នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​ពង្រឹង​អ្នក​បើក​ម៉ូតូ​ឱ្យ​ពាក់​មួក​សុវត្ថិភាព
Posted On : January, 6, 2015 | By សំឡេងទីក្រុង

ដោយ វិទ្យុអាស៊ីសេរី ថ្ងៃទី ៥ មករា ឆ្នាំ ២០១៥

កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​សុវត្ថិភាព​នៃ​ការ​បើកបរ​យានយន្ត និង​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ​នៅ​ពេល​ខាង​មុខ។ អ្នក​ជំនាញ​និយាយ​ថា ច្បាប់​ថ្មី​នឹង​រឹត​បន្តឹង​ការ​ពាក់​មួក​សុវត្ថិភាព ដើម្បី​កាត់​បន្ថយ​ការ​ស្លាប់​ពី​ការ​របួស​ក្បាល។

កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាប់​ផ្ដើម​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ និង​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​កាន់​តែ​ច្រើន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។

ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ភ្នំពេញ លោក ចេវ ហាក់ មាន​ប្រសាសន៍​ថា ទន្ទឹម​គ្នា​នឹង​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​លើ​បើក​បរ​យានយន្ត​ទូទៅ​ខាង​ លោក​ក៏​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ ជា​ពិសេស​លើ​អ្នក​បើកបរ​ម៉ូតូ ព្រោះ​នៅ​រាជធានី​ភ្នំពេញ នៅ​តែ​មាន​អ្នក​បើកបរ​ម៉ូតូ​អត់​ពាក់​មួក​សុវត្ថិភាព​ច្រើន​នៅ​ឡើយ៖ «ជា​ គោលដៅ​សំខាន់ គឺ​យើង​ចង់​ឱ្យ​គាត់​ចូលរួម​ក្នុង​ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ជា​ពិសេស គឺ​អ្នក​បើកបរ​ម៉ូតូ​ដែល​យើង​សង្កេត​ឃើញ​ថា គ្រោះថ្នាក់ ៦៨% នៃ​យានយន្ត គឺ​អ្នក​ប្រើប្រាស់​ម៉ូតូ​តែ​ម្ដង ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ករណី​គ្រោះថ្នាក់។ មួយ​វិញ​ទៀត គឺ​ការ​បើក​បរ​ម៉ូតូ​អត់​ពាក់​មួក​សុវត្ថិភាព។ អ៊ីចឹង​ព្រឹក​មិញ​នេះ យើង​ធ្វើ​ការ​អប់រំ​ឱ្យ​គាត់​យល់​អំពី​គុណ​ប្រយោជន៍​នៃ​ការ​ពាក់​មួក​ឱ្យ​ បាន​ដឹង​អំពី​ផ្លូវ​ច្បាប់​កំណត់​យ៉ាង​ម៉េច​ប្រសិន​បើ​មិន​ពាក់​មួក ហើយ​ការ​រង​របួស​ការ​ប៉ះ​ទង្គិច​ក្បាល​ហ្នឹង ខាត​ពេល ខាត​ថវិកា​យ៉ាង​ម៉េច គឺ​យើង​ផ្សព្វផ្សាយ​ឱ្យ​គាត់​បាន​យល់​អំពី​បញ្ហា​ហ្នឹង»

លោក​ឱ្យ​ដឹង​ថា ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​សុវត្ថិភាព​ចរាចរណ៍​មួយ​កន្លែង​នៅ​ផ្លូវ​ជាតិ​ លេខ ២ សង្កាត់​ចាក់អង្រែ នៅ​ព្រឹក​ថ្ងៃ​ទី​៤ មករា ខាង​ការិយាល័យ​លោក​សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​ខណ្ឌ​មានជ័យ រក​ឃើញ​ថា មាន​អ្នក​បើក​ម៉ូតូ​ជាង ២០០​នាក់ មិន​បាន​ពាក់​មួក​សុវត្ថិភាព អត់​ដាក់​កញ្ចក់​សម្រាប់​មើល​ក្រោយ និង​អត់​ស្លាក​លេខ។

លោក ចេវ ហាក់ បន្ត​ថា ប្រជា​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ បាន​យល់​ដឹង​ច្រើន​អំពី​ច្បាប់​តម្រូវ​ឱ្យ​អ្នក​បើក​ម៉ូតូ​ពាក់​មួក​ សុវត្ថិភាព ប៉ុន្តែ​មិន​ចូលរួម​គោរព​ច្បាប់។ លោក​បញ្ជាក់​ថា មិន​ត្រឹម​តែ​រាជធានី​ភ្នំពេញ​ទេ ដែល​រឹត​បន្តឹង​បញ្ហា​នេះ គឺ​នគរបាល​ចរាចរណ៍​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​នានា ក៏​កំពុង​ធ្វើ​ស្រប​គ្នា​ដែរ ដើម្បី​ត្រៀម​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ដែល​នឹង​មាន​ការ​ផាក​ ពិន័យ និង​ទោស​ទណ្ឌ​ធ្ងន់​ជាង​ច្បាប់​ចាស់។

លោក ចេវ ហាក់៖ «យើង​ផាក​ពិន័យ​តាម​ច្បាប់​ចាស់​របស់​យើង គឺ ៣.០០០​រៀល។ ព្រឹក​មិញ​ខ្ញុំ​បាន​អប់រំ​ថា នៅ​ពេល​ដ​ខ្លី​ខាង​មុខ​នេះ ច្បាប់​ថ្មី​នឹង​ចេញ។ ច្បាប់​ថ្មី​ចេញ គឺ​មិន​ផាក ៣.០០០​រៀល​ទៀត​ទេ គឺ​ផាក ១៥.០០០​រៀល​ឯ​ណោះ។ អ៊ីចឹង​ឱ្យ​គាត់​បាន​យល់​ដឹង​ឱ្យ​ហើយ ដើម្បី​ឱ្យ​គាត់​ចូលរួម​ចំណែក។ បញ្ហា​ទី​មួយ គឺ​ឱ្យ​គាត់​ពាក់​មួក។ គោលដៅ​ដែល​យើង​ចង់​បាន​នោះ គឺ​គាត់​ចូលរួម​ពាក់​មួក​សុវត្ថិភាព ទាំង​អ្នក​បើកបរ ទាំង​អ្នក​រួម​ដំណើរ»

ក្រៅ​ពី​រាជ​ធានី​ភ្នំពេញ ទីប្រឹក្សា​ឯករាជ្យ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍ និង​អតីត​ជា​ប្រធាន​កម្មវិធី​ដៃគូ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​សកល ប្រចាំ​ប្រទេស​កម្ពុជា និង​ឡាវ គឺ​លោក គង់ សុវណ្ណ មាន​ប្រសាសន៍​ថា ការ​ពាក់​មួក​សុវត្ថិភាព​របស់​អ្នក​បើកបរ​ម៉ូតូ​បច្ចុប្បន្ន បាន​ធ្លាក់​ចុះ បើ​ប្រៀបធៀប​ទៅ​ដើម​ឆ្នាំ​២០០៩។

លោក​ឱ្យ​ដឹង​ថា តួលេខ​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស នៅ​ឆ្នាំ​២០១៤ កើន​ជាង​ឆ្នាំ​២០១៣។ លោក​ថា​បញ្ហា​នេះ គឺ​ដោយ​សារ​តែ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​មិន​សូវ​បាន​ជាប់ ​លាប់។

លោក គង់ សុវណ្ណ រំពឹង​ថា ការ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដែល​រឹត​បន្តឹង​ការ​ពាក់​មួក​សុវត្ថិភាព​នឹង​អាច​កាត់​បន្ថយ​អត្រា​ស្លាប់​ ពី​ការ​របួស​ក្បាល​ដោយ​គ្រោះថ្នាក់​បាន​ពាក់​កណ្ដាល៖ «វិសាលភាព​នៃ​ ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី គឺ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​សំខាន់​ទៅ​ដល់​អ្នក​ប្រើប្រាស់​ទោចក្រយានយន្ត​ គ្រប់​រូប មិន​មែន​តែ​អ្នក​បើកបរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កុមារ និង​អ្នក​រួម​ដំណើរ​ខាង​ក្រោយ​ផង​ដែរ។ បាន​ន័យ​ថា ជន​គ្រប់​រូប​ដែល​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ ត្រូវ​តែ​ពាក់​មួក​សុវត្ថិភាព ដើម្បី​ចៀស​ពី​របួស​ក្បាល​ធ្ងន់ធ្ងរ ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង។ នេះ​ជា​ចំណុច​ពិសេស​មួយ នៅ​ក្នុង​មាត្រា ១ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី បូក​ផ្សំ​នឹង​មាត្រា​ផ្សេងៗ ដែល​បាន​កែ​សម្រួល​ហើយ ដែល​ឥឡូវ​នេះ បាន​អនុម័ត​ត្រឹម​ព្រឹទ្ធសភា​ហើយ​នេះ»

លោក​ថា ច្បាប់​ថ្មី​នេះ ក៏​នឹង​ចូលរួម​ចំណែក​ក្នុង​​​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ទសវត្ស​ សុវត្ថិភាព​ចរាចរណ៍​ឆ្នាំ​២០១១ ដល់ ២០២០ ដែល​ត្រូវ​ជួយ​ជីវិត​មនុស្ស​ឱ្យ​បាន ៧.៣៥០​នាក់ ពី​គ្រោះថ្នាក់​ចរាចរណ៍។

របាយការណ៍​អង្គការ​សុខភាព​ពិភព​លោក ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ឆ្នាំ​២០១៣ បង្ហាញ​ថា អ្នក​បើកបរ​ម៉ូតូ​ដែល​ស្លាប់​ភាគ​ច្រើន គឺ​បណ្ដាល​មក​ពី​របួស​ក្បាល​ពេល​គ្រោះថ្នាក់​ចរាចរណ៍។ របាយការណ៍​នេះ​បង្ហាញ​ទៀត​ថា ការ​ពាក់​មួក​សុវត្ថិភាព​ត្រឹមត្រូវ អាច​កាត់​បន្ថយ​ការ​ប្រឈម​ការ​ស្លាប់​បាន ៤០% ហើយ​អាច​កាត់​បន្ថយ​របួស​ធ្ងន់​បាន ៧០%៕

Urban Voice Cambodia

Urban Voice Cambodia