នាយករដ្ឋមន្រ្តី​បញ្ជា​ឲ្យ​ត្រួតពិនិត្យឡើងវិញ​លើ​​ក្រុម​ហ៊ុន​ប្រមូល និង​ដឹកជញ្ជូនសំរាម​​
Posted On : February, 24, 2015 | By សំឡេងទីក្រុង

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃអង្គារ ទី24 កុម្ភៈ 2015| VOD

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារនេះ បញ្ជា​ឲ្យ​ត្រួតពិនិត្យ​ឡើង​វិញ​នូវ​ការ​ប្រមូល​ និង​ការ​ដឹកជញ្ជូន​សំរាម​របស់​ក្រុម​ហ៊ុន​ដែល​ទទួលបាន​កិច្ច​សន្យា​ពី​រដ្ឋាភិបាល​កម្ពុជា។​

ក្នុង​ពិធី​ទិវាជាតិ​ទីក្រុង​ស្អាត​ឆ្នាំ​២០១៥ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​កោះពេជ្រ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍ថា​ជា​អនុសាសន៍​សម្រាប់​ការថែ​រក្សា​ទីក្រុង​ស្អាត ដោយ​ស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ក្រុម​ហ៊ុនដែល​​ប្រមូល​ និង​ដឹក​ជញ្ជូន​សំរាម​។ លោក​នាយករដ្ឋមន្រ្តីបានថ្លែង​ថា​«យើង​ក៏សូម​គាំទ្រ​ឲ្យ​មាន​ការ​ពង្រឹងនូវសេវា​ប្រមូល​សំរាម​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ក្នុង​នោះ​ត្រូវ​ពិនិត្យ​ឡើង​វិញ​នូវ​ការ​ទទួល​ខុសត្រូវ​របស់​​ក្រុម​ហ៊ុនប្រមូល​សំរាម​​ដែល​បានចុះ​​កិច្ច​សន្យា​ជាមួយ​រាជរដ្ឋាភិបាល លើ​ការផ្តល់​​សេវាប្រមូល​ និង​ដឹក​ជញ្ជូន​សំរាម​»។

គួររំឮកថា ​​របាយការណ៍​ប្រជុំ​អន្តរក្រសួង​ដែល​ចេញ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​ កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ បាន​ស្តីបន្ទោស​ក្រុមហ៊ុន​ស៊ីន​ទ្រីថា​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការពង្រឹង និង​ពង្រីក​ប្រតិ​ប​ត្ត​ការ​របស់​ខ្លួន​ក្នុង​ការប្រមូល និង​ដឹកជញ្ជូន​សំរាមកាក​សំណល់​រឹង​នៅក្នុង​រាជធានី​ភ្នំពេញ​ឲ្យស្រប​តាម​ស្ថានភាព​រីកចម្រើន​ ជាក់ស្តែង​នាពេល​បច្ចុប្បន្ន​នេះ បើ​ទោះ​ជា​រដ្ឋាភិបាល​បានទុ​រយៈពេល​មួយឆ្នាំឲ្យ​កែលម្អ​ការគ្រប់គ្រង​សំរាម​របស់​ក្រុមហ៊ុន​នេះ​ក៏​ដោយ។ របាយការណ៍​លើកឡើង​ទៀតថានៅ​ពេល​ក្រុមហ៊ុន​ស៊ីន​ទ្រី​មិន​បាន​បំពេញ​កាតព្វកិច្ច​តាម​កិច្ចសន្យា​នេះ រដ្ឋាភិបាល​នឹង​ទុក​ឱកាស​ឲ្យ​ក្រុមហ៊ុន​ផ្សេង​មាន​លទ្ធភាព​ដេញថ្លៃ​ប្រមូល​សំរាម​នេះ ។​

​អគ្គនាយករង​ក្រុមហ៊ុន​ស៊ីន​ទ្រី លោកស្រី សេង សូ​រី​ដា ធ្លាប់​មានប្រសាសន៍ថាក្រុមហ៊ុន​បាន​ធ្វើការ​អស់​សម្ថ​ភាព​តាម​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល តែ​បញ្ហា​ដែល​យឺតយ៉ាវ​ក្នុង​ការប្រមូល​សំរាម​នោះ​មក​ពី​ការកកស្ទះ​ចរាច​រណ៍ ​ក្នុង​ក្រុង​និង​កន្លែង​ចាក់សំរាម​នោះ មានតែ​មួយ​ហើយ​នៅ​ឆ្ងាយ​ពី​ទីក្រុង​ថែម​ទៀត ។ លោក​ស្រី​ថា«​កន្លងមក​ក្រុមហ៊ុន​បាន​ស្នើសុំ​ទៅ​រដ្ឋាភិបាល​ដើម្បី​រៀបចំ​កន្លែង​ផ្ទេរ​ សំណល់ ព្រោះ​យើង​មិន​អាច​ចេះ​តែ​ដឹង​ប្រមូល ហើយ​យក​ទៅ​ចាក់ចោល​នៅ​ទីលាន​តែមួយ​នៅ​ជើងឯក​ហ្នឹង​កើត​ទេ​»។​ លោកស្រី​បន្ត​ថា ដើម្បី​បំពេញ​តាម​កិច្ចសន្យា​បាន​ពេញលេញ​នោះ ទាល់តែ​មាន​ការសហកា​រ ពី​រដ្ឋាភិបាល​ដើម្បី​សម្រួល​បញ្ហា​មួយចំនួន​ដែល​បាន​លើកឡើង​នោះ ។​

គួរបញ្ជាក់ថា​ក្រុម​ហ៊ុន​ស៊ីន​ទ្រី​ជា​សាខា​មួយ​នៃ​សហ​គ្រាស​កាណាដា ដែល​មានឈ្មោះ​ថា​ស៊ីនទ្រែក និង​ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​លើ​ការ​ប្រមូល​ និង​ចោលសំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចាប់​ពី​ឆ្នាំ​២០០២ បន្ទាប់​ពី​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​រដ្ឋា​ភិបាលរយៈពេល​៤៩​ឆ្នាំ​៕

Urban Voice Cambodia

Urban Voice Cambodia