ទឹកប្រាក់​មិន​បាន​បង់​ថ្លៃ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​ ​កើនឡើង​ដល់​ជិត ២០ លាន​ដុល្លារ
Posted On : កញ្ញា, 16, 2016 | By សំឡេងទីក្រុង

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍

ទឹកប្រាក់ដែលពលរដ្ឋ និងក្រុមហ៊ុនអាជីវកម្មផ្សេងៗមិនបានបង់ជូនក្រុមហ៊ុនស៊ីនទ្រីដែលជាក្រុមហ៊ុនប្រមូលសំរាមនៅរាជធានីភ្នំពេញបានកើនឡើងជិតដល់ ២០ លានដុល្លារហើយគិតមកដល់ពេលនេះ។ នេះបើតាមអ្នកចាត់ការក្រុមហ៊ុនស៊ីនទ្រីដែលបានលើកឡើងក្នុងជំនួបជាមួយគណៈអភិបាលរាជធានីភ្នំពេញកាលពីម្សិលមិញ។

ប៉ុន្តែមូលហេតុនៃបំណុល និងយន្តការដោះស្រាយនៅមិនទាន់ច្បាស់នៅឡើយទេខណៈក្រុមហ៊ុនបានត្រឹមតែរំឭកតាមរយៈវិក្កយបត្រភ្លើង និងស្នើដល់អាជ្ញាធរឲ្យជួយជំរុញលើបញ្ហានេះ។

លោក អ៊ិត ចិន្តា អ្នកចាត់ការក្រុមហ៊ុនស៊ីនទ្រីបានឲ្យដឹងថាតួលេខនៃទឹកប្រាក់ដែលពលរដ្ឋមិនបានបង់ជូនក្រុមហ៊ុនគឺស្ថិតក្នុងរង្វង់ក្រោម ២០ លានគិតចាប់តាំងពីខែកញ្ញាឆ្នាំ ២០០៣ មកគឺមួយឆ្នាំក្រោយពេលក្រុមហ៊ុននេះបានចុះកុងត្រាជាមួយរដ្ឋាភិបាលក្នុងការផ្តល់សេវាប្រមូលសំរាមនៅរាជធានីភ្នំពេញ។

លោកបានថ្លែងថា៖ «អ្នកដែលជំពាក់យូរគឺបុគ្គលដដែលៗ។ អ្នកដែលជំពាក់ហ្នឹងមានប្រហែលរង្វង់ម៉ឺននាក់ប្រហែល ១ ម៉ឺនទៅ ២ ម៉ឺន។ អ្នកដែលជំពាក់យើងមកទល់ឥឡូវនេះមានរហូតដល់ទៅ ១៥៦ ឬ១៥៧ ខែតែយើងនៅតែផ្តល់សេវាកម្មដដែល»។

លោកបានបន្តថាក្រុមហ៊ុនរបស់លោកតែងបានរំឭកពលរដ្ឋជាប្រចាំនៅលើវិក្កយបត្រភ្លើងប៉ុន្តែពលរដ្ឋដែលគេចវេះពីការបង់ថ្លៃសំរាមបានលុបថ្លៃសំរាមចោលហើយបង់តែថ្លៃភ្លើង។

លោកថា៖ «ការខកខានមិនបានបង់ថ្លៃសេវានេះត្រូវបានរំឭកពីមួយខែទៅមួយខែ។ គាត់ដឹងរឿងហ្នឹង ឬមួយគាត់គិតថាតម្លៃហ្នឹងគាត់មិនគួរបង់ប៉ុណ្ណឹងអាហ្នឹងជារឿងរបស់គាត់។ ក្រៅពីតម្លៃនៅលើវិក្កយបត្របុគ្គលិកក្រុមហ៊ុនក៏បានពន្យល់ដល់ប្រជាពលរដ្ឋផ្ទាល់ផងដែរ»។

លោក អ៊ិត ចិន្តា បានបន្តទៀតថាអ្នកដែលមិនបានបង់សេវាភាគច្រើនគឺជាអាជីវករ ឬទីតាំងកន្លែងរកស៊ីផ្សេងៗ។

ដោយសារតែបំណុលបានកើតឡើងច្រើនដូច្នេះ និងដើម្បីធ្វើឲ្យសេវាសម្អាតទីក្រុងឲ្យកាន់តែប្រសើរលោកបានអំពាវនាវឲ្យអាជ្ញាធរជួយរកដំណោះស្រាយដើម្បីឲ្យពលរដ្ឋបង់បំណុលទាំងនេះ។

លោកបានថ្លែងថា ភាគីក្រុមហ៊ុនមិនមាននីតិវិធីទៅលើប្រជាពលរដ្ឋ ឬសាជីវកម្មដែលជាប់បំណុលទេមានតែស្នើឲ្យសាលារាជធានីភ្នំពេញជួយជំរុញបន្ថែមដល់ថ្នាក់ខណ្ឌឲ្យអញ្ជើញអតិថិជនមកដោះស្រាយបំណុលទឹកប្រាក់ដែលគាត់ជំពាក់។

លោកបានបន្តថា៖ «បើយើងមើលលើកិច្ចព្រមព្រៀងមានន័យថាក្រុមហ៊ុនផ្ដល់សេវាកម្មប្រមូលដឹកជញ្ជូន និងសម្អាតហើយអាជ្ញាធរមានកាតព្វកិច្ចជំរុញប្រជាពលរដ្ឋឲ្យបង់ថ្លៃសំរាម។ អ៊ីចឹងមានន័យថាតារាងតម្លៃមិនមែនក្រុមហ៊ុនជាអ្នកបង្កើតទេអាចថារដ្ឋជាអ្នកបង្កើតតារាងហ្នឹង»។

ទាក់ទង់នឹងចំនួនទឹកប្រាក់បំណុលដ៏ច្រើននេះលោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញមិនបានបញ្ជាក់ថាពិតឬយ៉ាងណាទេដោយលោកបានថ្លែងថា៖ «ក្រុមហ៊ុនថាជារឿងរបស់ក្រុមហ៊ុន» ហើយថាវាគ្រាន់តែជាបញ្ហាតូចមួយដែលបានលើកឡើងក្នុងអង្គប្រជុំកាលពីម្សិលមិញ។

ប៉ុន្តែលោកបានពន្យល់ពីហេតុផលដែលនាំឲ្យមានបំណុលនេះថា៖ «ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលពលរដ្ឋមិនព្រមបង់ថវិកាទៅក្រុមហ៊ុនស៊ីនទ្រីដោយសារមិនមានឯកភាពគ្នារវាងតម្លៃដែលក្រុមហ៊ុនស៊ីនទ្រីបានដាក់ចុះព្រោះគាត់ថាជួនកាលវាថ្លៃពេកហើយយន្តការនៃការចរចាគ្នាហ្នឹងគឺទុកគរពីម្ង៉ៃទៅម្ង៉ៃហើយអ្នកខ្លះអាចមិនទាន់បង់រាប់សិបឆ្នាំ។ អ៊ីចឹងបំណុលតួលេខចេះតែឡើងទៅ ឬនៅដដែលវាទៅជាបញ្ហា»។

ចំពោះដំណោះស្រាយលើបញ្ហាបំណុលនេះលោក មាន ចាន់យ៉ាដា បានថ្លែងថា៖ «សាលាក្រុងអាចជួយសម្របសម្រួលក្នុងការអញ្ជើញអ្នកជាប់បំណុលមកពិភាក្សាជាមួយក្រុមហ៊ុនតែប៉ុណ្ណឹងទេ។ អាហ្នឹងគឺជាការចរចា។ យើងមានវិធានការសម្របសម្រួល»។

លោក គួច ចំរើន អភិបាលខណ្ឌដូនពេញបានលើកឡើងថាការជំរុញឲ្យពលរដ្ឋបង់បំណុលមិនមែនជាភារកិច្ចរបស់អាជ្ញាធរទេ។

លោកបានបញ្ជាក់ថា៖ «ជាភារកិច្ចមិនត្រូវទេតែបើជួយសម្របសម្រួលអាហ្នឹងមាន»។

ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងក្រុមហ៊ុន ឬពលរដ្ឋដែលជំពាក់បំណុលដើម្បីពន្យល់ពីមូលហេតុនៃការខកខានក្នុងការបង់ថ្លៃសេវាប្រមូលសំរាមនេះទេ។

ក្រុមហ៊ុនស៊ីនទ្រី និងអគ្គិសនីកម្ពុជាបដិសេធមិនផ្តល់ឈ្មោះអាជីវកម្ម ឬពលរដ្ឋដែលជំពាក់បំណុលទេដោយបានអះអាងថាការធ្វើដូច្នេះខុសពីគោលការណ៍របស់ក្រុមហ៊ុន។ ក៏ប៉ុន្តែពលរដ្ឋមួយចំនួនធ្លាប់បានត្អូញត្អែរថាសេវាកម្មប្រមូលសំរាមនៅរាជធានីភ្នំពេញនៅមិនទាន់ធ្វើបានល្អនៅឡើយទេ៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!