cam-photo-front-channa-3-800x533

បញ្ហា​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ ធ្វើ​ឱ្យ​ការ​ចំណាយ​ពលរដ្ឋ​កើនឡើង

បញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញរាល់ថ្ងៃកាន់តែស្មុគស្មាញឡើង និងធ្វើឲ្យអ្នកដំណើរគ្រប់មជ្ឈដ្ឋានកំពុងត្អូញត្អែរ និងធុញទ្រាន់គ្រប់គ្នា ។ ការកកស្ទះនេះ កំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្ត ពេលវេលា ផលិតភាពការងារ ពិសេសគឺការចំណាយរបស់ពលរដ្ឋកើនឡើងដោយមិនដឹងខ្លួន ។ ទោះបីយ៉ាងណា ក៏មានអ្នកទទួលផលពីការកកស្ទះចរាចរណ៍នេះផងដែរ ។

អ្នករកស៊ីដឹកទឹកកកម្នាក់បានឲ្យដឹងកាលពីថ្ងៃទី៥ តុលា ថា បញ្ហាស្ទះចរាចរណ៍ គឺបង្កមកពីអ្នកប្រើប្រាស់ផ្លូវថ្នល់មិនបានគោរពច្បាប់ចរាចរណ៍ គឺពួកគេបើកប្រជែងគ្នាដើម្បីបានទៅមុនរៀងៗខ្លួន ដោយមិនខ្វល់ពីអ្នករួមដំណើរជាមួយគ្នាទេ ដែលជាហេតុធ្វើឲ្យយើងខាតបង់ទាំងពេលវេលា និងថវិកា ។

លោក ស៊ុន គង់ អ្នកបើករថយន្ដដឹកទឹកកករូបនេះបន្ដថា ៖« ពេលមានការកកស្ទះម្ដងៗ គឺខាតទាំងអស់ ទាំងពេលវេលា និងលុយ ។ ដូចយើងអ្នកធ្វើការអីចឹង បើទៅធ្វើការយឺត ដឹងតែត្រូវមាត់ហើយ ។ ចំណែកខ្ញុំជាអ្នកលក់ទឹកកក បើនៅជាប់គាំង គឺដឹងតែខាតបង់ច្រើនហើយ ព្រោះទឹកកកវារលាយ » ។

លោកបានបន្ថែមថា ផ្លូវភាគច្រើនដែលកកស្ទះជាងគេ គឺផ្លូវដែលមានអ្នកលក់ដូរនៅជាប់ផ្សារ ឬភោជនីយដ្ឋាន ការយកចិញ្ចើមផ្លូវលក់ទំនិញ ជាពិសេស តំបន់ដែលមានរោងចក្រ ហើយរាល់ថ្ងៃ បើយើងគោរពច្បាប់ត្រឹមត្រូវតែឯង តែអ្នកដទៃមិនគោរពនោះ គឺបើកអត់ទៅមុខទេ ។ ដូច្នេះ មានតែបង្ខំចិត្តទៅតាមលំហូរចរាចរណ៍អីចឹងទៅ ។
ចំណែកលោក ហ៊ុង វិចិត្រ បុគ្គលិកនៅក្រុមហ៊ុនដាយរិកសិន អ៊ែតវើថាយស៊ីង ខូអិលធីឌី បានត្អូញត្អែរ និងមិនពេញចិត្តពេលដែលមានបញ្ហាកកស្ទះម្ដងៗ សូម្បីតែកន្លែងដែលមានភ្លើងស្តុប និងសញ្ញាចរាចរណ៍ក៏ដោយ ក៏នៅតែបំពានទៀត ។

លោកថា ៖« ខ្ញុំមិនពេញចិត្តទាល់តែសោះដែលអ្នកបើកបរមិនគោរពគ្នាអីចឹង ។ អ្នកណាក៏គេប្រញាប់ដែរ តែសូមមេត្តាឲ្យចេះគោរពច្បាប់ផង» ។ លោកបានបន្ថែមថា បើអ្នកបើកបរទាំងឡាយចេះគោរពច្បាប់ ស្គាល់ពីច្បាប់ត្រឹមត្រូវ កុំប្រញាប់ប្រញាល់ ហើយចេះយោគយល់ដល់អ្នកបើកបរដូចគ្នានោះ បញ្ហាកកស្ទះក៏អាចជួយកាត់បន្ថយបាន៥០%ដែរ ។

បើតាមអ្នករត់តាក់ស៊ីពីខេត្តកំពត-ភ្នំពេញ លោក លី សារ៉ាក់ បានលើកឡើងពីបញ្ហាកកស្ទះនៅតាមផ្លូវរាជធានីភ្នំពេញ គឺមានស្ទើរគ្រប់ផ្លូវទាំងអស់ ។

លោកប្រាប់ថា ៖« សឹងតែគ្រប់ផ្លូវទាំងអស់ដែលមានការកកស្ទះ ដោយសារតែអ្នកបើកបរមិនគោរពច្បាប់ ។ អ្នកខ្លះប្រញាប់ពេកក៏បើកបញ្ច្រាសផ្លូវក៏មាន ឯមួយចំនួនទៀតដែលមានរថយន្ដទំនើបៗ គឺបើកមិនខ្វល់ពីអ្នកណាទាំងអស់ សូម្បីតែមានសមត្ថកិច្ចនៅចាំសម្រួលក៏ដោយ ។ អីចឹងហើយ វាធ្វើឲ្យខ្ញុំដែលជាអ្នកដឹកភ្ញៀវ និងអីវ៉ាន់ គឺតែងតែរងការត្រូវមាត់ជាញឹកញាប់ ហើយការចំណាយថ្លៃប្រេងឥន្ធនៈក៏កើនឡើងដែរ » ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍  នៃក្រុមហ៊ុន Emerging Market Consuting បានប្រាប់នៅថ្ងៃដដែលនេះថា ៖« បញ្ហាកកស្ទះចរាចរណ៍នេះ វាធ្វើឲ្យប៉ះទង្គិចផ្លូវចិត្ត ប៉ះពាល់ដល់ផលិតភាពការងារ គឺគាត់មិនបានធ្វើការគ្រប់ម៉ោងឡើយ ជាពិសេស ខាតបង់លុយកាក់ ដោយសារតែពេលកកស្ទះម្ដងៗ អ្នកបើកបរគាត់ត្រូវការបញ្ឆេះឡាន ឬម៉ូតូចោលរយៈពេលយូរ ទម្រាំតែបានចេញដំណើរ ។ អីចឹងហើយធ្វើឲ្យសាំង ឬម៉ាសូត ត្រូវចំណាយច្រើនទៅលើការបើកបរនោះ » ។

លោក ង៉ែត ជូ បានបន្ថែមទៀតថា ៖ «ឥឡូវ អ្នកដែលគាត់ធូរធារ គឺមានរថយន្ដស្ទើរគ្រប់គ្នា ហើយពេលគាត់ធ្វើដំណើរម្ដងៗ រថយន្ដមួយគាត់ជិះតែម្នាក់ឯង ហើយផ្លូវយើងមួយចំនួនដែលមានតាំងពីសម័យសង្គមរាស្ត្រនិយមមកគឺតូច ព្រោះពីមុន ផ្លូវទាំងនោះធ្វើសម្រាប់តែរទេះគោ ឬរទេះសេះ ដោយមិនបានគិតថា ធ្វើតម្រូវសម្រាប់ថ្ងៃខាងមុខឡើយ » ។

លោកក៏បានផ្ដល់ជាអនុសាសន៍ថា អាជ្ញាធរមុននឹងធ្វើផ្លូវ សូមសិក្សាលទ្ធភាពពីតំបន់មួយទៅតំបន់មួយឲ្យបានច្បាស់លាស់ និងសូមបង្កើតក្រុងថ្មី ដោយពង្រីកផ្លូវ ធ្វើស្ពាន ដាក់លូ និងធ្វើប្រឡាយតាមផ្លូវនីមួយៗបន្ថែមទៀតដើម្បីការពារការកកស្ទះ ព្រោះពេលមានភ្លៀងធ្លាក់ម្ដងៗបញ្ហាកកស្ទះចរាចរណ៍ គឺមានច្រើនស្ទើរគ្រប់តំបន់នៅរាជធានីភ្នំពេញ ។

ចំណែកអ្នកវិភាគសេដ្ឋកិច្ចមួយរូបនៅក្នុងប្រទេសកម្ពុជា កន្លងមកបានលើកឡើងថា បញ្ហាកកស្ទះចរាចរណ៍សព្វថ្ងៃនៅក្នុងក្រុងភ្នំពេញ បណ្ដាលឲ្យមានការខាតបង់ជាច្រើន តែទន្ទឹមនឹងនេះ ក៏មានអ្នកចំណេញពីការកកស្ទះចរាចរណ៍នេះដែរ ។

លោក ច័ន្ទ សុផល ក៏បានលើកឡើងពីការខាតបង់បណ្ដាលមកពីការកកស្ទះចរាចរណ៍ដូចជា ចំណាយច្រើនលើប្រេងឥន្ធនៈ, ខាតពេលវេលា, ខាតការងារ និងយឺតយ៉ាវប្រតិបត្តិការធុរកិច្ច, ខកខានកិច្ចប្រជុំ ឬលុបចោលការណាត់ដែលជារឿងសំខាន់, ខូចអារម្មណ៍ មួម៉ៅ ស្ត្រេស (បណ្ដាលឲ្យប៉ះពាល់សុខភាព), ការបំពុលបរិយាកាសដោយឧស្ម័នកាបូនិកកាន់តែច្រើន, ការចំណាយលើថ្នាំ និងថែទាំសុខភាពជាដើម ។

សម្រាប់ផលចំណេញ និងអ្នកដែលចំណេញពីការកកស្ទះចរាចរណ៍នោះ លោក ច័ន្ទ សុផល លើកឡើងថា អ្នកចំណេញពីការកកស្ទះមានដូចជា អ្នកលក់ប្រេងឥន្ធនៈ ក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ ដែលធ្វើឲ្យរាជរដ្ឋាភិបាលចំណេញទៅលើពន្ធពីការនាំចូលប្រេងឥន្ធនៈ, អ្នកលក់ថ្នាំពេទ្យ និងគ្រូពេទ្យ ដោយសារតែជំងឺផ្សេងៗទាក់ទងនឹងផ្លូវដង្ហើម និងអារម្មណ៍ ហើយក្រុមហ៊ុននាំចូល ឬផលិតថ្នាំពេទ្យ ក៏ទទួលផលចំណេញពីការកកស្ទះនេះដែរ ។

ប៉ុន្តែបើប្រៀបធៀបពីផលចំណេញ និងការខាតបង់វិញឃើញថា ការខាតបង់មានច្រើនណាស់ ។ ដូចនេះ ទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋផ្ទាល់ត្រូវតែចូលរួមដើម្បីកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ដូចរាល់ថ្ងៃនេះ ។

លោក ច័ន្ទ សុផល បានផ្ដល់ជាមតិយោបល់មួយចំនួនផងដែរទាក់ទងនឹងដំណោះស្រាយ ក្រៅពីការពង្រីកផ្លូវ និងសង់ស្ពានអាកាស ឲ្យបានច្រើនតាមលទ្ធភាពដូចជា ៖

១-ដាក់នគរបាលចរាចរណ៍ដើម្បីសម្រួលចរាចរណ៍ឲ្យបានទៀងទាត់នៅតាមចំណុចដែលមានការកកស្ទះខ្លាំង ។
២-ដាក់ភ្លើងស្តុបនៅកន្លែងចាំបាច់ ហើយបំពាក់ប្រព័ន្ធពន្លឺព្រះអាទិត្យសម្រាប់ភ្លើងស្តុប ដែលងាយដាច់ភ្លើង ។
៣-សិក្សា និងកំណត់ទិសចរាចរណ៍តែមួយសម្រាប់ផ្លូវមួយចំនួន ។
៤-ជួសជុលផ្លូវត្រូវសម្រុកធ្វើនៅពេលយប់ ដើម្បីកុំឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋ ។
៥-គ្រប់គ្រងកន្លែងដាក់ និងយកកុមារនៅសាលារៀន ដែលនាំឲ្យកកស្ទះ ។
៦-ចៀសវាងការបិទផ្លូវសម្រាប់ពិធីផ្សេងៗ។
៧-បញ្ចៀសការចេញរថភ្លើងនៅម៉ោងរវល់ខ្លាំងពេលព្រឹក និងពេលរសៀល ដែលអាចឲ្យស្ទះចរាចរណ៍កាន់តែខ្លាំង ៕

ប្រភព៖ kohsantepheapdaily.com.kh

Leave a Reply