ធ្លាប់តែឆ្លងរាល់ថ្ងៃតិចអត់ដឹង! លម្អិតពីស្ពានអាកាសទាំង៥ នៅភ្នំពេញ

រយៈ​ពេល​៨​ឆ្នាំ​ចុង​ក្រោយ​នេះ ស្ពាន​អាកាស​នៅ​ភ្នំពេញ​មាន​ចំនួន​៥​ហើយ ដោយ​ក្នុង​នោះ​ស្ពាន​អាកាស​ទី​៥​ចុង​ក្រោយ​នេះ គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​មុន​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ហើយ។ ខាង​ក្រោម​នេះ គឺ​ជា​រឿងរ៉ាវ​ជុំវិញ​ស្ពាន​អាកាស​ទាំង ៥​នៅ​កម្ពុជា៖

១. ស្ពាន​អាកាស​ក្បាល​ថ្នល់

ស្ពានអាកាសក្បានថ្នល់បានសម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ថ្ងៃ ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១០ ។ ​​ស្ពាន​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ស្ពាន​​​អាកាស​​​​​​ដំបូង​បង្អស់​ និង​​​ជា​សំណង់​​ប្រវត្តិសាស្ត្រ​​សម្រាប់​ប្រទេស​កម្ពុជា​។ ស្ពាន​​ក្បាល​ថ្នល់​បាន​​​ចំណាយ​ការ​សាង​សង់​​​ជាង ៦ លាន​ដុល្លារ​។ ក្រុមហ៊ុន OCIC ​​ជា​អ្នក​ទទួល​ការ​សាង​សង់។​

២. ស្ពាន​អាកាស​៧​មករា

ស្ពាន​អាកាស​​​៧មករា (ពេទ្យ​លោក​សង្ឃ​)​នេះ​មាន​បណ្ដោយ​​​៣៤៥​ម៉ែត្រ ទទឹង​​១៥,២​ម៉ែត្រ ​លាត​សន្ធឹង​លើ​មហា​​​វិថី​​​សហព័ន្ធ រុស្ស៊ី និង​ទម្លាក់​​​ខ្នែង​ជា​ដៃ​​ស្ពាន​នៅ​ស្រប ​​នឹង​មហា​​វិថី​​កម្ពុជា​ក្រោម​ ដែល​​មាន​បណ្ដោយ​​​១៦០ម៉ែត្រ ​ទទឹង​​​៦,៥​ម៉ែត្រ​​។ ​ការ​សាង​សង់​ចំណាយ​ថវិកា​​​​ជាង ៨ លាន ៣ សែន​​​ដុល្លារ​ និង​ត្រូវ​បាន​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ​២០១២។​ ​​ការងារ​​ស្ថាបនា​​​​អនុវត្ត​​​ដោយ​ក្រុមហ៊ុន OCIC។​

៣. ស្ពាន​អាកាស​ស្ទឹង​មានជ័យ

ស្ពាន​អាកាស ស្ទឹង​មាន​ជ័យ គឺជា​ស្ពាន​អាកាស ទី៣ នៅ កម្ពុជា​បន្ទាប់​ពី​ស្ពាន​អាកាស​ក្បាល​ថ្នល់​​​ ស្ពាន​អាកាស ៧ មករា ឬ​ស្ពាន​អាកាស​ពេទ្យ​លោក​សង្ឃ​។ ស្ពាន​អាកាស ស្ទឹង​មាន​ជ័យ​ ​ស្ថិត​ក្នុង​សង្កាត់ ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ បាន​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ថ្ងៃ ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២ និង​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ឆ្នាំ​២០១៤ ដោយ​​​ចំណាយ​ថវិកា​ប្រមាណ១៩ ​លាន​ដុល្លារ​ក្រោម​ការ​វិនិយោគ​សាងសង់​របស់​ក្រុមហ៊ុន OCIC។

៤. ស្ពាន​អាកាស​តិចណូ

ជា​ស្ពាន​អាកាស​ទី​៤ នៅ​រាជ​ធានី​ភ្នំពេញ​។ ស្ពាន​អាកាស​តិច​ណូ​​ បាន​ចំណាយ​ការ​សាង​សង់​​ប្រមាណ​១៤ លាន​ដុល្លារ​អាមេរិក​ និង​សាង​សង់​ដោយ​ក្រុមហ៊ុន ​OCIC ។ ​រយៈ​ពេល​សាង​សង់​ ១៦ ខែ​។ ស្ពាន​នេះ​​ ប្រវែង​៣៨២​ម៉ែត្រ និង​ទទឹង​ ១៥,៨ ម៉ែត្រ ​ស្ពាន​នេះ​​​មាន​សសរ​ភ្លោះ​៦​ ដែល​​មាន​គម្លាត​​ពី​សសរ​​​មួយ​ទៅ​មួយ​ចន្លោះ​​​ ២០ ទៅ​៣០​ម៉ែត្រ ព្រម​​ទាំង​​​​អនុញ្ញាត​ឲ្យ​យានយន្ត​ផ្ទុក​ទម្ងន់​អតិបរមា​​​​ ២៥​តោន​ឆ្លង​កាត់​បាន​​។​ ស្ពាន​តិច​ណូ​ បាន​បើក​ការដ្ឋាន​នៅ​ក្នុង​ឆ្នាំ​២០១៤ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៥។

៥. ស្ពាន​អាកាស​ស្តុប​ផ្សារ​ដីហុយ

ស្ពាន​អាកាស​ស្តុប​ផ្សារ​ដី​ហុយ សាងសង់​សម្រេច​បាន៩០%​ហើយ។ បើ​មិន​មាន​ការ​ប្រែប្រួល​ស្ពាន​អាកាស​ថ្មី​សន្លាង​នេះ នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ នៅ​មុន​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​នេះ ពោល​គឺ​មុន​ខែ​មេសា។

ស្ពាន​អាកាស​ផ្សារ​ដីហុយ គឺ​ជា​គម្រោង​ស្ពាន​អាកាស​ទី​៥ នៅ​រាជធានី​ភ្នំពេញ កំពុង​សាងសង់​យ៉ាង​មមាញឹក បន្ទាប់​ពី​បាន​បើក​ការដ្ឋាន​សាងសង់ កាល​ពី​ខែ​សីហា​ឆ្នាំ ២០១៦ កន្លង​ទៅ។ ស្ពាន​នេះ មាន​ប្រវែង ៩០៥​ម ទទឹង ១៦.៥ម  គឺ​ជា​គម្រោង​ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ទីតាំង​ស្ថិត​នៅ​លើ​មហាវិថី​សហព័ន្ធ​រុស្សី​ ដែល​ប្រសព្វ​ជាមួយ​ផ្លូវ​លេខ​១០១៩ (ស្តុប​ផ្សារ​ដី​ហុយ)។

ស្ពាន​អាកាស​ទី​៥​ក្នុង​រាជធានី​ភ្នំពេញ​នេះ នឹង​ជួយ​សម្រួល​ដល់​បញ្ហា​កក​ស្ទះ​ចរាចរណ៍​នៅ​តំបន់​ជុំវិញ​ទីនោះ​បាន​យ៉ាង​ច្រើន ហើយ​នឹង​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ ​របស់​ប្រជាពលរដ្ឋ​កាន់​តែ​ងាយ​ស្រួល​ជាង​មុន៕

 

ប្រភព៖ Sabay.com

 

Leave a Reply