នាយករដ្ឋមន្រ្តី​បញ្ជា​ឲ្យ​ក្រសួងឧស្សាហកម្ម​ដោះស្រាយ​បញ្ហាថ្លៃ​ទឹក​របស់​អ្នក​ជួល​បន្ទប់​
Posted On : February, 10, 2015 | By សំឡេងទីក្រុង

ប្រភព៖ VOD, ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃអង្គារ ទី10 កុម្ភៈ 2015 | 29 នាទី

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ នៅ​ថ្ងៃ​អង្គារនេះ បញ្ជា​ជាថ្មី​ឲ្យ​ក្រសួងពាក់ព័ន្ធ​ចូល​រួម​ដោះ​ស្រាយ​បញ្ហាតម្លៃ​ទឹក​​របស់​ ​អ្នក​ជួល​បន្ទប់នៅរាជធានីភ្នំពេញ​ ជា​ពិសេស​កម្មករ​រោងចក្រកាត់​ដេរ​ ដើម្បីអាច​​ឲ្យ​ពួក​គេ​ទទួល​បាន​​ថ្លៃ​ទឹ​ក​សមរម្យ​តាម​ការ​ផ្តល់​ដោយរដ្ឋាក ​រ​ទឹក​ស្វ័យ​ត​ក្រុងភ្នំពេញ។

ក្នុងពិធីចែកសញ្ញា​បត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច លោក​នាយ​ក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថារដ្ឋមន្រ្តីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និងអភិបាល​រាជធានីភ្នំពេញ លោក ប៉ា សុជាតិ​វង្ស នឹង​សហការជាមួយ​រដ្ឋាក​រ​ទឹក​ស្វ័យ​ត​ក្រុងភ្នំពេញ ដើម្បីសិក្សា​ពី​បញ្ហានេះ។ លោក​បន្ត​ថា​ម្ចាស់​ផ្ទះ​​​​បាន​យក​តម្លៃទឹក​​ពី​កម្មករ​ខ្លះ ចាប់​​ពី​១៥០០​រៀល​ទៅ​២៥០០រៀលក្នុង​មួយ​ម៉ែត្រ​គូប។ លោក​បន្ត​ថា​នៅ​​​​រា​ជធានី​ភ្នំពេញ​មាន​បន្ទប់​ជួលទាំងអស់​ទៅ​​ដល់​ជាង​​ ៩០០០០បន្ទប់ ក្នុង​នោះ​សម្រាប់​កម្មករ​មាន​ទៅ​ដល់​​ជាង​៣ម៉ឺន​បន្ទប់។​

​កម្មការិនី​រោងចក្រ​កាត់ដេរ​ជួល​ផ្ទះ​ស្នាក់នៅ​រាជធានី​ភ្នំពេញ កញ្ញា ស៊ន សំណាង ឲ្យ​VOD​ដឹង​ថា​កញ្ញា​បាន​ប្រើប្រាស់​ទឹក​ប្រហែល​៧​ម៉ែត្រគូប​ក្នុង​មួយខែ ដោយ​ម្ចាស់​ផ្ទះជួល​បាន​យក​២០០០​រៀល​ក្នុង​មួយម៉ែត្រ​​គូប​ ។​ កញ្ញា​បន្ដថា​បើ​ទោះបី​កម្មករ​ត្រូវ​បាន​ដំឡើង​ប្រាក់​ឈ្នួល​១២៨​ដុល្លារ​ ក៏ដោយ ប៉ុន្ដែ​តម្លៃ​ទឹក ភ្លើង និង​ផ្ទះជួល​វិញ គឺ​មាន​តម្លៃ​ថ្លៃ ​។ កញ្ញា​លើក​ឡើងថា«​ខ្ញុំ​ប្រើប្រាស់​ទឹក​ក្នុង​មួយ​ខែ​ អស់​៦​ទៅ​៧​គូប ហើយ​១​គូប​តម្លៃ​២០០០​រៀល សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា​តម្លៃ​ប៉ុណ្ណឹង វា​ថ្លៃ​ណាស់​ព្រោះ​ស្រុក​ខ្មែរ​យើង​សម្បូររ​ទឹក​ណាស់ វា​អត់​សម​យក​ដល់​តម្លៃ​១​គូ​ប ២០០០​រៀល​ទេ​» ។​

កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ទៀត កញ្ញា រឿន ចំរើន ប្រាប់​​VOD​ថា​ការប្រើប្រាស់​ទឹក​ក្នុង​មួយ​ខែ អស់​៣​ទៅ​៤​ម៉ែត្រគូប ហើយ​ក្នុង​១ម៉ែត្រគូប​ មានតម្លៃ​៣០០០​រៀល​ ។ កញ្ញា​ចាត់ទុកថា​តម្លៃ​នេះ​ពិត​ជា​ថ្លៃ​សម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ ដែល​ជួល​ផ្ទះ​ស្នាក់នៅ​ភ្នំពេញ​ ។ កញ្ញា​បន្ដ​ថា​ជា​ទូទៅ​នៅតាម​ផ្ទះ​ជួល​មាន​ភាពខុស​គ្នា​ចំពោះ​តម្លៃ​ទឹក គឺ​ផ្ទះ​ខ្លះ​យក​តម្លៃ​ទឹក​២០០០ ឬ​២៥០០​រៀល​ក្នុង​មួយ​ម៉ែត្រគូប និង​ខ្លះទៀត​៣០០០​រៀល​ក្នុង​១​ម៉ែត្រគូប ​។​ កញ្ញាបន្តថា​«​ទឹក​តាម​ ខ្ញុំ​ដឹង​នៅ​តាម​ផ្ទះល្វែង​១​ គូប​តម្លៃ​តែ​៤០០​រៀល​ទេ ប៉ុន្ដែ​ចំពោះ​កម្មករ​១​គូប​តម្លៃ​៣០០០​រៀល ខ្ញុំ​គិតថា​វា​ខុស​ឆ្ងាយ​មែនទែន អ៊ីចឹង​ខ្ញុំ​ឲ្យ​តម្លៃទឹក​ចុះ​មកត្រឹម​១០០០​ទៅ​១៥០០​រៀល​ក្នុង​មួយ​គូប​ ប៉ុណ្ណឹង​»​។​

​ម្ចាស់​ផ្ទះជួល​នៅ​រាជធានី​ភ្នំពេញ លោក អ៊ុង រិទ្ធី មានប្រសាសន៍​ថា​ទឹក​ដែល​ទិញ​មក​ពី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ ១ម៉ែត្រគូ​ប មានតម្លៃ​៧២០​រៀល បើ​ប្រើប្រាស់​ត្រឹម​៥០​ម៉ែត្រ​គូ​ប ប៉ុន្ដែ​ប្រសិនបើ​ប្រើប្រាស់​លើសពី​៥០ម៉ែត្រគូប​ឡើងទៅ មាន​តម្លៃ​ពី​៨០០​រៀល​ទៅ​៩០០​រៀល​ក្នុង​១​ម៉ែត្រគូ​ប ​។ លោក​បន្ត​ថា​លោក​បាន​គិត​តម្លៃ​ទឹក​សម្រាប់​កម្មករ​២០០០​រៀល​ក្នុង​ ១ម៉ែត្រគូ​ប​ ។ លោក​បញ្ជាក់ថា​ «​អាហ្នឹង​អត់​មាន​បញ្ហា​រឿង​ចុះ រឿង​ចុះ​ខ្ញុំ​អាច​ចុះ​បាន ប៉ុន្ដែ​គ្រាន់តែ​ថា​ចង់ឲ្យ​រដ្ឋាភិបាល បើ​ចុះ ឲ្យ​ចុះ​ថេរ កុំ​គេ​ប្រើ​អស់​ច្រើន ឡើង​ដដែលៗ​»​ ។

លោក​នាយក​រដ្ឋមន្រ្តី នៅ​ថ្ងៃ​អង្គារនេះ ក៏​បាន​ប្រកាសថា​លោក​ និង​ប្រធាន​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី បាន​ពិភាក្សា​គ្នា និង​បាន​ឯកភាព​ឲ្យ​បង្កើត​ច្បាប់​មួយ​ដែល​អាចបញ្ចៀស​ការ​​ដំឡើង​ ថ្លៃសេវានានា​​ស្រេច​​តែ​ចិត្ត ដែល​នាំឲ្យ​ប្រជា​ពលរដ្ឋ​រអ៊ូ​​រទាំ។ លោកនាយករដ្ឋមន្រ្តី​​បន្ត​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ចុះ​តម្លៃ​របស់​​​ សេវានានា​ ដូច​ជា​តម្លៃ​រថយន្តក្រុង តម្លៃតាក់ស៊ី​ជាដើម។ លោក​ក៏​បាន​អំពាវនាវ​កុំ​ឲ្យ​ម្ចាស់​ផ្ទះ​ឡើង​ថ្លៃ​បន្ទប់​​​ជួល​​សម្រាប់​ កម្មករ និង​បន្ត​សហការ​ជាមួយ​រាជ​រដ្ឋាភិបា​ល​កម្ពុជា។​​

អគ្គនាយករង​រដ្ឋាក​រ​ទឹក​ស្វ័យ​ត​ក្រុងភ្នំពេញ លោក សំរិទ្ធ សុ​វិទ្យា ធ្លាប់​មានប្រសាសន៍​ថា​រដ្ឋាក​រ​ទឹក​មាន​គម្រោង​រួចរាល់​ហើយ​លើ​បញ្ហាថ្លៃ​ ទឹក​​នេះ តែ​លោក​មិនទាន់​អាច​ប្រាប់​បាន ដោយ​ត្រូវ​ឆ្លង​ក្រុមការងារ​របស់​លោក​ជាមុនសិន​៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

Urban Voice Cambodia

Urban Voice Cambodia