នាយករដ្ឋមន្ត្រី៖ អំពាវនាវ​​ម្ចាស់​រថយន្ត​​កុំ​ឡើង​ថ្លៃ​ពេល​​ភ្ជុំបិណ្ឌ
Posted On : កញ្ញា, 23, 2016 | By Vantha

ប្រភព៖ ខ្មែរថាមស៍

ភ្នំពេញ៖ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យពុទ្ធិសាស្ត្រ នាសណ្ឋាគារសុខាភ្នំពេញកាលពីថ្ងៃម្សិលមិញលោកនាយករដ្ឋមន្ត្រីហ៊ុន សែន  បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន អ្នករត់ឡានតាក់ស៊ី សូមកុំតម្លើងថ្លៃ។ ទន្ទឹមនឹងនេះ សូមបងប្អូនម្ចាស់យានយន្ត បើកបរដោយយកចិត្តទុកដាក់ យោគយល់អធ្យាស្រ័យ និង គោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា ។

លោកបានថ្លែងដោយអំពាវនាវថា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នៅរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សូមអំពាវនាវចំពោះរថយន្តឈ្នួលទាំងឡាយកុំឡើងថ្លៃ។អំពាវនាវតែអុីចឹងតែគាត់មិនស្តាប់ ហើយយើងវាអត់ឡានជិះ អុីចឹងចេះតែជិះទៅ»។

ជាមួយគ្នានោះដែរលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលបើកបរយានយន្តគ្រប់ប្រភេទត្រូវមានស្មារតីប្រុងប្រយ័ត្ននិងគោរពច្បាប់ចរាចរណ៍ កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ក្នុងការធ្វើដំណើរទៅកាន់ទីជិត ឬទីឆ្ងាយ និងចៀសវាងការសប្បាយក្លាយទៅជាទុក្ខ។

ជាការកត់សម្គាល់ ឲ្យតែមានពិធីបុណ្យប្រពៃណីធំៗ និងបុណ្យជាតិផ្សេងៗប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ តែងតែអំពាវនាវកុំឲ្យរថយន្តឈ្នួលដឹកអ្នកដំណើរដំឡើងថ្លៃ ប៉ុន្តែក្រុមរថយន្តឈ្នួលមួយចំនួនពុំបានអនុវត្តតាមនោះទេដោយតម្លៃឈ្នួលរថយន្តបានហក់ឡើងខ្ពស់ជាងតម្លៃធម្មតាទ្វេដង ដែលករណីនេះ បានធ្វើឲ្យមានការរិះគន់ជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងករណីនេះអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន លោក វ៉ា ស៊ឹមសុរិយា បានថ្លែងថា ក្រសួងបានរៀបចំការប្រជុំមួយជាមួយសមាគម និងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់រួមនឹងអាជ្ញាធរដែនដីដើម្បីជជែកដោះស្រាយបញ្ហានេះធ្វើយ៉ាងណាកុំឲ្យមានការដំឡើងថ្លៃឈ្នួលរថយន្ត ខណៈដែលតម្លៃប្រេងលើទីផ្សារបានធ្លាក់ចុះ។

តាមរបាយការណ៍របស់ក្រសួងសាធារណការ បានឲ្យដឹងថា ក្រុមហ៊ុនដឹកអ្នកដំណ ើរទាំង១៤ ដែលមិនដំឡើងថ្លៃរួមមាន ក្រុមហ៊ុន ថុង សម្បតិ្ត ក្រុមហ៊ុន មុី ហុង ដឹកអ្នកដំណើរ ក្រុមហ៊ុន ផលបូផាន់ត្រេនស្ព័ត ខូអិលធីឌី ក្រុមហ៊ុនដាកក្រហម ក្រុមហ៊ុនដឹកអ្នកដំណើរឡារីតា ក្រុមហ៊ុន វ៉ាង រិុច ក្រុមហ៊ុនGIANTIBIS Transport ក្រុមហ៊ុន រិទ្ធី មុនីដឹកអ្នកដំណើរ ក្រុមហ៊ុនកាពីតូល ក្រុមហ៊ុន ពន្លឺអង្គរខ្មែរដឹកជញ្ជូន ក្រុមហ៊ុនណាហ្គាត្រេនស្ព័ត ក្រុមហ៊ុន វីរៈ ប៊ុនថាំ និងចុងក្រោយ ក្រុមហ៊ុន NATATTAKAN ដឹកអ្នកដំណើរជាដើម។

លោកថា៖ «ជាឆន្ទៈ ឯកឧត្តមទេសរដ្ឋមន្ត្រី នឹងធ្វើរឿងនេះឲ្យបាន ហើយមានក្រុមហ៊ុនធំៗក៏គេបានសន្យាដែរ ក្រុមហ៊ុនខ្លះបានប្រកាសដែរថា នឹងមិនមានការដំឡើងថ្លៃដែរ»។

អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលតែងតែធ្វើដំណើរតាមរថយន្តឈ្នួលទៅកាន់ស្រុកកំណើតនៅខេត្តស្វាយរៀង ក្នុងពិធីបុណ្យជាតិធំៗនោះ បានកត់សម្គាល់ថា ជារៀងរាល់ឆ្នាំ នៅពេលដែលដល់រដូវភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ ឬបុណ្យអុំទូកជាដើមនោះ គឺក្រុមហ៊ុនដឹកជញ្ជូន និងរថយន្តឈ្នួល តែងតែដំឡើងថ្លៃជាងថ្ងៃធម្មតា ដែលករណីនេះ បានធ្វើឲ្យប៉ះពាល់ការចំណាយរបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករដែលចំណាកស្រុកមកធ្វើការនៅភ្នំពេញ។

លោកបានបន្តថា៖«អ្វីដែលជាការអំពាវនាវរបស់រដ្ឋាភិបាលធ្វើឡើងបានត្រឹមតែសេចក្តីអំពាវនាវប៉ុន្តែគ្មានចំណាត់ការជាក់លាក់ទៅលើក្រុមហ៊ុនដែលដំឡើងថ្លៃ ពិសេសក្រសួងសាធារណការនិងដឹកជញ្ជូន។ប៉ុន្តែយើងនឹងរង់ចាំមើលចំណាត់ការរបស់រដ្ឋមន្ត្រីថ្មី ដែលលោកបានប្ដេជ្ញាចាត់វិធានការលើករណីនេះ ដែលខុសពីរដ្ឋមន្ត្រីមុនៗដែលធ្វើការស្ពឹកស្រពន់»។

លោក ថេងសាវឿនយល់ថាក្រសួងគួរមានវិធានការពិន័យឬដាក់ទណ្ឌកម្មឬដកហូតអាជ្ញាប័ណ្ណពីក្រុមហ៊ុនទាំងឡាយណាដែលមិនគោរពតាមគោលការណ៍រាជរដ្ឋាភិបាល ឆ្លៀតដំឡើងថ្លៃឈ្នួលរថយន្ត ដែលបង្កការលំបាកដល់ប្រជាពលរដ្ឋ៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!