នៅពេល​អគារខ្ពស់ៗដួលរលំ​នរណា​ជា​អ្នកទទួលខុសត្រូវ?
Posted On : វិច្ឆិកា, 18, 2016 | By Vantha

បើទោះបីបច្ចុប្បន្ននេះសំណង់អគារខ្ពស់ៗនៅកម្ពុជាបានលេចរូបរាងឡើងជាបន្តបន្ទាប់ក៏ដោយ ក៏គេហាក់នៅមិនទាន់ឃើញមានអ្នកជំនាញណាមួយលើកឡើង ឬគិតឱ្យបានស៊ីជម្រៅពីហានិភ័យទៅថ្ងៃអនាគតនៃដួលរលំអគារដោយចៃដន្យនោះទេ។ ប្រសិនបើមានហេតុការណ៍បែបនេះកើតឡើង តើនរណាជាអ្នកទទួលខុសត្រូវ?

ឯកឧត្ដម ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីៗនេះបានធ្វើការដាស់ទឿនដល់អ្នកពាក់ព័ន្ធនឹងការសាងសង់ថា មុននឹងធ្វើការសាងសង់លើគម្រោងណាមួយទាំងម្ចាស់សំណង់ អ្នកសិក្សាគម្រោងប្លង់ ព្រមទាំងវិស្វករត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានជាប់ជានិច្ច ព្រោះប្រសិនបើមានប្រព្រឹត្ដិខុសពីបទដ្ឋានគតិយុត្ដដោយប្រការណានោះនឹងមានការដាក់ទណ្ឌកម្ម ឬការពិន័យជាដើម។ ឯកឧត្តមបានបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនសិក្សាគម្រោងប្លង់ហ៊ានប្រកបអាជីវកម្មលើសអាជ្ញាប័ណ្ណនឹងត្រូវពិន័យទៅតាមច្បាប់ ចំណែកក្រុមហ៊ុនសាងសង់ណាដែលធ្វើខុសបច្ចេកនឹងត្រូវព្យួរអាជ្ញាប័ណ្ណ ព្រមទាំងទទួលទណ្ឌកម្ម ហើយប្រសិនបើម្ចាស់សំណង់ធ្វើខុសក៏តម្រូវឱ្យមានការកែសម្រួលទៅតាមអ្វីដែលក្រសួងបានអនុញ្ញាតផងដែរ។

ឯកឧត្តមបានអះអាងថា ៖ “ក្រសួងតែងតែពង្រឹង តាមរយៈការចាត់តាំងមន្ដ្រីជំនាញឱ្យចុះទៅតាមការដ្ឋានដើម្បីពង្រឹងបញ្ហាគុណភាព និងសុវត្ថិភាព។

បើទោះជាបញ្ហាដួលរលំអគារនៅកម្ពុជាមិនទាន់មានហេតុការណ៍កើតឡើងធ្ងន់ធ្ងរក៏ដោយក៏ឯកឧត្ដម ទិព្វសីហា បានលើកឡើងថា ការសម្លឹងមើលទៅអនាគតជារឿងត្រឹមត្រូវ ដ្បិតតែវាមិនទាន់កើតមាន ប៉ុន្ដែអ្នកដែលពាក់ព័ន្ធពិសេសអ្នកដែលចុះហត្ថលេខាលើគម្រោងប្លង់ត្រូវតែប្រុងប្រយ័ត្ន ព្រោះវាជាទំនួលខុសត្រូវមួយដ៏ធំ។

គួរបញ្ជាក់ថា កន្លងមកមានគម្រោងសាងសង់អគារមួយកន្លែងត្រូវបានក្រុមហ៊ុនបរទេសជាអ្នកសិក្សា ប៉ុន្ដែជាចេតនារបស់អ្នកវិនិយោគ គឺចង់ឱ្យស្ថាបត្យករក្នុងស្រុកចុះហត្ថលេខាជំនួស ដើម្បីមានភាពងាយស្រួល និងអាចកាត់បន្ថយសោហ៊ុយចំណាយផ្សេងៗ តែដោយសារគម្រោងនោះជាគម្រោងធំហួសពីដែនទទួលខុសត្រូវរបស់ស្ថាបត្យករក្នុងស្រុក អ្នកវិនិយោគនោះក៏ត្រឡប់ទៅរកក្រុមហ៊ុនបរទេសដែលសិក្សាគម្រោងប្លង់នោះឱ្យមកចុះហត្ថលេខាវិញ។

ទាក់ទងនឹងបញ្ហានេះ ឯកឧត្ដម លាង មុនីរិទ្ធអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា នេះជាបញ្ហាក្នុងការអនុវត្ដជាក់ស្ដែងពាក់ព័ន្ធទៅនឹងការសិក្សាគម្រោងប្លង់។ នាពេលកន្លងមកមានគម្រោងខ្លះត្រូវបានសិក្សានៅបរទេស ហើយគេបានយកមកឱ្យវិស្វករ ឬក្រុមហ៊ុនខ្មែរជាអ្នកចុះហត្ថលេខា។ ចំណុចនេះខាងក្រសួងមិនដែលណែនាំឱ្យក្រុមហ៊ុនខ្មែរចុះហត្ថលេខាទេ ព្រោះក្រុមហ៊ុនបរទេសខ្លួនឯងក៏មានសិទ្ធិចុះហត្ថលេខាដែរ គ្រាន់តែចាំបាច់ក្រុមហ៊ុននោះត្រូវមកចុះបញ្ជីប្រកបអាជីវកម្មនៅក្រសួង។

ឯកឧត្ដមបញ្ជាក់ទៀតថា ការយកមកឱ្យវិស្វករឬក្រុមហ៊ុនខ្មែរជាអ្នកចុះហត្ថលេខា ព្រោះគេបារម្ភខ្លាចមានការចំណាយពេលវេលា និងសោហ៊ុយច្រើន។ ការធ្វើបែបនេះវាក៏ស្របគ្នានឹងវិស្វករ ឬក្រុមហ៊ុនខ្មែរមួយដែលចង់ទទួលបានផលប្រយោជន៍ផងដែរ តែគេក៏ត្រូវដឹងថា អ្នកដែលចុះហត្ថលេខា គឺជាអ្នកទទួលខុសត្រូវនៅពេលសំណង់មានបញ្ហា រីឯក្រុមហ៊ុននៅបរទេសនឹងមិនមានបញ្ហាអ្វីនោះទេ។

ឯកឧត្តមបញ្ជាក់ថា ៖ “ប្រសិនបើមានបញ្ហាក្រសួងនឹងចាប់អ្នកចុះហត្ថលេខា មិនមែនទៅចាប់អ្នកសិក្សាគម្រោងនៅបរទេសនោះទេ ពិសេសអ្នកវិនិយោគក៏គួរតែយល់ដែរក្នុងនាមយើងជាអ្នកគ្រប់គ្រងគាត់យើងមិនអាចទៅបិទគ្រប់ប្រលោះបានទេ ទាល់តែអ្នកអនុវត្ដមានឆន្ទះដែរ។

ឯកឧត្ដមលាង មុនីរិទ្ធ បានលើកឧទាហរណ៍ថា ក្នុងនាមជាស្ថាបត្យករម្នាក់ដែលអនុវត្ដន៍គោរពច្បាប់ ប្រសិនបើគាត់ឃើញនរណាម្នាក់ប្រព្រឹត្ដខុសកាតព្វកិច្ចក្នុងនាមយើងជាស្ថាបត្យករដែលស្រឡាញ់ និងការពារវិជ្ជាជីវៈគួរតែរាយការណ៍មកក្រសួង ឬជូនទៅគណៈវិជ្ជាជីវៈទាំងអស់ឱ្យបានដឹងដើម្បីពង្រឹងទៅលើវិជ្ជាជីវៈរបស់ខ្លួនឱ្យបានល្អ៕

ប្រភព៖ lareine.news

សំឡេងទីក្រុង!

សំឡេងទីក្រុង!