c-_users_dell_pictures_july_3-11

ទឹកឡើងថ្លៃ ពលរដ្ឋក្រីក្រក្នុងទីក្រុងចាប់ផ្ដើមត្អូញត្អែរ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ក្រោយពីរឿងតម្លៃអគ្គិសនីបានស្ងប់ស្ងាត់ ពេលនេះប្រជាពលរដ្ឋក្រីក្រនៅរាជធានីភ្នំពេញងាកមកត្អូញត្អែរពីការកើនឡើងនៃតម្លៃទឹកវិញម្តង ដោយស្នើឲ្យរាជរដ្ឋាភិបាលចាត់វិធានការជួយសម្រួលតម្លៃទឹកអោយនៅដូចមុន។

អ្នកស្រី នី សន្ដោស ប្រជាពលរដ្ឋនៅភូមិ ២៣ សង្កាត់ បឹងកក់ពីរ ខណ្ឌទួលគោក រាជធានីភ្នំពេញ លើកឡើងថា ថវិកាចំណាយនៅក្នុងគ្រួសារបស់អ្នកស្រីកាន់តែច្រើនជាងមុនខណៈប្រាក់ចំណូលនៅដដែល កត្តានេះបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសាររបស់អ្នកស្រីកាន់តែខ្លាំង។

តំណាងសហគមន៍ក្រីក្ររូបនេះបន្តថា « មួយរយៈនេះដោយសារតម្លៃទឹកមានអត្រាកើនឡើងខ្ពស់ចឹង ពីខែមុនៗ ខ្ញុំធ្លាប់ប្រើពីរខែអស់តែជាងពីរម៉ឺនទេ ស្រាប់តែឥឡូវគ្រាន់តែមួយខែអស់ជាង ៣០០០០៛ ធ្វើអោយខ្ញុំមានការព្រួយបារម្មណ៍ពីបញ្ហាជីវភាពមែនទែន ចំនួន (សមាជិក) គ្រួសារខ្ញុំដដែល ការប្រើប្រាស់ដដែល ហេតុអ្វីបានថ្លៃទឹកចេះតែកើនឡើងរហូត? »។

អ្នកស្រីបានស្នើសុំដល់រដ្ឋាភិបាល និងរដ្ឋករទឹក ជួយសម្រួលដល់តម្លៃទឹកស្អាតដល់ប្រជាពលរដ្ឋតាមសហគមន៍ក្រីក្រដែលរកប្រាក់ចំណូលបានតិចផង។

មិនខុសពីអ្នកស្រី នី សន្តោស, អ្នកស្រី ច្រាយ នីម ជាតំណាងប្រជាពលមកពីសហគមន៍អេសអូអេស ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានឲ្យដឹងថា តម្លៃទឹកឡើងថ្លៃគឺប៉ះពាល់ជីវភាពគ្រួសារអ្នកស្រី និងពលរដ្ឋក្នុងភូមិយ៉ាងធ្ងន់ធ្ងរ ជាពិសេសអ្នកមានប្រាក់ចំណូលទាប។

អ្នកស្រីបន្តថា៖ «ឥឡូវនេះ ទឹកក៏ឡើងថ្លៃ ភ្លើងក៏ឡើងថ្លៃ  ចឹងចំណាយលើទឹកផង ភ្លើងផង សំរាមផង និងការហូបចុកផង បើប្រៀបធៀបនឹងចំណូលចូល ហាក់ដូចជាវាមិនស្មើរគ្នា ចឹងប៉ះពាល់ធ្ងន់ណាស់  តម្លៃនេះប្រជាពលរដ្ឋមិនអាចទទួលយកបានទេ»

រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញបានចេញសេក្ដីជូនដំណឹង ចុះថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០១៧ ថា៖ ការប្រើប្រាស់ទឹកចាប់ពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៧ ការទូទាត់ថ្លៃទឹកត្រូវអនុវត្តតាមតម្លៃថ្មី និងចេញវិក្កយបត្រមួយខែម្ដង ហើយមិនចេញលិខិតជូនដំណឹងពីការយឺតយ៉ាវក្នុងការទូទាត់វិក្កយបត្រថ្លៃទឹកទៀតឡើយ។

និស្សិតម្នាក់ដោយសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា លោកមិនបានដឹងពីការជូនដំណឹងរបស់រដ្ឋាករទឹកទេ ផ្ទះរបស់លោកត្រូវបានផ្ដាច់ទឹក ហើយត្រូវបង់ថ្លៃសេវាបើកទឹកវិញ ៦០០០០ រៀល។ លោកបន្តថា រដ្ឋាករទឹកគួរតែចេញលិខិតជូនដំណឹងជាមុនសិន។

គួររំឭកផងដែរថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន   ក៏ធ្លាប់បានបញ្ជាឲ្យអ្នកពាក់ព័ន្ធដោះស្រាយបញ្ហាតម្លៃទឹករបស់កម្មករ និងអ្នកដែលជួលផ្ទះ បន្ទាប់ពីការដោះស្រាយបញ្ហាតម្លៃអគ្គិសនីកាលពីពេលកន្លងមក។

ប្រជាពលរដ្ឋជាច្រើនមានចម្ងល់ថា ហេតុអីបានជារដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញតម្លើងតម្លៃទឹក?

យោងតាមទំព័រហ្វេសប៊ុក ឈ្មោះ PECH KANIKA បានសរសេរថា គាត់បានចុចទូរស័ព្ទទៅសួរមន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពីករណីការតម្លើងថ្លៃទឹកដែលថ្លៃហួសពីមុនទ្វេដង។ នៅពេលនោះ មន្ត្រីរដ្ឋាករទឹកបាននិយាយថា ពីមុនបង់២ខែម្តង អ៊ីចឹងគេគណនាជាដំណាក់ៗ ប៉ុន្តែឥឡូវរដ្ឋាករទឹកតម្រូវឲ្យបង់១ខែម្តង គឺយកចំនួនដែលប្រើប្រាស់សរុបកម្រិតណាមួយ មកគុណនឹងចំនួនទឹកប្រាក់ដែលបានកំណត់។

មិនខុសគ្នាប៉ុន្មានទេ ពលរដ្ឋជាច្រើនបានត្អូញត្អែរថា ទំនិញនិងរបស់របរផ្សេងៗចេះតែឡើងថ្លៃ បើទឹកឡើងថ្លៃទៀតពិតណាស់វាបណ្តាលអោយការចំណាយប្រចាំថ្ងៃរឹតតែច្រើនជាងមុន។ ប្រជាពលរដ្ឋបានអំពាវនាវដល់រាជរដ្ឋាភិបាល និងរដ្ឋាករទឹកអោយរក្សាតម្លៃដើមដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋក្រីក្រក្នុងទីក្រុង។

11112

Leave a Reply