ទុនវិនិយោគ​លើ​វិស័យ​សំណង់​មាន​ជិត​៥​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០១៧
Posted On : កក្កដា, 19, 2017 | By Vantha

ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧នេះ ទំហំទុនវិនិយោគលើវិស័យសំណង់នៅកម្ពុជា មានប្រមាណ៤.៩៤៣ ពាន់លានដុល្លារអាមេរិក។ ទំហំនេះកើនឡើងជាង២៧ភាគរយ ធៀបនឹងយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៦ ដែលមានជាង ៣.៨ពាន់លានដុល្លារ។

ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០១៧នេះ សមត្ថកិច្ចថ្នាក់ក្រោមជាតិ និងថ្នាក់រាជធានី-ខេត្ត បានផ្ដល់លិខិតអនុញ្ញាតសាងសង់ចំនួន១,៥២៣ គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុប ៧.២៨៤.៦៧៥ ម៉ែត្រការ៉េ។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។

ប្រភពដដែល បញ្ជាក់ថាតម្លៃប៉ាន់ស្មាននៃសំណង់នោះ មានប្រមាណ ៤.៩ពាន់លានដុល្លារអាមេរិក  កើនឡើង ជាង២៧ភាគរយ បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦ ដែលមានជាង ៣.៨ពាន់លានដុល្លារ។

ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៧ មានទីក្រុងរណបបុរីលំនៅឋានមានលក្ខណៈជាបុរីសរុបចំនួន ១៤ទីតាំង និងមានអគារខ្ពស់ចាប់ពី ៥ជាន់ឡើងទៅ មានចំនួន៤៣អគារ។   បើតាមក្រសួងដែនដី គិតពីឆ្នាំ២០០០ ដល់ពាក់កណ្តាលឆ្នាំ២០១៧នេះ ការបោះទុនវិនិយោគវិស័យឯកជនមកពីបរទេស ចំនួន ១៨ប្រទេស មានចំនួន៣០៩គម្រោង មានផ្ទៃក្រឡាសំណង់ជាង ១៣លានម៉ែត្រការ៉េ និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគសាងសង់ ៤.៦៨៦.៨០៧.១០១ ដុល្លារសហរដ្ឋអាមេរិក។

ចំពោះការចុះបញ្ជីក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់វិញ បើតាមក្រសួងដែនដី មានក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់ នៅមានសុពលភាពចំនួន ១ពាន់ ៦ក្រុមហ៊ុន ក្នុងនោះ មានក្រុមហ៊ុនសិក្សាគម្រោងប្លង់ មានចំនួន ៤០ក្រុមហ៊ុន និងក្រុមហ៊ុនសាងសង់មានចំនួន ៩៦៦ ក្រុមហ៊ុន។  មានក្រុមហ៊ុនអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ជនបរទេសនៅមានសុពលភាពចំនួន ៤០៨ក្រុមហ៊ុន។ នេះបើតាមប្រភពដដែល ដែលឲ្យដឹងទៀតថា រូបវ័ន្តបុគ្គលសិក្សាគម្រោងប្លង់នៅមានសុពលភាពចំនួន ១១៣រូប ក្នុងនោះស្ថាបត្យករ ៨០រូប និងវិស្វករចំនួន ៣៣រូប និងបានចុះបញ្ជីស្ថាបត្យករនៅគណៈស្ថាបត្យករកម្ពុជា បានចំនួន ៣៨រូប៕

ប្រភព៖ ថ្មីៗ

សំឡេងទីក្រុង!

សំឡេងទីក្រុង!