ទឹកជំនន់ និងហេដ្ឋារចនាសម្ព័ន្ធលូបង្ហូរទឹកនៅរាជធានីភ្នំពេញ (មានវីដេអូ)
Posted On : September, 26, 2018 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ទីក្រុងភ្នំពេញងាយរងគ្រោះដោយសារជំនន់ទឹកភ្លៀងក្នុងរដូវវស្សាដែលគិតចាប់ពី ខែឧសភា រហូតដល់ចុងខែតុលា។  ផ្អែកលើស្ថិតិនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ទីក្រុងភ្នំពេញមានប្រព័ន្ធលូបង្ហូរទឹកចំងាយ ៧៣២គីឡូម៉ែត្រ និង ៤៤៨០៧​ អាងស្តុបទឹក។

ពេលមានភ្លៀងខ្លាំង​ ទីក្រុងភ្នំពេញតែងតែជួបជាមួយបញ្ហាទឹកជំនន់ជាញឹកញាប់ ដែលបណ្តាលមកពីប្រព័ន្ធលូមិនល្អ និងមិនគ្រប់គ្រាន់។ ប្រព័ន្ធបង្ហូរទឹកមិនគ្រប់គ្រាន់បានបណ្តាលឱ្យមានបញ្ហានៅគ្រប់ទីកន្លែងនៅពេលភ្លៀង ជាពិសេសតំបន់លំនៅដ្ឋាននៅផ្នែកខាងត្បូងនៃរដ្ឋធានី។

ជំនន់ទឹកភ្លៀងនៅផ្លូវម៉ៃដា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨។ រូបភាព៖ វណ្ណា

ទោះបីជាយ៉ាងណាក៏ដោយ បឹងធំៗជាច្រើននៅរាជធានីភ្នំពេញត្រូវបានចាក់បំពេញដោយខ្សាច់ដើម្បីអភិវឌ្ឍន៍។  នៅពេលដែលបឹងភាគច្រើនត្រូវលុប បានធ្វើអោយបាត់បង់អាងស្តុបទឹកហើយបញ្ហាទឹកជំនន់មិនអាចដោះស្រាយបាន។ នៅឆ្នាំ២០១៦ មានបឹងចំនួន ២៥ ត្រូវបានលុបបំពេញដោយសាលាក្រុងភ្នំពេញ។ ជាឧទាហរណ៍ បឹងកក់ដែលមានទំហំជាង ៩០ ហិកតា​ ត្រូវបានក្រុមហ៊ុនស៊ូកាគូអ៊ីនលុបបឹងទាំងមូលដើម្បីបង្កើតតំបន់អភិវឌ្ឍ។​​ ចំពោះប្រឡាយដែលមានស្រាប់មួយចំនួនមិនអាចបំពេញមុខងាបានត្រឹមត្រូវ ហើយនឹងមិនអាចហូរនាំទឹកបានលឿន។ ក្រៅពីនេះនៅពេលមានភ្លៀងធ្លាក់យើងសង្កេតឃើញថាសំរាមនៅពេញគម្របលូ ដែលបានកាត់បន្ថយល្បឿនទឹកហូរ។

បើទោះបីមានការលើកឡើងថា ទីក្រុងភ្នំពេញមានការអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័សក្ដី ប៉ុន្តែពលរដ្ឋមួយចំនួនហាក់ដូចជាមិនទាន់បានកែប្រែការរស់នៅតាមបែបទំនើបនៅឡើយ។ ប្រជាពលរដ្ឋក្រីក្រតែងតែរងគ្រោះដោយសារបញ្ហាធំៗមួយចំនួន ជាពិសេសបញ្ហាទឹកជំនន់ដែលបង្កឡើងដោយប្រព័ន្ធគ្រប់គ្រងសំណល់មិនមានគ្រប់គ្រាន់។​ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនោះ សាលារាជធានីភ្នំពេញ ត្រូវតែដាក់នូវផែនការជាបន្ទាន់ ការដឹកនាំ និងបទបញ្ជាដើម្បីអនុវត្តផែនការជួយដល់ប្រជាជនក្រីក្រ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះប្រជាពលរដ្ឋប្រមាណ ២៥០​ ០០០​ ទៅ ៣០០ ០០០ នាក់នៅរាជធានីភ្នំពេញបានរងផលប៉ះពាល់ដោយសារទឹកជំនន់អំឡុងរដូវភ្លៀង។

គោលនយោបាយចូលរួមគួរតែអនុវត្តក្នុងការថែរក្សាប្រព័ន្ធលូ និងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការយល់ដឹងល្អរវាងសហគមន៍ និងអាជ្ញាធរសាធារណៈ។ ឧទាហរណ៍ដូចជាតាមប្រឡាយទឹកបឹងត្របែកយើងមើលឃើញថា ការរស់នៅមិនមានរបៀបរៀបរយ ការសាងសង់ផ្ទះសម្បែងក្បែរទៅនឹងមានប្រឡាយ។ ការរស់នៅបែបនេះបណ្តាលឱ្យមានគ្រោះថ្នាក់ខ្លាំងដល់សហគមន៍។ បើគ្មានការសំអាតអោយបានទៀងទាត់ទេ ផ្ទៃប្រឡាយទាំងមូលនឹងពោពេញដោយកាកសំណល់ផ្លាស់ស្ទិក​។ ហេតុដូច្នេះ សហគមន៍រងហានិភ័យខ្ពស់ដល់សុខភាពរួមទាំងគ្រោះថ្នាក់ដល់អាយុជីវិត និងមានការឆ្លងមេរោគផ្លូវដង្ហើម ជំងឺរាគរូស ជំងឺស្បែក និងភ្នែកក្នុងអត្រាខ្ពស់។ ស្ត្រី និងកុមារជាអ្នកដែលងាយរងគ្រោះខ្លាំងជាងគេ។

សំរាម និងប្រឡាយបង្ហូរទឹកស្អុយ គឺជាកន្លែងល្អបំផុតសម្រាប់បាក់តេរី វីរុស និងប៉ារ៉ាស៊ីតគ្រប់ប្រភេទ។ ប្រជាពលរដ្ឋក្រីក្រក្នុងរាជធានីភ្នំពេញកំពុងរស់នៅក្នុងគ្រោះថ្នាក់ និងប្រឈមនឹងបញ្ហាសុខភាពដែលរស់នៅតាមបណ្ដោយប្រឡាយបង្ហូរទឹកកខ្វក់។​ នៅតាមបណ្ដោយប្រឡាយទឹកស្អុយ យើងសង្កេតឃើញថា​ជាសហគមន៍ក្រីក្រ ដោយសារតម្លៃជួលក្នុងតំបន់នោះមានតម្លៃថោកជាងកន្លែងផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ។

សំរាមអណ្តែតលើទឹកស្អុយនៅសហគមន៍ព្រែកតាគង់ ផ្លូវ៦០មែត្រ។ រូបភាព៖ វណ្ណា

តាមទស្សនៈរបស់ខ្ញុំ អាជ្ញាធរត្រូវតែមានផែនការអភិវឌ្ឍន៍មេដើម្បីការពារទឹកជំនន់ និងកែលំអប្រព័ន្ធបង្ហូរទឹកស្អុយនៅរាជធានីភ្នំពេញ។ នៅឆ្នាំ​២០១៧ សាលារាជធានីភ្នំពេញបានសាងសង់ប្រព័ន្ធបង្ហូរទឹកនៅរាជធានីភ្នំពេញប្រហែល ១០០ គីឡូម៉ែត្រហើយគ្រោងនឹងជួសជុលយ៉ាងហោចណាស់ ៩០០ គីឡូម៉ែត្រនៃប្រព័ន្ធបង្ហូរទឹកនៅឆ្នាំ ២០១៨ ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធលូ ផ្លូវតូចៗ និងកន្លែងដែលជួបប្រទះបញ្ហាលំបាកពីជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញនៅតែជួបការខ្វះខាត។ ឧទាហណ៍ជាក់ស្ដែង ដោយមានជំនួយពីអង្គការ JICA ប្រទេសកម្ពុជានឹងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតលើកដំបូងនៅខណ្ឌដង្កោរាជធានីភ្នំពេញ។ ក្នុងជំហានដំបូងរោងចក្រនោះមានតម្លៃប្រមាណ២៧ លានដុល្លារ។  រោងចក្រប្រព្រឹត្តកម្មទឹកស្អាតជាកន្លែងសម្អាតទឹកកង្វក់នានាក្នុងរាជធានីភ្នំពេញមុនពេលបង្ហូចូលទន្លេ ឬបឹង៕

ការជួសជុលដាក់ប្រព័ន្ធលូបង្ហូរទឹកថ្មី។ រូបភាព៖ ចំរើន

សូមទស្សនាវីដេអូខាងក្រោម៖

Urban Voice Cambodia

Urban Voice Cambodia