15986140-73a3-4c68-9b05-707e4003f14f

ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​រយៈពេល​១១​ខែ​ស្មើ​ជាង​៨ពាន់​លាន​ដុល្លារ

ប្រភព៖ កោះសន្តិភាព

រាជធានីភ្នំពេញ ៖ ទុនវិនិយោគក្នុងវិស័យសំណង់រយៈពេល១១ខែឆ្នាំនេះ មានទំហំរហូតដល់៨.២០០លានដុល្លារ កើនឡើង១៧៦,៩៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

លោក ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី២១ ធ្នូ កន្លងមកថា កាលពីឆ្នាំមុន ទុនវិនិយោគក្នុងវិស័យនេះមានទំហំត្រឹមតែ២.៩៦១លានដុល្លារប៉ុណ្ណោះ។ ប៉ុន្តែឆ្នាំនេះទំហំទុនវិនិយោគបានកើនឡើងរហូតដល់៨.២០០លានដុល្លារអាមេរិក ដោយមានផ្ទៃក្រឡាសំណង់ទំហំ១៤លានម៉ែត្រការ៉េ ។ សំណង់ដែលបានចុះបញ្ជីដោយអាជ្ញាធររាជធានី ខេត្ត ក្រុង ភាគច្រើនជាសំណង់ធំៗ អគារពាណិជ្ជកម្ម អគារការិយាល័យ ផ្សារទំនើប ខុនដូ អាផាតមិន រោងចក្រ និងសហគ្រាសនានាជាដើម ។ លោកបន្តថា ៖ « កំណើនវិស័យសំណង់ឆ្នាំនេះ ដោយសារកម្ពុជាមានស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច សន្តិសុខល្អប្រសើរ និងឯកសារច្បាប់បទដ្ឋានគតិយុត្តិនានាមានភាពងាយស្រួល ។ ការពន្លឿនការអនុម័ត និងត្រួតពិនិត្យគម្រោងបានថយចុះពី៤៥ថ្ងៃមក២៥ថ្ងៃ ក៏ជាផ្នែកសំខាន់ក្នុងការលើកទឹកចិត្តអ្នកវិនិយោគផងដែរ » ។

កម្ពុជាបានអនុម័តច្បាប់សហកម្មសិទ្ធិកាលពីឆ្នាំ២០១១ ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការវិនិយោគលើសំណង់អគារសហកម្មសិទ្ធិនានា ព្រោះច្បាប់នេះអនុញ្ញាតឲ្យជនបរទេសអាចកាន់កាប់អគារចាប់ពីជាន់ទី១ ឡើងទៅ ។

លោក ឡៅ ទិព្វសីហា បន្តថា ក្នុងចំណោមទុនវិនិយោគទាំងនេះ មានទុនវិនិយោគខ្មែរ និងបរទេស ដោយគិតពីឆ្នាំ២០០០ ដល់រយៈពេល១១ខែឆ្នាំនេះ ការបោះទុនវិនិយោគរបស់ជនបរទេសមានចំនួន២៩៣គម្រោង ស្មើនឹងទំហំជាង១៣លានម៉ែត្រការ៉េ និងទុនវិនិយោគសរុប៤.៤៦២លានដុល្លារអាមេរិកមកពី១៨ប្រទេស ក្នុងនោះវិនិយោគិនចិន និងកូរ៉េមានទំហំធំជាងគេ ។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនCentury21 Mekong ឱ្យដឹងថា វាជារឿងអបអរសាទរសម្រាប់ការកើនឡើងនូវទំហំទុនវិនិយោគចូលមកក្នុងវិស័យនេះ ។ ប៉ុន្តែគ្រាន់តែជាទុនចុះបញ្ជី មិនមែនមានន័យថា ទុនចុះបញ្ជីទាំងនេះនឹងត្រូវបោះទុនវិនិយោគនៅកម្ពុជាទេ ព្រោះគម្រោងខ្លះគ្រាន់តែជាការលើកគម្រោង និងមិនទាន់សាងសង់ ។ វិនិយោគិនដែលមកវិនិយោគនៅកម្ពុជា ពួកគេមិនយកទុនទាំងដុលមកបោះទុន ឬសាងសង់ទេ ។ លោកបន្តថា ៖ « ការកើនឡើងនូវទំហំទុនវិនិយោគជារឿងត្រេកអរ តែការធ្វើឲ្យគម្រោង និងទុនទាំងនោះហូរចូលមកកម្ពុជាជារឿងសំខាន់ គឺឲ្យតែគេមកវិនិយោគនៅកម្ពុជា ទោះមកដល់ទីណា ក៏ចំណេញដល់កម្ពុជាដែរ ព្រោះវារួមចំណែកផ្តល់ការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ » ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង បានសម្តែងនូវការភ្ញាក់ផ្អើលចំពោះការកើនឡើងយ៉ាងគំហុកនៃទុនវិនិយោគនៅកម្ពុជា ។ ប៉ុន្តែលោកលើកជាសំណួរថា តើទឹកប្រាក់ប៉ុន្មានភាគរយដែលវិនិយោគនៅកម្ពុជា ព្រោះទុនបានបង្ហាញនេះស្ថិតក្នុងគម្រោងនៅឡើយ ៕

Leave a Reply