយន្តទំនើបៗក៏បានចូលរួមចតនឹងគេដែរ (អាចមានរថយន្តអ្នកចេះច្បាប់ផងក៏មិនដឹង)។ តើនេះមិនជាបញ្ហាដែលបណ្តាលឲ្យមានការកកស្ទះទេឬ?
បើនិយាយពីការលក់ដូររបស់របរនៅតាមផ្ទះវិញភាគច្រើនគេដាក់ តាំងអីវ៉ាន់របស់ពួកគេលយដល់ផ្លូវអ្នកដំណើរថ្មើរជើងសម្រាប់ធ្វើ ដំណើរ។ កត្តាបែបនេះឲ្យអ្នកដំណើរមិនមានផ្លូវសម្រាប់ធ្វើដំណើរបានគ្រប់ គ្រាន់ធ្វើឲ្យពួកគេសម្រេចចិត្តដើរលើផ្លូវសម្រាប់រថយន្តគ្រប់ ប្រភេទធ្វើចរាចរណ៍ទៅវិញ។ តើអ្នកគិតថាវាអាចបង្កគ្រោះថ្នាក់ដល់ពួកគេដែរឬទេ?
បើនិយាយអំពីការមិនគោរពច្បាប់ចរាចរណ៍វិញយើងតែងតែឃើញជាញឹក ញយជារាងរាល់ថ្ងៃ។ ក្នុងនោះការប្រព្រឹត្តបទល្មើសចរាចរណ៍ភាគច្រើនបង្កឡើងដោយក្រុម យុវវ័យមួយចំនួននិងពេលខ្លះយើងសង្កេតឃើញថា មានមន្រ្ដីនគរបាលចរាចរណ៍ខ្លួនឯងផ្ទាល់ក៏មិនបានគោរពច្បាប់ផងដែរ។ ការមិនគោរពច្បាប់ទាំងនោះយើងតែសង្កេតឃើញមាននៅក្រោមរូបភាពមួយ ចំនួនដូចជាការមិនគោរពស្លាកសញ្ញាចរាចរណ៍ ការមិនគោរពភ្លើងសញ្ញាចរាចរណ៍ ការបើកបរក្នុងល្បឿនលឿន និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ល។ កត្តាទាំងនេះហើយដែលធ្វើឲ្យបញ្ហាគ្រោះថា្នក់ចរាចរណ៍តែងតែកើត ជារៀងរាល់ថ្ងៃ ដែលបានបង្កឲ្យមានការបាត់បង់អាយុជីវិត របួសនិងបង្កឲ្យខូចខាតសម្បត្តិរដ្ឋនិងឯកជនជាច្រើន។
បើយោងតាមការសិក្សារបស់ក្រុមអ្នកជំនាញខាងចរាចរណ៍ឲ្យដឹងថា នៅកម្ពុជា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ក្នុងមួយថ្ងៃ ធ្វើឲ្យរបួស ជាង ៥០០០ នាក់ក្នុងមួយឆ្នាំ និងបានបង្កការខូចខាតសេដ្ឋកិច្ចជាតិជាង ៣០០ លានដុល្លារជារៀងរាល់ឆ្នាំ។ គឺជាតួលេខអ្នកស្លាប់ដ៏ខ្ពស់បំផុតគឺខ្ពស់ជាងអ្នកស្លាប់ដោយ គ្រាប់មីនឬដោយជំងឺអេដស៍ដ៏កាចសាហាវទៅទៀត។
ជាង ៩០ ភាគរយនៃគ្រោះថ្នាក់ចរាចរណ៍ត្រូវគេរកឃើញថាបណ្តាលមកពីកត្តា មនុស្ស ដូចជា ការបើកបរដោយមិនគោរពស្លាកសញ្ញាចរាចរណ៍ មិនគោរពសិទ្ធិអាទិភាព បើកបរក្នុងល្បឿនលឿនហួសហេតុ និងការបើកបរក្នុងស្ថានភាពស្រវឹងជាដើម។ អ្នកទាំងនោះហើយដែលជាមុខព្រួញដែលត្រូវជាប់ទោសនិងត្រូវផាក ពិន័យធ្ងន់ធ្ងរក្នុងច្បាប់ចរាចរណ៍ថ្មី ហើយច្បាប់ចរាចរណ៍ថ្មីចូលជាធរមាន អ្នកបើកបរល្មើសច្បាប់នឹងត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងររាប់ទាំង ទោសជាប់ពន្ធនាគារនិងការផាកពិន័យ។
ជាក់ស្តែង អ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដែលមានជាតិអាល់កុលចាប់ពី ០,៤០ មិល្លីក្រាមក្នុងមួយលីត្រខ្យល់ឬក៏ចាប់ពី ០,៨០ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ នឹងត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពីមួយខែដល់ ៦ ខែនិងផាកពិន័យ ចាប់ពី ៨០ ម៉ឺនរហូតដល់ ៤ លានរៀល។ ក្នុងករណីបង្កគ្រោះថ្នាក់ដែលបណ្តាលឲ្យមានមនុស្សរបួសឬស្លាប់ ទោសជាប់ពន្ធនាគារអាចកើនដល់ ៥ ឆ្នាំ រីឯប្រាក់ពិន័យអាចឡើងដល់ ២៥ លានរៀលឯណោះ។
ចំណែកឯមន្ត្រីនគរបាលចរាចរណ៍ក៏មានចំណុចខ្វះខាតមួយចំនួន ក្នុងការអនុវត្តច្បាប់ ចរាចរណ៍ ដូចជាការយកលុយលើសពីចំនួនពិន័យក្នុងច្បាប់ និងមិនចេញវិក្កយបត្រជាដើម។ ជាងនេះទៅទៀតគឺការធ្វើឲ្យមានការកកស្ទះចរាចរណ៍ផងដែរ។ ឧទាហរណ៍ នៅពេលមានហែពិធីមង្គលការ ពិធីបុណ្យសព ឬក៏ពិធីហែក្បួនថ្នាក់ដឹកនាំ និងគណៈប្រតិភូអន្តរជាតិនានា គឺមន្ត្រីនគរបាលចរាចរណ៍ គាត់បានជួយបិទផ្លូវបានយ៉ាងល្អ តែដល់ក្បួនទាំងនោះបានហែផុត គឺបើកឲ្យអ្នកធ្វើដំណើរជិះម៉ាសេរីច្រាសទិសគ្នាស្ទះពេញផ្លូវ ពួកគាត់បានបំពេញតួនាទីរួចហើយ មិនខ្វល់ទេ។
នេះជាបញ្ហារបស់មន្ត្រីនគរបាលចរាចរណ៍ ចុះមានអ្វីខ្លះដែលចូលរួមចំណែកធ្វើឲ្យនគរបាលចរាចរណ៍ពុករលួយ និងការកកស្ទះចរាចរណ៍?
មិនមែនឲ្យតែការកកស្ទះចរាចរណ៍ និងពុករលួយ គឺសុទ្ធតែមកពីកំហុសនគរបាលចរាចរណ៍ទេ មានការចូលរួមពីសកម្មភាពផ្សេងៗ និងអ្នកបើកបរខ្លួនឯងផងដែរ។ ដូចយើងធ្លាប់ឃើញ នៅរាជធានីភ្នំពេញ ផ្ទះសាងសង់លយចូលមកចិញ្ចើមថ្នល់ខ្លាំងពេកឡើងអស់ផ្លូវដើរ ការលក់ដូរហៀរចូលមកថ្នល់ អ្នកចតមកចូលថ្នល់ ការសាងសង់រោងការចូលថ្នល់ ខ្លះបិទផ្លូវទៀត នេះជាសកម្មភាពមួយចំនួនដែលធ្វើឲ្យមានការកកស្ទះចរាចរណ៍ផងដែរ។
សរុបមកដើម្បីដោះស្រាយបញ្ហាការកកស្ទះនិងការមិនគោរពច្បាប់ ចរាចរណ៍ទាមទារឲ្យមានប្រសិទ្ធភាព ឲ្យមានការចូលរួមកែលម្អគោរពនិងអនុវត្តច្បាប់ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសរដ្ឋាភិបាលគ្រប់ជាន់ថា្នក់ដែលពាក់ព័ន្ធ។ យើងត្រូវចូលរួមដោះស្រាយទាំងអស់គ្នាដើម្បីការពារនិងធានាឲ្យ បាននូវសេចក្ដីសុខនិងសុវត្ថិភាពសម្រាប់យើងទាំងអស់គ្នា៕