នគរបាលជាតិថា សមត្ថកិច្ចនឹងបិទផ្លូវមួយចំនួនជុំវិញតុលាការកំពូលនៅថ្ងៃស្អែក
Posted On : November, 15, 2017 | By Vantha

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិលើកឡើងថា សមត្ថកិច្ចច្រើននាក់ នឹងត្រូវដាក់ពង្រាយ និងបិទផ្លូវមួយចំនួន នៅជុំវិញតុលាការកំពូល ដោយថា ដើម្បីរក្សាសណ្តាប់ធ្នាប់ ការពារសន្តិសុខ និងកុំឲ្យមានការរំខាន នៅពេលបើកតុលាការសវនាការ លើបណ្តឹងស្នើសុំរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃស្អែក។អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក គៀត ច័ន្ទថារិទ្ធ ប្រាប់វីអូឌីនៅថ្ងៃពុធទី១៥វិច្ឆិកានេះថា សមត្ថកិច្ច នឹងបិទផ្លូវមួយចំនួនជុំវិញតុលាការកំពូល ដោយថា ដើម្បីការពារករណី មានការតវ៉ាណាមួយ ដែលធ្វើឲ្យរំខាន ដល់ដំណើរការបើកសវនាការ។

នៅវីអូឌីពេលសួរថា តើនៅថ្ងៃស្អែកនេះ នគរបាលជាតិ នឹងត្រៀមដាក់កម្លាំងសមត្ថកិច្ចប៉ុន្មាននាក់ដែរ? លោក គៀត ច័ន្ទថារិទ្ធ ឆ្លើយតបថា លោកនៅមិនទាន់ដឹងនោះទេ ដោយរងចាំមើលពីសភាពការណ៍ជាក់ស្ដែង។

លោកមានប្រសាសន៍ថា៖ «វិធានការរបស់នគរបាលជាតិមិនងាប់ក្រឡាទេ! សួរខ្ញុំថា ដាក់កម្លាំងប៉ុន្មាន ខ្ញុំលំបាកឆ្លើយ!…វិធានការបស់នគរបាលមិនចង់ធ្វើអីក្ឌុងក្ឌាំង! បើសិនសភាពការណ៍មិនមានបញ្ហាអ្វីទេ គឺយើងធ្វើរបៀបការពារជុំវិញតុលាការកំពូលតិចតួចទេ។ ប៉ុន្តែបើសភាពការណ៍ មានការចាំបាច់… នឹងបន្ថែមកម្លាំងឆ្លើយតប។ យើងមិនអាចថា ត្រៀមមកគ្រាន់តែការពារតុលាការ យើងដាក់កម្លាំងរាប់ម៉ឺន វាដូចមិនដល់ថ្នាក់នឹងទេ»។

កាលពីថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងមួយ ដោយបញ្ជាឲ្យនាយកដ្ឋានសណ្ដាប់ធ្នាប់សាធារណៈ បន្ថែមកម្លាំងការពារសន្ដិសុខ និងយាមល្បាត សម្រាប់រយៈពេល៣ថ្ងៃពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែវិច្ឆិកា គឺចំពេលតុលាការកំពូលនឹងបើកសវនាការលើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិតាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ។

ការជូនដំណឹងរបស់ក្រសួងមហាផ្ទៃនេះ ធ្វើឡើងបន្ទាប់ពីនគរបាលជាតិបានរាយការណ៍ថា គណបក្សសង្គ្រោះជាតិ គ្រោងប្រមូលផ្ដុំអ្នកគាំទ្ររបស់ខ្លួននៅចំថ្ងៃប្រកាសសេចក្ដីសម្រេចអំពីជោគវាសនារបស់បក្សមួយនេះ។ ទោះជាយ៉ាងណា ប្រធានក្រុមតំណាងរាស្ត្របក្សប្រឆាំង លោក សុន ឆ័យ បានបដិសេធចំពោះព័ត៌មានបែបនេះ ដោយថា គណបក្សសង្គ្រោះជាតិមិនបានបញ្ជាឲ្យធ្វើសកម្មភាពអ្វីនោះឡើយ។

បើគ្មានអ្វីប្រែប្រួលទេ នៅថ្ងៃស្អែកទី១៦វិច្ឆិកានេះ តុលាការកំពូល នឹងបើកសវនាការលើបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលប្តឹងដោយក្រសួងមហាផ្ទៃ។ ជាញឹកញ៉ាប់ សមត្ថកិច្ចរាប់សិបនាក់ ត្រូវគេមើលឃើញថា តែងតែដាក់ពង្រាយ ហើយ កំណាត់ផ្លូវមួយចំនួន ជុំវិញតុលាការ ដូចជា វិថីព្រះស៊ីសុវត្ថិ វិថីសម្តេចសុធារស ផ្លូវលេខ២៤០ ត្រូវផ្អាកឲ្យធ្វើចរាចរណ៍បណ្តោះអាសន្ន៕

 

ប្រភព៖ VOD

Urban Voice Cambodia

Urban Voice Cambodia