15713249_10208112420397231_1548537121_n

ទុនវិនិយោគ​ វិស័យ​អចលនទ្រព្យ​ក្នុង​ឆ្នាំ ​២០១៦ កើន​ដល់​ទំហំ​ទឹក​ប្រាក់​ ៨ ៥៣៤ ​លាន​ដុល្លារ

ទុនវិនិយោគក្នុងវិស័យសំណង់នៅដំណាច់ឆ្នាំ ២០១៦ កន្លងមកនេះមានទំហំទឹកប្រាក់រហូតដល់ជាង ៨៥៣៤ លានដុល្លារអាមេរិក កើនឡើង ១៥៥,៦៨ ភាគរយធៀបរយៈពេលមួយឆ្នាំ ដូចគ្នាកាលពីឆ្នាំ ២០១៥។

លោក ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃពុធនេះថា ទាំងសមត្ថកិច្ចថ្នាក់ជាតិ រាជធានី និងខេត្ត បានអនុម័តគម្រោងសាងសង់ចំនួន ២ ៦៣៦ គម្រោង មានផ្ទៃក្រឡាសំណង់សរុបជាង ១៤ លានម៉ែត្រការ៉េ និងមានទំហំទឹកប្រាក់សរុបចំនួន ៨ ៥៣៤ លានដុល្លារអាមេរិក ខណៈ កាលពីឆ្នាំ ២០១៥ ការអនុម័តគម្រោងសាងសង់មានចំនួន ២៣០៥គម្រោង មានផ្ទៃក្រឡាសំណង់ជាង ៧ លានម៉ែត្រការ៉េ និងទុនវិនិយោគត្រឹមតែចំនួន ៣ ៣៣៨ លានដុល្លារប៉ុណ្ណោះ។

លោកបន្តថា ៖ «គម្រោងដែលបានអនុម័តកាលពីឆ្នាំមុន ភាគច្រើនជាអគារស្នាក់នៅរួមសណ្ឋាគារ អគារការិយាល័យធ្វើការ ផ្សារទំនើប បុរី រោងចក្រ សហគ្រាសនានា និងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗ»។

លោកបន្តថា ៖ «កំណើននៃការវិនិយោគនេះ ជាកំណើនដ៏ល្អនេះជាការឆ្លុះបញ្ចាំងពីទស្សនវិស័យប្រកបដោយសុទិដ្ឋិនិយមនូវកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គមរបស់កម្ពុជា»។

លោក ឡៅ ទិព្វសីហា បានបន្តថា វិស័យនេះនៅតែជាចន្ទល់ដ៏រឹងមាំ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ និងបានផ្តល់ការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋ ក៏ដូចជាបង្ហាញទៅអ្នកវិនិយោគជាតិ អន្តរជាតិឲ្យមានទំនុកចិត្តមកដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង បានសួរពីទំហំទឹកប្រាក់នេះថា តើជាទំហំទឹកប្រាក់ពិតប្រាកដដែលបានបង្ហូរចូលមកវិនិយោគនៅកម្ពុជា ឬគ្រាន់តែជាទុនចុះបញ្ជីរនៅក្រសួង ដែនដី នគរូបនីយកម្ម និងសំណង់? ព្រោះអ្នកវិនិយោគមួយចំនួនបានដាក់គម្រោងរបស់ខ្លួន ដោយដាក់តម្លៃដី ១០ លានដុល្លារ និងសាងសង់អស់ ៥០ លានដុល្លារ និងរំពឹងថា ពួកគេអាចលក់បាន ២០០ លានដុល្លារ ហើយក៏បានចុះបញ្ជីដាក់តម្លៃគម្រោងរបស់ខ្លួន ២០០ លានដុល្លារអាមេរិក។

លោក ហ៊ាង បញ្ជាក់ថា ៖ «អ្នកវិនិយោគដែលចុះបញ្ជី និងបោះទុនវិនិយោគ ពួកគេបង្ហូរទុនជាក់ស្តែងមកកម្ពុជាបានត្រឹម៥០ភាគរយ គឺជាការល្អប្រសើរហើយ»។

លោកបន្តថា ៖ «ទោះជាយ៉ាងណា យើងរីករាយ និងស្វាគមន៍គម្រោងវិនិយោគថ្មីៗកាន់តែច្រើននៅកម្ពុជា»៕

ប្រភព៖ postkhme

Leave a Reply