ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ឆ្នាំ​2014 ថយ​ចុះ​ប្រមាណ​9,58​ភាគរយ ធៀប​នឹង​ឆ្នាំ​2013 នៅ​ទូ​ទាំង​ប្រទេស​វិស័យ​សំណង់​ស្រូប​កម្លាំង​ពលកម្ម​បាន​ប្រមាណ38​ម៉ឺ​ន​ទៅ​45​ម៉ឺន​នាក់​ក្នុង​1​ថ្ងៃ
Posted On : May, 17, 2015 | By សំឡេងទីក្រុង

ដោយ ចន្ទ្រគ្រាស, ថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០១៥, កោះសន្តិភាព

រាជធានី​ភ្នំពេញ ៖ វិស័យ​សំណង់ ដែល​ជា​វិស័យ​សំខាន់​មួយ​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា បាន​ចាប់ផ្ដើម​រីក​ដុះដាល បន្ទាប់​ពីវិ​ប​តិ្ត​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ឆ្នាំ​២០០៨​កន្លង​មក និង​បាន​កើន​ឡើងជា​បន្តបន្ទាប់ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ។ ទោះបី​យ៉ាងណា នៅ​ឆ្នាំ​២០១៤ កន្លង​មក បើ​ធៀប​នឹង​ឆ្នាំ​២០១៣ ឃើញ​ថា​ទុន​វិនិយោគ​សរុប​ដែល​បាន​មក​ពី​វិស័យ​សំណង់ មានការ​ធ្លាក់​ចុះ​ប្រមាណ​ជិត​១០​ភាគរយ​ឯណោះ ។

នៅ​ក្នុង​ពិធី​សម្ពោធ​ការិយាល័យ​លក់​របស់​អគារ​ស្នាក់​នៅ​រួម​កម្ពស់​៣៧​ជាន់ ស្ថិត​នៅ​វិ​ថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន របស់​ក្រុម​ហ៊ុន យូ​នី​វើ​សល និង​អ៊ី​ម​ផត​អិ​ច​ផត និង​អគារ​ស្នាក់​នៅ​រួម​កម្ពស់​២២​ជាន់ នៅ​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ របស់​ក្រុមហ៊ុន ស្វ​យ​មិ ប្រឹ​ផឹ​ធី​ឌី​វេឡុ​ប​មិន លោក​ភឿ​ង សុភ​ណ្ឌ័ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា ការ​វិនិយោគ​លើ​វិស័យ​សំណង់​អគារ​នៅ​កម្ពុជា​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ចាប់តាំងពី​ឆ្នាំ​២០០៤​មក ហើយ​មាន​កម្រិត​ខ្ពស់​បំផុត​នៅ​ឆ្នាំ​២០០៧ ដែល​មាន​កំណើន​ផលិតផល​សរុប​ក្នុងស្រុក​១៣,៤​ភាគរយ ។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០០៨​មក ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក កម្ពុជា​ក៏​បាន​ទទួល​រង​នូវ​ឥ​ទ្ធ​ពល​នេះ​ដែរ ហើយ​វា​ក៏​បាន​បន្ត​ធ្លាក់​ចុះ​រហូត​ដល់​ឆ្នាំ​២០១០ ។ បន្ទាប់​ពី​នោះ កំណើន​ផលិតផល​សរុប​ក្នុងស្រុក​ក៏​បាន​កើន​ឡើងជា​បន្តបន្ទាប់​វិញ ចាប់ពី​០,១% ក្នុង​ឆ្នាំ​២០០៩ ដល់​៧,៣% ក្នុង​ឆ្នាំ​២០១៤ ហើយ​ក្នុង​ឆ្នាំ​២០១៥ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា នឹង​កើនឡើង​ក្នុង​រង្វង់​ជាង​៧%​ផង​ដែរ ។

លោក​បន្ត​ថា​ក្នុង​ឆ្នាំ​២០១៤ ការ​វិនិយោគ​លើ​វិស័យ​សំណង់​អគារ គិត​តម្លៃ​ប៉ាន់ស្មាន​សរុប ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​រាជធានី​-​ខេត្ត ដែល​ចេញ​លិខិតអនុញ្ញាត​សាងសង់ មាន​១.៩៦០​គម្រោង មាន​ទុន​វិនិយោគ​សរុប ២.៥០០​លាន​ដុល្លារ​អា​មេ​រិ​ក បើ​ធៀប​នឹង​ឆ្នាំ​២០១៣ មាន​ទុន​សរុប​២.៧០០​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​ថយ​ចុះ ៩,៥៨% ។ តែ​ទោះបី​យ៉ាងណា សព្វ​ថ្ងៃនេះ​សំណង់​អគារ​ផ្សេង​ៗ​បាន​និង​កំពុង​រីក​ដុះដាល​ជា​បន្តបន្ទាប់​ទៀត​ហើយ ។

លោក​បញ្ជាក់​ថា តាម​ការ​ស្រាវជ្រាវ​វិស័យ​សំណង់ បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ក្នុង​មួយ​ថ្ងៃ​នៅ​ទូ​ទាំង​ប្រទេស​ប្រមាណ​ពី​៣៨.០០០​ទៅ ៤៥.០០០​នាក់ ក្នុង​នោះ​រាជធានី​ភ្នំពេញ​ស្រូប​កម្លាំង​ពលកម្ម​ពី​៨.០០០​ទៅ ១២.០០០​នាក់ ។ ចំពោះ​ប្រាក់បៀវត្ស ក្នុង​១​ថ្ងៃជា​មធ្យម សម្រាប់​អ្នកបច្ចេកទេស​ទទួល​បាន​ពី​២៥ ទៅ​៥០​ដុល្លារ​អា​មេ​រិ​ក កម្មករ​ជំនាញ​ទទួល​បានជា​មធ្យម ពី​១៥ ទៅ ២០​ដុល្លារ​អា​មេ​រិ​ក និង​កម្មករ​គ្មាន​ជំនាញ​ទទួល​បាន​ពី ៥​ទៅ ៧,៥​ដុល្លារ​អា​មេ​រិ​ក ។ រីឯ​កម្រិត​ជំនាញ​ជាន់ខ្ពស់​វិញ កម្ពុជា​មាន​វិស្វករ​គ្រប់​ជំនាញ​ចំនួន ប្រមាណ​១០.០០០​នាក់ និង​ស្ថាបត្យករ​មាន​ចំនួន​ប្រមាណ​ជាង ៣.០០០​នាក់ ៕

Urban Voice Cambodia

Urban Voice Cambodia