នាយករដ្ឋមន្រ្តីបញ្ជា​ឲ្យ​ដោះ​ស្រាយ​តម្លៃ​អគ្គិសនី​នៅ​ផ្ទះ​ជួល​របស់​កម្មករកាត់ដេរ​
Posted On : January, 12, 2015 | By សំឡេងទីក្រុង

ដោយ៖​ VOD, ស៊ុន​ ណារិន​ | ថ្ងៃចន្ទ ទី12 មករា 2015, 04:01 PM,

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទនេះ​បញ្ជា​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ពិនិត្យ​មើល​លទ្ធភាព​ដែល​កម្មករ ​រោងចក្រកាត់​ដេរ​ជា​ពិសេស​នៅ​រាជធានីភ្នំពេញ អាច​ទទួល​បាន​តម្លៃ​អគ្គិសនី​សម​ស្រប​តាម​ការ​កំណត់​របស់​រាជរដ្ឋាភិបាល​ ដោយ​លើកឡើង​ថា​​ម្ចាស់​ផ្ទះ​បាន​យក​ថ្លៃ​ច្រើនហួស​ហេតុ ។​

ក្នុង​ពិធីសម្ពោធ​ទំនប់​វារីអគ្គិសនី​ឫស្សីជ្រុំក្រោមខេត្ត​កោះ​កុង លោក​នាយករដ្ឋមន្រ្តី​មានប្រសាសន៍ថាតាម​ការ​សិក្សា បន្ទប់ជួល​​ស្នាក់​នៅ​របស់​កម្មករ​នៅ​រាជធានីភ្នំពេញ​​មាន​ប្រហែល​៣ម៉ឺន​ បន្ទប់ សម្រាប់​កម្មករ​១៥​ម៉ឺននាក់​។ លោក​បន្តថា​ការ​យក​តម្លៃ​អគ្គិសនី​នៅ​ផ្ទះ​ជួល​របស់​កម្មករ មាននៅ​​ចន្លោះ​ពី៨៥០​ទៅ​២៥០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ ដែល​នេះ​ខុសពីការ​កំណត់​តម្លៃ​របស់​រាជ​រដ្ឋាភិបាល ដែល​យ​កតម្លៃ​​ចាប់​ពី៦១០​ទៅ​៨២០រៀល​តែ​ប៉ុណ្ណោះ ។​

លោក​នាយក​រដ្ឋមន្រ្តី​ស្នើ​ឲ្យ​អាជ្ញាធរ​អគ្គិសនីកម្ពុជា ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា ធ្វើ​ការការងារ​​ជាមួយ​ក្រសួង​រ៉ែ​និង​ថាមពល ក៏​ដូច​ជា​សាលារាជធានីភ្នំពេញ​ ដើម្បី​សិក្សា​រក​ដំណោះ​ស្រាយ​ជូន​កម្មករ ក្នុង​នោះ​មាន​ការ​តភ្លើង​ដោយ​ផ្ទាល់​ទៅបន្ទប់​ជួល​របស់​កម្មករ ដោយ​មិន​បាច់​ពាក់​ព័ន្ធ​នឹង​ម្ចាស់ផ្ទះជួល​។ លោក​ឲ្យ​ដឹង​ទៀត​ថា​​ការ​​ដោះស្រាយ​បញ្ហានេះ ដើម្បី​​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​កម្មករ​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ធ្លាក់​ ថ្លៃ​របស់​អគ្គិសនី​។​ លោក​ថា​បន្ទប់​ជួល​នៅ​តាម​បណ្តា​ខេត្ត ក៏​ត្រូវ​មាន​ការ​ដោះ​ស្រាយ​ដូច​គ្នា​ផងដែរ ។​

លោក​នាយក​រដ្ឋមន្រ្តី ក៏​បាន​បញ្ជាឲ្យ​អភិបាល​ខេត្ត​ទាំងអស់ សហការ​ជាមួយ​ក្រុម​ហ៊ុនផ្គត់​ផ្គង់​​អគ្គិសនី​នៅ​តាម​បណ្តា​ខេត្ត​ ជួយពិនិត្យ​​មើលការ​បញ្ចុះតម្លៃអគ្គិសនី​ ខណៈ​តម្លៃ​ប្រេង​​ចុះថ្លៃ ។

កម្មករ​រោងចក្រកាត់ដេរ នឹង​ទទួល​បាន​ប្រាក់ឈ្នួល​អប្បបរមា​​ដល់​១២៨​ដុល្លារចាប់​ពី​ខែ​មករា ឆ្នាំ២០១៥នេះ ។ ស្រប​ពេល​ជាមួយ​ការ​ដំឡើង​ប្រាក់​ឈ្នួល ​កម្មករមួយ​ចំនួន​​រអ៊ូ​ថា​តម្លៃ​ផ្ទះ​ជួល ភ្លើ​ង និង​ទឹកចាប់​ផ្តើមឡើង​ឡើង​ថ្លៃ ​។​

VODមិនអាច​ទាក់​ទង​ លោក ទូន ណន អនុ​រដ្ឋលេខាធិការ​ក្រសួងរ៉ែ និង​ថាមពល និ​ង​ជា​អ្នក​នាំពាក្យ​ក្រសួង​ ទទួល​បន្ទុក​ផ្នែកថាមពលបាន​នៅឡើយទេ ៕​

Urban Voice Cambodia

Urban Voice Cambodia