នាយករដ្ឋមន្រ្តីបញ្ជាឲ្យដោះស្រាយតម្លៃអគ្គិសនីនៅផ្ទះជួលរបស់កម្មករកាត់ដេរ
Posted On : មករា, 12, 2015 | By សំឡេងទីក្រុង
ដោយ៖ VOD, ស៊ុន ណារិន | ថ្ងៃចន្ទ ទី12 មករា 2015, 04:01 PM
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះបញ្ជាឲ្យភាគីពាក់ព័ន្ធពិនិត្យមើលលទ្ធភាពដែលកម្មករ រោងចក្រកាត់ដេរជាពិសេសនៅរាជធានីភ្នំពេញ អាចទទួលបានតម្លៃអគ្គិសនីសមស្របតាមការកំណត់របស់រាជរដ្ឋាភិបាល ដោយលើកឡើងថាម្ចាស់ផ្ទះបានយកថ្លៃច្រើនហួសហេតុ ។
ក្នុង ពិធីសម្ពោធទំនប់វារីអគ្គិសនីឫស្សីជ្រុំក្រោមខេត្តកោះកុង លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថាតាមការសិក្សា បន្ទប់ជួលស្នាក់នៅរបស់កម្មករនៅរាជធានីភ្នំពេញមានប្រហែល៣ម៉ឺន បន្ទប់ សម្រាប់កម្មករ១៥ម៉ឺននាក់។ លោកបន្តថាការយកតម្លៃអគ្គិសនីនៅផ្ទះជួលរបស់កម្មករ មាននៅចន្លោះពី៨៥០ទៅ២៥០០រៀលក្នុងមួយគីឡូវ៉ាត់ ដែលនេះខុសពីការកំណត់តម្លៃរបស់រាជរដ្ឋាភិបាល ដែលយកតម្លៃចាប់ពី៦១០ទៅ៨២០រៀលតែប៉ុណ្ណោះ ។
លោកនាយក រដ្ឋមន្រ្តីស្នើឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា ក្រុមហ៊ុនអគ្គិសនីកម្ពុជា ធ្វើការការងារជាមួយក្រសួងរ៉ែនិងថាមពល ក៏ដូចជាសាលារាជធានីភ្នំពេញ ដើម្បីសិក្សារកដំណោះស្រាយជូនកម្មករ ក្នុងនោះមានការតភ្លើងដោយផ្ទាល់ទៅបន្ទប់ជួលរបស់កម្មករ ដោយមិនបាច់ពាក់ព័ន្ធនឹងម្ចាស់ផ្ទះជួល។ លោកឲ្យដឹងទៀតថាការដោះស្រាយបញ្ហានេះ ដើម្បីធ្វើយ៉ាងម៉េចឲ្យកម្មករទទួលបានផលប្រយោជន៍ពីការធ្លាក់ ថ្លៃរបស់អគ្គិសនី។ លោកថាបន្ទប់ជួលនៅតាមបណ្តាខេត្ត ក៏ត្រូវមានការដោះស្រាយដូចគ្នាផងដែរ ។
លោកនាយករដ្ឋមន្រ្តី ក៏បានបញ្ជាឲ្យអភិបាលខេត្តទាំងអស់ សហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីនៅតាមបណ្តាខេត្ត ជួយពិនិត្យមើលការបញ្ចុះតម្លៃអគ្គិសនី ខណៈតម្លៃប្រេងចុះថ្លៃ ។
កម្មករ រោងចក្រកាត់ដេរ នឹងទទួលបានប្រាក់ឈ្នួលអប្បបរមាដល់១២៨ដុល្លារចាប់ពីខែមករា ឆ្នាំ២០១៥នេះ ។ ស្របពេលជាមួយការដំឡើងប្រាក់ឈ្នួល កម្មករមួយចំនួនរអ៊ូថាតម្លៃផ្ទះជួល ភ្លើង និងទឹកចាប់ផ្តើមឡើងឡើងថ្លៃ ។
VODមិនអាចទាក់ទង លោក ទូន ណន អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាអ្នកនាំពាក្យក្រសួង ទទួលបន្ទុកផ្នែកថាមពលបាននៅឡើយទេ ៕