នៅ​តែ​ភ័យ​ខ្លាច​រអា​ទេ​ពេល​ធ្វើ​ដំណើរ​ក្បែរ​ការដ្ឋាន​សំណង់?
Posted On : November, 11, 2014 | By សំឡេងទីក្រុង

ដោយ តុង សុប្រាជ្ញ , ភ្នំពេញប៉ុស្ដិ៍ ថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ ២០១៤

ការ​រៀបចំ​អបអរ​សាទរ​យ៉ាង​គគ្រឹក​គគ្រេង​របស់​រាជ​រដ្ឋាភិបាល​ជូន​ កីឡាការនី ស៊ន សៀវម៉ី ម្ចាស់​មេដាយ​មាស​តេក្វាន់ដូ​នៅ​ព្រឹត្តិ​ការណ៍​ប្រកួត​អាស៊ី​ដែល​ធ្វើ​ឲ្យ​ ម្នាក់ៗ​ផ្តោត​ទៅ​លើ​ជោគ​ជ័យ​យ៉ាង​កង​រំពង។ នរណាៗ​ក៏​និយាយ​ពី​កីឡាការិនី សៀវម៉ី ដែរ មាន​មតិ​មួយ​ចំនួន​បាន​លើក​សរសើរ​ថា នេះ​ជា​ជោគជ័យ​ក្នុង​ប្រវត្តិ​សាស្រ្ត​សម័យ​សម្តេច​តេជោ ហ៊ុន សែន ដែល​លោក​ក៏​បាន​លើក​ឡើង​សរសើរ​ថា៖ «អាហ្នឹង [មេដាយ​មាស​ប្រចាំ​អាស៊ី] កម្ពុជា មិន​ដែល​បាន​ទេ!»។ ការ​រៀបចំ​យ៉ាង​អធិក​អធម​សម្រាប់​ជ័យលាភី​កីឡា​នេះ ធ្វើ​ឲ្យ​ម្នាក់ៗ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពេក​លើ​រឿង​ហ្នឹង​ដែរ តែ​ភ្លេច​គិត​គូរ​ពី​រឿង​ដី និង​ស្រះ​អាង​ស្តុក​ទឹក​នៅ​ក្នុង​បរិវេណ​ស្តាត​អូឡាំពិក​ដែល​ជា​កន្លែង​ ថ្នាល​បណ្តុះ​បណ្តាល​កីឡាករ​ត្រូវ​បាន​គេ​លក់​ចង់​អស់​រលីង​ពី​ក្នុង​ពិភព​ កីឡា​ទៅ​ហើយ។

ស្រាប់​តែ​កាល​ពី​សប្តាហ៍​មុន មាន​មតិ​ភ្ញាក់​ផ្អើល​ជាច្រើន​បាន​លើក​ឡើង​ថា ចុំ​យក្ស! ដី​នៅ​បរិវេណ​ស្តាត​អូឡាំពិក​នេះ​ត្រូវ​គេ​លក់​និង​សាងសង់​អគារ​ខ្ពស់​ដ៏​ ស្កឹម​ស្កៃ​ទៅ​វិញ ហើយ​សួរ​គ្នា​ថា តើ​នេះ​ជា​ស្នាដៃ​សម្តេច​តេជោ មែន​ទេ? គឺ​បន្ទាប់​ពី​មាន​ស្ត្រី​ម្នាក់​បាន​ស្លាប់​ដោយ​សារ​ដែក​ប្រវែង​ប្រមាណ​ជិត ២ ម៉ែត្រ​បាន​ធ្លាក់​ពី​លើ​អគារ​ដែល​កំពុង​សាង​សង់​នៅ​ក្នុង​បរិវេណ​ស្តាត​ អូឡាំពិក​ដែល​ជា​អតីត​ដី​ក្រួស​ក្រហម​សម្រាប់​យុវជន​ទាត់​បាល់​នោះ​ធ្លាក់​ ចំ​ក្នុង​ពេល​ស្រ្តី​នោះ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារណៈ​ជាមួយ​កូន​ គាត់។ ភ្លាម​នោះ​ដែរ ក៏​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​ចំពោះ​ភាព​គ្មាន​សុវត្ថិភាព​ ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារណៈ​នេះ ហើយ​តវ៉ា​ឲ្យ​មាន​ការ​ដាក់​ទោស​ទណ្ឌ​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​ការ​ទទួល​ខុស​ ត្រូវ​របស់​ក្រុម​ហ៊ុន​សំណង់ OCIC។ រីឯ​លោក នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ​ក៏​បាន​ប្តេជ្ញា​ចិត្ត​ចេញ​បទ​បញ្ជា​ឲ្យ​ សមត្ថកិច្ច​នគរបាល​រាជធានី ឃាត់​ខ្លួន​ជន​ពាក់ព័ន្ធ​រឿង​នេះ​បញ្ជូន​ទៅ​តុលាការ​ដោយ​មិន​អាច​សម្រប​ សម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​ទេ។

មិន​ទាន់​បាន​មួយ​សប្តាហ៍​ស្រួល​បួល​ផង​ក៏​ស្រាប់​តែ​ក្រុម​គ្រួសារ​ជន​ រង​គ្រោះ​ស្ត្រី​ដែល​ស្លាប់​ដោយ​សារ​ដែក​ធ្លាក់​លើ​ស្លាប់​នោះ ទទួល​សំណង ៦ ម៉ឺន​ដុល្លារ​រួច​ហើយ​ពី​ក្រុម​ហ៊ុន​សំណង់ CSCC ហើយ​ក៏​បាន​ដក​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​នេះ​ផង​ដែរ។ ចំណែក​ឯ​លោក​មេការ​និង​វិស្វករ​សំណង់​ក្រុម​ហ៊ុន​នោះ​ក៏​ត្រូវ​បាន​ដោះ​លែង ព្រោះ​ពេល​គ្រោះ​ថ្នាក់​នោះ​ពួក​គេ​មិន​នៅ​ការដ្ឋាន​សំណង់​ទេ ដូច្នេះ​មិន​ពាក់​ព័ន្ធ​ទៅ​នឹង​គ្រោះ​ថ្នាក់​នេះ​ទេ តែ​មក​ជាប់​កម្មករ ៥ នាក់​នេះ​ទៅ​វិញ​ដោយ​ត្រូវ​បាន​គេ​ចោទ​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​ទៅ​វិញ។ ចំណុច​នេះ​ធ្វើ​ឲ្យ​អ្នក​ច្បាប់​មាន​ការ​ជជែក​វែក​ញែក​គ្នា​បញ្ហា​ទទួល​យក​ សំណង និង​មតិ​មហាជន​ក៏​ខឹង​សម្បា​ទៅ​នឹង​ការ​ដាក់​បន្ទុក​ទៅ​ជន​ជាប់​ចោទ​មិន​ ត្រឹម​ត្រូវ អ្នក​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​សំណង់​បែរ​ជា​រួច​ខ្លួន​មក​ជាប់​កម្មករ​តូច​ តាច​ទៅ​វិញ។

សំណួរ​សួរ​ថា តើ​អ៊ីចឹង​ដើរ​ម៉ៅការ​គេ​ហើយ ដើរ​បាត់​មិន​មើល​ការ​ខុស​ត្រូវ​ហើយ​រួច​ខ្លួន​ទៀត? គ្នា​កម្មករ​គ្នា​ដឹង​អី​គ្នា គេ​ឲ្យ​ធ្វើ​អី​គាត់​ធ្វើ​ហ្នឹង​ហើយ គាត់​មិន​បាន​ទៅ​គិត​វែង​ឆ្ងាយ​ថា នឹង​មាន​ហានិភ័យ​អ្វី​នឹង​កើត​មាន​ឡើង​ចំពោះ​មុខ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​អ្នក​ទទួល​ម៉ៅ​ការ និង​ខ្លួន​ឯង​ជា​វិស្វករ​ត្រូវ​តែ​នៅ​បញ្ជា និង​មើល​ការ​ខុស​ត្រូវ​ចំពោះ​កម្មករ មិន​មែន​មិន​នៅ​ការដ្ឋាន​នោះ​រួច​ខ្លួន​នោះ​ទេ។ អ៊ីចឹង​ហើយ​បាន​សព្វ​ថ្ងៃ​រាល់​ការ​សាង​សង់​ទាំង​តូច ទាំង​ធំ វិស្វករ​ស៊ី​តែ​ឈ្មោះ​ហើយ​មិន​ដែល​មក​អើត​ការដ្ឋាន​សំណង់​ក៏​មាន​ដែរ រីឯ​អ្នក​ម៉ៅ​ការ​វិញ​ដូច​តែ​គ្នា​យូរៗ​មក​អើត​ម្តង​ដឹង​តែ​ចុង​សប្តាហ៍​ទៅ​ បើក​លុយ​ឲ្យ​កម្មករ​ទៅ​ចប់​ចង់​សំណង់​នោះ​គេ​ស៊ី​ដែក ស៊ី​ស៊ីម៉ងត៍​ក្នុង​ការ​សាង​សង់​ធ្វើ​ឲ្យ​សំណង់​គ្មាន​គុណភាព​ក៏​មិន​ដឹង​ ដែរ​ពេល​ខ្លះ។ នេះ​គឺជា​ទម្លាប់​អាក្រក់​ដែល​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​នៅ​តែ​រួច​ខ្លួន​ ដដែល វា​សឹង​ទៅ​ជា​វប្បធម៌​ទៅ​ហើយ ព្រោះ​កន្លង​មក​មាន​សមាជិក​សភា​ជាន់​ខ្ពស់​ចាស់​វស្សា ៥ អាណត្តិ​ជាប់​គ្នា​លោក ជាម យៀប បើក​រថយន្ត​បុក​ប្រជា​ពលរដ្ឋ​ស្លាប់​ហើយ បើក​រត់​ទៀត​ហើយ​គ្មាន​ប៉ូលិស និង​តុលាការ​ណា​ទៅ​ដាក់​បន្ទុក​ទោស​ទណ្ឌ​លើ​រូប​លោក​ទៅ​តាម​ច្បាប់​ចរាចរណ៍​ នោះ​ទេ គ្រាន់​តែ​គាត់​បង់​លុយ​ទៅ​ជន​រងគ្រោះ​ទៅ​ចប់​រួច​ខ្លួន​ដដែល។ នេះ​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​និទ្ទណ្ឌភាព​សម្រាប់​អ្នក​មាន ​លុយ និង​មាន​អំណាច ហើយ​ក៏​ជា​គំរូ​អាក្រក់​នៃ​ភាព​អយុត្តិធម៌​នៅ​ស្រុក​ខ្មែរ​ផង​ដែរ។ ជីវិត​ខ្មែរ​អ្នក​ក្រីក្រ មាន​តម្លៃ​ថោក​មិន​ស្មើ​នឹង​តម្លៃ​រថយន្ត​កូន​ឧកញ៉ាៗ និង​អ្នក​ធំៗ​ជិះ​ដើរ​លេង​ផង។

ម្យ៉ាង​វិញ​ទៀត​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់​ក៏​កាន់​តែ​យ៉ាប់​ទៅ​ទៀត មន្ត្រី​កម្រ​ចុះ​ការដ្ឋាន​សាង​សង់ មិន​ដឹង​ថា តើ​សំណង់​ហ្នឹង​ត្រឹម​ត្រូវ​តាម​ស្តង់ដារ​ហើយ​ឬ​នៅ? ហើយ​បើ​ខុស​បច្ចេក​ទេស​មាន​វិធាន​ការ​យ៉ាង​ដូចម្តេច? ទាល់​តែ​មាន​ស្លាប់​មនុស្ស​បាន​ធ្វើ​ហាក់​ដូចជា​យក​ចិត្ត​ទុក​ដាក់ និង​ជ្រួល​ច្របល់​តាម​គេ​តាម​ឯង​ដែរ ដូច​មាន​បញ្ហា​ស្លាប់​ស្ត្រី​ជន​រង​គ្រោះ​នេះ​អ៊ីចឹង មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​នេះ​បាន​នាំ​គ្នា​ដុត​ដៃ​ដុត​ជើង​ធ្វើ​សន្និសីទ​ កាសែត​អះអាង​ពីការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ទៅ​លើ​ក្រុម​ហ៊ុន​ម៉ៅ​ការ​សំណង់ CSCC ដែល​សាង​សង់​អគារ​ក្រុម​ហ៊ុន OCIC នៅ​ក្នុង​បរិវេណ​ស្តាត​អូឡាំពិក​នេះ។ បើ​និយាយ​ពី​ច្បាប់​ស្តង់ដារ​នៃ​ការ​សាង​សង់​វិញ នៅ​តែ​ព្រាង​នៅ​ឡើយ​ខណៈ​ដែល​សំណង់​បាន​និង​កំពុង​រីក​ដុះ​ដាល​ដូច​ផ្សិត​ទៅ​ ហើយ​នោះ ត្រូវ​រង់​ចាំ​រហូត​ដល់​ដាច់​ឆ្នាំ​ក្រោយ​ទៀត​បាន​ហើយ ហេតុ​អ្វី​បាន​ជា​មក​ដល់​បោះ​ឆ្នោត​សភា​ជាតិ​បាន ៥ អាណតិ្ត​ទៅ​ហើយ ច្បាប់​សំណង់​នោះ​នៅ​ជាប់​គាំង​យូរ​ម៉្លេះ? តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ការ​ធ្វើ​ឲ្យ​យឺត​យ៉ាវ​ក្នុង​ការ​អនុម័ត​ច្បាប់​ នេះ?

កន្លង​មក​ធ្លាប់​មាន​គ្រោះ​ថ្នាក់​ដោយ​សារ​សំណង់​ជា​ហូរ​ហែរ​រួច​មក​ហើយ ដូច​ជា កាល​ពី​ឆ្នាំ​ទៅ​មាន​ការ​បាក់​ពិតាន​រោងចក្រ​កាត់​ដេរ​នៅ ខេត្ត​កំពង់ស្ពឺ ធ្វើ​ឲ្យ​កម្មករ​កាត់​ដេរ​ស្លាប់ ២ នាក់​ហើយ​នៅ​ការដ្ឋាន​សំណង់​នៅ​បឹង​ទំពុន ខណ្ខ​មាន​ជ័យ ឯ​ណេះ​វិញ ក៏​បាក់​ជញ្ជាំង​របង​សង្កត់​កម្មករ​សំណង់​ស្លាប់ ២ នាក់​ដែរ និង​កាល​ពី​ខែ​មុន​នេះ នៅ ស្រុក​បាទី ខេត្ត​តាកែវ ក៏​មាន​បាក់​អគារ​ធ្វើ​ឲ្យ​របួស​ធ្ងន់​កម្មករ ២ នាក់​ទៀត។ល។ តែ​មន្ត្រី​រៀបចំ​ច្បាប់​នេះ​នៅ​តែ​ធ្វើ​មិន​ដឹង​មិន​ឮ​ដដែល។ បច្ចុប្បន្ន​នេះ ប្រជា​ពលរដ្ឋ​កាន់​តែ​មាន​ការ​ភ័យ​ខ្លាច​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ សាធារណៈ ដែល​ហាក់​ដូច​ជា​គ្មាន​សុវត្ថិភាព​សោះ គឺ​គិត​រហូត​ដូច​ជា៖ ការ​ភ័យ​ខ្លាច​គ្រោះ​ថ្នាក់​ចរាចរណ៍ ខ្លាច​ផ្លូវ​ជង្ហុក​ធំៗ ខ្លាច​នៅ​ពេល​ភ្លៀង​ធ្លាក់​លិច​ផ្លូវ ខ្លាច​ចោរ​ប្លន់​តាម​ផ្លូវ ខ្លាច​រថយន្ត​ដាច់​ហ្វ្រាំង​ចុះ​ពី​លើ​ស្ពាន ខ្លាច​ខ្សែ​ភ្លើង​ធ្លាក់​មក​តាម​ផ្លូវ ខ្លាច​ដើម​ឈើ​បាក់​សង្កត់​លើ ឥឡូវ​ចូល​ដល់​ខ្លាច​នៅ​ពេល​បើក​ក្បែរ​ការដ្ឋាន​សំណង់​បន្ថែម​ទៀត ជា​ពិសេស​នៅ​ពេល​បើក​បរ​ដល់​ម៉ាស៊ីន​ស្ទូច​សម្ភារ​សំណង់​ធ្ងន់​ឡើង​ហើយ​ខាង​ ក្រោយ​គ្រីប​ដុំ​ថ្ម​ធំៗ​ពី ៤ ទៅ ៥ ដុំ ដើម្បី​យោង​ទម្ងន់​នោះ​គឺ​នាំ​គ្នា​ងើយ​ឡើង​ទៅ​លើ ហើយ​នាំ​គ្នា​ជិះ​គេច​ពី​ខាង​ក្រោម​ដុំ​ថ្ម​នោះ​ព្រោះ​ខ្លាច​ធ្លាក់​មក​ចំ។ តើ​វិស្វករ​អាច​រក​បច្ចេកទេស​អ្វី​ក្រៅ​ពី​គ្រីប​ដុំ​ថ្ម ទៅ​ដាក់​ដុំ​ដែក​ចាប់​ឡោស៊ី​ឲ្យ​ម៉ាំ​ជាង​ហ្នឹង​ទៀត​បាន​ទេ?

ហេតុ​ដូច​នេះ ដំណោះ​ស្រាយ​ចម្បងៗ​ដែល​ត្រូវ​តែ​ចំណាត់​ការ​ចំពោះ​បញ្ហា​គ្រោះ​ថ្នាក់​ដោយ​សារ​សំណង់​នេះ​គឺ៖

ទី១) ត្រូវ​ព្យាយាម​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​មនុស្ស​មួយ​ចំនួន ដែល​មិន​គិត​គូរ​ពី​អាយុ​ជីវិត​អ្នក​ដទៃ​មិន​ស្មើ​នឹង​ជីវិត​របស់​ខ្លួន ឬ​មួយ​ក៏​ព្យាយាម​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​ព្រឹតិ្ត​ការណ៍​ឧបទ្ទវហេតុ​ឬ​ក៏ ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ដែល​ថា ស្រុក​យើង​ប៉ុណ្ណឹង ស្រុក​គេ​ក៏​កើត​មាន​ដែរ ហើយ​គេ​ស្លាប់​ច្រើន​ជាង​ស្រុក​យើង​ទៀត​ឯណោះ កុំ​ទៅ​ខ្វល់​ពេក? នេះ​គឺជា​ពាក្យ​សម្តី​ដែល​ខ្វះ​ការ​ទទួល​ខុស​ត្រូវ និង​គ្រាន់​តែ​ចង់​សម្ញែង​ឲ្យ​គេ​កោត​សរសើរ​ថា ខ្លួន​ដឹង​គ្រប់​រឿង​ប៉ុណ្ណឹង​ទេ​តែ​មិន​បាន​ជួយ​ស្វែង​រក​យុត្តិធម៌​ជូន​ជន ​រង​គ្រោះ​នោះ​ទេ ព្រោះ​ជន​រង​គ្រោះ​នោះ​មិន​មែន​ជា​សមាជិក​ក្នុង​គ្រួសារ​របស់​ពួក​គាត់។

ទី២) ការដ្ឋាន​សំណង់​ដែល​នៅ​ក្បែរ​ផ្លូវ​សាធារណៈ ត្រូវ​ដាក់​សញ្ញា​ខាង​មុខ​ប្រាប់​អ្នក​ធ្វើ​ដំណើរ​ឲ្យ​ដឹង​មុន និង​ធ្វើ​ការ​ប្រុង​ប្រយ័ត្ន និង​ត្រូវ​សុំ​ផ្លូវ​សាធារណៈ ដោយ​មាន​អ្នក​ជួយ​ធ្វើ​ចរាចរណ៍​ដើម្បី​បញ្ចៀស​ហានិភ័យ​ដែល​អាច​កើត​មាន​ឡើង​ ចំពោះ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ។

ទី៣) ត្រូវ​ដាក់​បញ្ជូល​ទៅ​ក្នុង​ច្បាប់​ស្តង់ដារ​នៃ​សំណង់​ចំពោះ​បន្ទុក​ឲ្យ​ ធ្ងន់​ធ្ងរ​លើ​ក្រុម​ហ៊ុន​សាង​សង់ រួម​ទាំង​អ្នក​គ្រប់​គ្រង និង​វិស្វករ​បច្ចេកទេស​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ជា​ពិសេស ពេល​មិន​នៅ​ប្រចាំ​ការ​មើល​ការ​ខុស​ត្រូវ​នៅ​ការដ្ឋាន​តែ​ម្តង ដូច​ករណី​ស្ត្រី​ជន​រង​គ្រោះ​ស្លាប់​ដោយ​សារ​ការ​ធ្វេស​ប្រហែស​របស់​អ្នក​ គ្រប់​គ្រង និង​វិស្វករ នៃ​ការដ្ឋាន​សំណង់ CSCC ជាជាង​ចាប់​កម្មករ​សំណង់​តូច​តាច។

ទី៤) ច្បាប់​ស្តង់ដារ​នៃ​សំណង់ គួរ​តែ​ដាក់​បញ្ជូល​នូវ​ការ​ទទួល​ខុស​ត្រូវ​ឲ្យ​កាន់​តែ​ខ្ពស់​បន្ថែម​ទៀត ដូច​មេ​ការ​ត្រូវ​មាន​បញ្ជី​សម្ភារ (Check list) មុន​ពេល​ចាប់​ផ្តើម​ធ្វើ​ការ និង​ពេល​ចប់​ត្រូវ​យក​មក​ដាក់​កន្លែង​ដើម​គ្រប់​ចំនួន​ហើយ​ឬ​នៅ? មិន​មែន​ដល់​ពេល​បាយ​នាំ​គ្នា​បោះ​សម្ភារ​ការងារ​ចោល​រត់​ទៅ​ហូប​បាយ​នោះ​ ទេ។ ជាង​នេះ​ទៅ​ទៀត ក្រុម​ហ៊ុន​សំណង់​ត្រូវ​មាន​ការ​ធានា​រ៉ាប់​រង​ដល់​គ្រប់​កម្មករ និង​ជន​រង​គ្រោះ​ពាក់​ព័ន្ធ​ដើម្បី​ទូទាត់​សំណង​ឲ្យ​សម​ទៅ​នឹង​ការ​ខូច​ខាត ហើយ​ការ​អនុម័ត​ច្បាប់​នេះ ឲ្យ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ។ ជា​សរុប​មក​វិញ​និទ្ទណ្ឌភាព​នៅ​ស្រុក​ខ្មែរ​ត្រូវ​តែ​បញ្ជប់​ទៅ ហើយ​ការ​គិត​គូរ​ពី​សុវត្ថិភាព​មនុស្ស​ជាតិ​ទាំង​រយៈ​ពេល​ខ្លី​និង​រយៈ​ពេល​ វែង​ក៏​ត្រូវ​តែ​ពង្រឹង​ជា​ពិសេស វិស័យ​សំណង់​សាធារណៈ និង​ការ​ជ្រើស​រើស​ទី​កន្លែង​សាង​សង់៕

Urban Voice Cambodia

Urban Voice Cambodia