ទីក្រុង​ច្នៃ​ប្រឌិត​ខ្ពស់​ជាងគេ​បំផុត​ទាំង​ ១៦ នៅ​ជុំវិញ​ពិភពលោក
Posted On : August, 11, 2014 | By សំឡេងទីក្រុង

BNEWS ប្រែសម្រួល៖ ខេវិន​​ ថ្ងៃទី ១០ សីហា ឆ្នាំ ២០១៤

តាម​ការ​អះអាង​របស់​លោក Ed Glaeser សេដ្ឋកិច្ច​វិទូ​មក​ពី​សាកលវិទ្យាល័យ​ Harvard ទីក្រុង​ គឺ​ជា​បណ្ដុំ​នៃ​​ការ​បង្កើត​ថ្មី និង ភាព​ច្នៃប្រឌិត។ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម គម្រោង​អភិវឌ្ឍ​នគរូបនីយកម្ម​ ការ​អប់រំ សេវាកម្ម​សុខភាព ។ល។ សុទ្ធតែ​មាន​វត្តមាន​នៅ​ក្នុង​ទីក្រុង​ទាំងអស់។ ដូច្នេះ​វា​មិន​ចម្លែក​នោះ​ទេ ដែល​​ទីក្រុង​មាន​​​ការ​អភិវឌ្ឍ​ខុស​ដាច់​ពី​ទី​ជនបទ។

ទោះបី​ជា​បែប​នេះ​ក្តី មិនមែន​មានន័យ​ថា អ្វីៗ​នៅ​ក្នុង​ទីក្រុង​នីមួយៗ នៅ​ជុំវិញ​​​ពិភពលោក​​សុទ្ធតែ​​​​ល្អ​​ទាំង​អស់​នោះ​ឡើយ ពោល​គឺ​វា​នៅ​មាន​ចំណុច​ខ្វះ​ខាត​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ការ​ការអភិវឌ្ឍ​ បន្ថែម។ ប៉ុន្តែ The BNEWS សូម​លើក​យក​​ទីក្រុង​ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​បន្តិច​ហើយ ដើម្បី​ចែក​ជូន​ដល់​ប្រិយមិត្ត​ស្វែង​យល់​នៅ​ពេល​នេះ។

១) ទីក្រុង​​សិង្ហបុរី​ បាន​ជាប់​ចំណាត់ថ្នាក់​ជា​ទីក្រុង​ដែល​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ដែល​ក្នុង​នោះ​ទាំង​អាកាសយានដ្ឋាន អាងហែលទឹក អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម  សណ្ឋាគារ អាងហែលទឹក រោងភាពយន្ត ។ល។ ​មាន​បទដ្ឋាន​ខ្ពស់​ទំនើប​ជាងគេ។​

…៦​យ៉ាង​ដែល​អ្នក​មិន​ដឹង​ពី​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​​នៅ​ទូទាំង​ពិភពលោក…

២) ទីក្រុង Amsterdam របស់​ហុឡង់ដ៍​ ត្រូវ​​បាន​គេ​ចាត់ទុក​ថា ជា​ទីក្រុង​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ជិះកង់ និង​ ការ​ការពារ​បរិស្ថាន។ ៣៨% នៃ​ទីក្រុង​ទាំងមូល គឺ​ជា​កន្លែង​ជិះកង់​សុទ្ធសាធ​សម្រាប់​ប្រជាជន​ជិះ​ទៅ​ធ្វើ​ការ និង ជិះ​កម្សាន្ត។

៣) ទីក្រុង Bangalore ប្រទេស​ឥណ្ឌា ជាប់​ចំណាត់​ថ្នាក់​ជា​ទីក្រុង​ថ្មី​មួយ​ដែល​មាន​សក្ដានុពល​ខ្លាំង​លើ​វិស័យ ​បច្ចេកវិទ្យា​ដែល​បាន​ប្រាក់​ចំណូល​ដល់​ ១៧ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ខណៈ​ការ​វិនិយោគ​លើ​វិស័យ​នេះ​កំពុង​កើនឡើង​ទន្ទឹម​នឹង​គ្នា​នេះ។

៤) ទីក្រុង​ឡុង របស់​អង់គ្លេស​បាន​ជាប់​ចំណាត់ថ្នាក់​ជា​ទីក្រុង​ដែល​មាន​ឱកាស​​ផ្នែក​ សេដ្ឋកិច្ច​ខ្លាំង​ជាងគេ​នៅ​លើ​ពិភពលោក នេះ​​បើ​យោង​តាម​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន PrincewaterhouseCoopers។ ទីក្រុង​នេះ​គឺ​ជា​ចក្រ​ទ្វារ​ពិភពលោក ត្បិតអី​​ដែនដី​អាណាចក្រ​អឺរ៉ុប​មួយ​នេះ​មាន​អាកាសយានដ្ឋាន​អន្តរជាតិ​ធំៗ​ ចំនួន​៦។

៥) ទីក្រុង Helsinki របស់​ហ្វាំងឡង់​ បាន​ជាប់​ចំណាត់​ថ្នាក់​ជា​ទីក្រុង​ដែល​មាន​សេវាកម្ម​ដឹក​ជញ្ជួន​ល្អ​បំផុត​ ។ អ្នក​ដំណើរ​អាច​ធ្វើ​ដំណើរ​​តាម​គ្រប់​មធ្យោបាយ​ទៅ​កាន់​គ្រប់​ទីកន្លែង​​ ក្នុង​តម្លៃ​ថោក រហ័ស មាន​សុវត្ថិភាព និង ផាសុកភាព​ខ្ពស់។

…ប្រទេស​ទាំង​១០​ដែល​មាន​តម្លៃ​ប្រេង​ថោក និងថ្លៃ​ជាងគេ​នៅ​លើ​ពិភពលោក…

៦) ទីក្រុង ហុងកុង បាន​ជាប់​ចំណាត់​ថ្នាក់​ជា​ទីក្រុង​​ដែល​មាន​សំណង់​អគារ​ច្រើន​ជាងគេ​បំផុត​ នៅ​លើ​ពិភពលោក។ ទីក្រុង​ហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​របស់​អាស៊ី​មួយ​នេះ មាន​អគារ​ពាណិជ្ជកម្ម​ទំនើបៗ និង ខ្ពស់ៗ សរុប​ ១ ២៦៨ អគារ​ដែល​​គ្មាន​ទីក្រុង​ណាមួយ​អាច​ប្រៀបប្រដូច​បាន​ឡើយ។

៧) ទីក្រុង Vienna របស់​អូទ្រីស បាន​ជាប់​កំណត់ត្រា​ជា​ទីក្រុង​ដែល​មាន​គុណភាព​រស់នៅ​ល្អ​បំផុត​នៅ​លើ​ ពិភពលោក។ ​​ទីក្រុង​នេះ​​មាន​ប្រព័ន្ធ​ដឹក​ជញ្ជួន​ល្អ​ប្រសើរ មាន​សារមន្ទីរជាតិ​ដ៏​ទាក់ទាញ និង ​មាន​​សំណង់​នគរូបនីយកម្ម​ដ៏​ទំនើប​សម្រួល​ដល់​ការ​រស់នៅ​​របស់​ប្រជាជន​​ ប្រកប​ដោយ​​ផាសុកភាព​។​​

៨) ទីក្រុង Rio de Janeiro របស់​ប្រេស៊ីល​បាន​ក្លាយ​ជា​ទីក្រុង​​ឆ្លាតវៃ​ឈាន​មុន​មួយ ខណៈ​កំណើន​​​​ប្រជាពលរដ្ឋ​ប្រើប្រាស់​ Smartphones បាន​កើនឡើង​យ៉ាង​ផុសផុល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

៩) ទីក្រុង Medellin របស់​កូឡុំប៊ី​​បាន​ក្លាយ​ជា​ទីក្រុង​ថ្មី​លើ​ទំនើបកម្ម​ផ្នែក​​​សំណង់​ នគរូបនីយកម្ម​។ ជាក់​ស្តែង​​គម្រោង​សាងសង់​​អគារ​​ពាណិជ្ជកម្ម និង លំនៅឋាន​របស់​ប្រជាពលរដ្ឋ​កំពុង​​​ត្រូវ​បាន​រដ្ឋាភិបាល​គិតគូរ​​​ធ្វើ​ឲ្យ​ ទំនើប​ជាង​មុន​។

…ប្រទេស​ទាំង​១០​ ដែល​ចំណាយ​ប្រាក់​ច្រើន​បំផុត​សម្រាប់​វិស័យ​អប់រំ…

១០) ទីក្រុង Cape Town របស់​អាហ្វ្រិក​ខាងត្បូង​​ បាន​ជាប់​ចំណាត់​ថ្នាក់​ជា​ទីក្រុង​មាន​ប្រព័ន្ធ​ផ្គត់ផ្គង់​​ថ​ថាមពល​ អគ្គិសនី​ល្អ​ប្រសើរ ជា​ពិសេស​ការ​ទាញ​យក​ថាមពល​​ដែល​កើត​ឡើង​វិញ ដូច​ជា ថាមពល​ខ្យល់​ ពន្លឺព្រះអាទិត្យ និង​ ទឹក។​​

១១) ទីក្រុង Vancouver របស់​កាណាដា បាន​បង្កើត​​បេសកកម្ម​ដ៏​ធំ​​ធ្វើ​ឲ្យ​ទីក្រុង​​ទាំងមូល​​ក្លាយ​ជា​ទីក្រុង​ បៃតង​នៅ​ក្នុង​ឆ្នាំ​២០២០។ នៅ​ពេល​បច្ចុប្បន្ន ២០% នៃ​ការ​ផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រើប្រាស់​​បាន​​ធ្លាក់​ចុះ ខណៈ​​​ដែល​ប្រជាពលរដ្ឋ ៤១% ​នៅ​ក្នុង​ទីក្រុង​ទាំងមូល​សម្រេចចិត្ត​ជិះកង់ ឬ ដើរ​ទៅ​ធ្វើ​ការ។

១២) ទីក្រុង Santiago ប្រទេស​ឈីលី​ បាន​ក្លាយ​ជា​​ទីក្រុង​មួយ​ដែល​មាន​​អត្រា​អំពើ​ពុករលួយ​ទាប​ជាង​ប្រទេស​ណាៗ ​ទាំងអស់​នៅ​ទ្វីប​អាមេរិក​ខាងត្បូង រួម​ទាំង​ការ​ដាក់​បាវចនា​ថ្មី​សម្រាប់​ទីក្រុង​ទាំងមូល​ថា Start-Up Chile ឬ ឈីលី​ជា​​កន្លែង​​ធ្វើ​អាជីវកម្ម ដែល​គេ​ចាត់ទុក​ថា ជា​​វិថី​សម្រាប់​យុវជន និង ​អ្នក​វិនិយោគ​​មក​ពី​ជុំវិញ​ពិភពលោក។

…ប្រទេស​១០ដែល​កំពុង​​​ត្រដរខ្យល់​​ជិត​ក្ស័យធន​ក្នុង​ឆ្នាំ​២០១៤…

១៣) ទីក្រុង Dubai របស់​អារ៉ាប់រួម ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ ជា​ទីក្រុង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​លើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ក្នុង​នោះ​អគារ​ខ្ពស់​​ជាងគេ​បំផុត​នៅ​លើ​លោក​គឺ​ Burj Khalifa ក៏​មាន​វត្តមាន​​នៅ​ក្នុង​ទីក្រុង​នេះ​ដែរ។​​​

១៤) ទីក្រុង តូក្យូ របស់​ជប៉ុន​ ត្រូវ​​បាន​គេ​ចាត់ទុក​ថា ជា​​ទីក្រុង​​មាន​ប្រព័ន្ធ​ពាណិជ្ជកម្ម​ទំនើប​​​ជាង​​គេ​​នៅ​លើ​ពិភពលោក​កាល ​ពី​ឆ្នាំ​២០១០។

១៥​) ទីក្រុង Munich របស់​អាល្លឺម៉ង់ ​កំពុង​ស្ថិត​នៅ​ក្នុង​គំនិត​ផ្ដួចផ្ដើម​ឲ្យ​ក្លាយ​ទៅ​ជា​ទីក្រុង​មាន​ថាមពល ​ប្រើប្រាស់​ដោយ​ចីរភាព​ទាំងស្រុង​នៅ​ក្នុង​ឆ្នាំ២០២៥ ខាងមុខ ហើយ​នៅ​ពេល​បច្ចុប្បន្ន​​នេះ គម្រោង​​​សម្រេច​បាន​​​​ ៣៧%​ ហើយ។

…១០ចំណុច​ដែល​អ្នក​ត្រូវ​ដឹង​ ពី​​ទីផ្សារ​មាស​នៅ​ជុំវិញ​ពិភពលោក…

១៦) ទីក្រុង ​សេអ៊ូល​ប្រទេស​កូរ៉េខាងត្បូង​ កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ជា​ទីក្រុងស្អាត​ជាងគេ​​​ក្នុង ចំណោម​ទីក្រុង​ឆ្លាតៗ​ជាងគេ​បំផុត​ទាំង​១០​​ នៅ​លើ​ពិភពលោក។ ជាក់​ស្តែង ម៉ាស៊ីន GPS ​២៥ ០០០គ្រឿង ​ត្រូវ​បាន​ដាក់​បំពាក់​លើ​រថយន្ត​តាក់ស៊ី​ ​ដើម្បី​ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ៕

ប្រែសម្រួល៖ ខេវិន​​

ប្រភព៖​ Businessinsider

Urban Voice Cambodia

Urban Voice Cambodia